កាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ ប៉ុស្តិ៍លេខ៥ ដែលមានក្រុមផលិតករថៃ ចូលរួម បានប្រកាសក្រុងពាលីចេញថតរឿង”និស្ស័យខ្លុយស្នេហ៍” ដោយគ្រោងនឹងផលិតអោយរួចរាល់ ដើម្បីដាក់បញ្ចាំងនៅពាក់កណ្ដាលឆ្នាំក្រោយ។ នេះជាភាពយន្តភាគដែលប៉ុស្តិ៍លេខ៥ រំពឹងយ៉ាងខ្លាំងថានឹងទទួលការគាំទ្រខ្ពស់ ដោយសារតែជាសាច់រឿង ឆ្លុះបញ្ចាំងពីសម័យបុរាណនៅក្នុងនោះ។
លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតប្រចាំនៅប៉ុស្តិ៍លេខ៥ បញ្ជាក់ថា ភាពយន្តរឿង”និស្ស័យខ្លុយស្នេហ៍” មានជាង៣០ភាគ ដោយចំណាយការថតប្រមាណ៣ខែ កាត់ត៣ខែ និងត្រូវផលិតអោយបានរួចរាល់នៅ៦ខែក្រោយ។ លោកថាភាពយន្តនេះដ្បិតថាជាការទិញសិទ្ធិពីភាពយន្តថៃ ប៉ុន្តែសម្រាប់សាច់រឿង និងប្លង់ទាំងមូល គឺក្រុមផលិតបានក្រឡៃច្នៃប្រឌិត អោយក្លាយជាលក្ខណៈខ្មែរផងដែរ។ លោកថាប៉ុស្តិ៍លេខ៥ នឹងមានគោលការណ៍ទិញសិទ្ធិពីថៃតែឆ្អឹងរឿងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ារ៉ូល ប្លង់ និងការតុបតែងជាដើម គឺធ្វើអោយក្លាយជារបស់ខ្មែរទាំងអស់។

នៅក្នុងភាពយន្តនេះ ក៏ឆ្លុះបញ្ចាំងពីគ្រួសារខ្មែរចៅចិន និងគ្រួសារខ្មែរ នៅក្នុងសម័យកាលមួយ ដែលធ្លាប់កើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងភាពយន្តទងមូល ក៏ជម្រើសយកតារាសម្ដែងជើងចាស់ និងជើងថ្មី ដើម្បីអោយតួអង្គខុសជំនាន់គ្នាច្រើននាក់ បានបង្ហាញសមត្ថភាពរួមគ្នាផងដែរ៕







































