វត្តមានតារាសិល្បៈប្រមាណជាង១០រូប សិល្បករជាង១០រូប នៅលើទឹកដីសុរិន្ទ ត្រូវគេកត់សម្គាល់ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសែស្រឡាយព្រះរាជវង្ស និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសគឺពីថ្នាក់ដឹកនាំជាន់ខ្ពស់ថៃ ដែលជាម្ចាស់ផ្ដើមបុណ្យ។ ការបង្ហាញខ្លួនរបស់សិល្បករសិល្បការិនីទាំងនេះ គឺបន្ទាប់ពីមានការអញ្ជើញពីអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលជាបុត្រីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងសារាវ័ន្ត និងក្សត្រីយ៍ នរោត្តម រង្សី ច័ន្ទតារា ដែលជាព្រះរាជវង្សខ្មែរមួយអង្គមានកិត្តិយសនៅក្នុងប្រទេសថៃ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា សិល្បករដែលបានបង្ហាញខ្លួនក្នុងដំណើរផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទនោះ រួមមាន អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំគ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណៈ តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, លោក សាយ័ណ្ណ ម្ចាស់សម្អាងការមរកតមង្គលនៅផ្សារតាខ្មៅថ្មី អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង និងក្រុមការងារគ្រួសាររតារាកម្ពុជា ផ្នែកផ្សព្វផ្សាយ និងអ្នកយកព័ត៌មានសរុបចំនួន១២រូប។ លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា និងក្រុមព្រះញាតិវង្ស បានយកចិត្តទុកដាក់ចំពោះអ្នកសិល្បករខ្មែរ ដោយក្រៅពីបានយកចិត្តទុកដាក់ទាំងការជូនក្រុមការងាររបស់លោកធ្វើទស្សនកិច្ចក្នុងតំបន់មួយចំនួននៅសុរិន្ទ ក៍ផ្ដល់មហាកិត្តិយស ដល់អ្នកសិល្បករទាំងអស់ ក្នុងពិធីកឋិនទានដែលម្ចាស់ក្សត្រីបានរួមចំណែកផ្ដើមបុណ្យ អោយថ្នាក់ដឹកនាំថៃបានស្គាល់ និងបានស្វាគមន៍ដល់តារារបស់ខ្មែរនោះផង។
ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា បានបន្តថា ដោយសារពិធីនេះ ជាកឋិនទ្រង់ទ្រាយធំនៅសុរិន្ទ ទើបព្រះអង្គម្ចាស់ក្សត្រីយ៍ យាងម្ចាស់ប្អូនជីដូនមួយរបស់ព្រះនាង ដែលជាព្រះញាតិវង្សត្រកូលអង្គឌួង អោយអញ្ជើញតារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា មកលេង និងតែងបុរាណ អោយជនជាតិថៃបានឃើញ។ ម្ចាស់ក្សត្រីយ៍បន្ត ពិធីនេះមានការចូលរួមដោយព្រះញាតិវង្សខ្មែរ និងថៃ រួមទាំងថ្នាក់ដឹកនៃប្រទេសទាំង២យ៉ាងច្រើនកុះករ ខណៈដែលម្ចាស់ផ្ដើមបុណ្យ និងប្រជាជនខ្មែរសុរិន្ទ នៅក្នុងប្រទេសថៃសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញអ្នកសិល្បៈខ្មែរ ចូលរួម។
































































