ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា នឹងបង្ហាញខ្លួនក្នុងអង្គកឋិនទានធំមួយ នៅខេត្តសុរិន្ទ

0

នៅថ្ងៃទី២៦ តុលា ក្នុងឆ្នាំ២០១៩ អង្គកឋិនទានធំមួយនៅវត្តវត្តខូកឆុមបរមជិនដា ស្ថិតក្នុងភូមិខូកឆុម ឃុំខូកយ៉ាង ស្រុកប្រាសាទ ខេត្តសុរិន្ទ ត្រូវគេឃើញមានការប្រកាសឡើងពីឈ្មោះអ្នកផ្ដើមបុណ្យ សុទ្ធតែជាព្រះញាតិវង្ស និងសែស្រឡាយថ្នាក់ដឹកនាំនៅកម្ពុជាទាំងអស់។ ក្នុងនោះព្រះអង្គក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលត្រូវគេស្គាល់ថា ជាបុត្រីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងសារាវ័ន្ត និងមហេសី ព្រះនាម នរោត្តម រង្សី ច័ន្ទតារា នោះក៏ជាអ្នកផ្ដើមបុណ្យធំមួយរូបផងដែរ។

ព្រះអង្គម្ចាស់ក្សត្រី បានថ្លែងប្រាប់អ្នកសារព័ត៍មានយើងថា ដោយសារតែព្រះអង្គម្ចាស់ក្សត្រីមានស្វាមីជាជនជាតិថៃ ហើយរស់នៅទឹកដីសុរិន្ទជាយូរមកហើយ ទើបព្រះអង្គក្សត្រីទទួលធ្វើកឋិនជាទ្រង់ទ្រាយធំមួយនេះ ដើម្បីប្រមែរប្រមូលព្រះញាតិវង្សត្រកូលស៊ីសុវត្ថិ នរោត្តម និងអង្គឌួង ដែលបែកគ្នាយូរអោយមកធ្វើបុណ្យកឋិននេះរួមគ្នា។ ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា ប្រធានអង្គកឋិនទានដ៏ធំមួយនេះ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សុចិត្រា និងអ្នកម្នាង រីថា ជាប្រធាន និងមានការចូលរួមពីម្ចាស់ដើមទានមួយចំនួនផ្សេងទៀតដូចជាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អការៈមេស៊ូន ម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោមាកត្ថរីកា លោកជំទាវ ម៉ៅ ម៉ាល័យ កែវគឹមយ៉ាន និងម្ចាស់ដើមទានមួយចំនួនផ្សេងទៀត។ ក្នុងពិធីនេះអ្នកអង្គម្ចាស់ក្សត្រីយ៍ ក៏បានយាង និងអញ្ជើញភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ពីភ្នំពេញ និងបងប្អូនខ្មែរជាញាតិជាច្រើនទៀត ដើម្បីចូលរួមផងដែរ។

ម្ចាស់ក្សត្រីបន្តថា កម្មវិធីនេះ ក៏មានវត្តមានចូលរួមពីក្រុមសិល្បករចាស់ក្មេងរបស់គ្រួសារតារាកម្ពុជា មកចូលរួមជាកិត្តិយសផងដែរ ដោយសិល្បករទាំងនោះ គឺមកចូលរួមធ្វើបុណ្យកុសល ដើម្បីទៅទទួលចំណែកបុណ្យរៀងៗខ្លួន។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីអង្គកឋិននោះគឺជាការរួមធ្វើដោយព្រះញាតិវង្ស និងពុទ្ធបរិស័ទកម្ពុជា ទ្រង់ទ្រាយធំលើទឹកដីថៃ ទើបគ្រួសារតារាកម្ពុជាសហការគ្នាដឹកនាំសិល្បករមួយក្រុមទៅធ្វើបុណ្យផង និងទៅផ្សព្វផ្សាយវប្បធម៌ផង ដោយរៀបចំអោយសិល្បករដែលចូលរួមទងគ្រងឈុតបុរាណខ្មែរ ក្នុងអង្គកឋិនទាន។ លោកថាសិល្បករ១២រូប មានចាស់មានក្មេង បានត្រៀមរួចហើយ សម្រាប់ចូលរួមពិធីកឋិនដ៏ធំរបស់ខ្មែរ នៅខេត្តសុរិន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here