ភឹម តារាវិបុល បង្ហាញបទពិសោធន៍ក្នុងមហោស្រពភាពយន្តចិន

0

តារាសម្ដែងលោក ភឹម តារាវិបុល ដែលជាតួសម្ដែងមួយរូបក្នុងរឿង”ណូលីណូឡា” ត្រូវបានអញ្ជើញទៅកាន់ព្រឹត្តិការណ៍មហោស្រពភាពយន្ត លើកទី៦ ដែលមានឈ្មោះថា Silk Road Film Festival នៅខេត្តសៀងមិញ ប្រទេសចិន ដោយទើបតែវិលមកដល់កម្ពុជា កាលពីថ្ងៃទី២១ តុលា មុននេះប៉ុណ្ណោះ។ លោកត្រូវបានអញ្ជើញក្នុងក្រុមផលិតកម្មមហាហង្ស ដឹកនាំដោយលោក អ៊ិន សុភិន ដោយលោកបានរៀបរាប់ពីបរិយាកាសជាច្រើននៅពេលទៅដល់។

លោក ភឹម តារាវិបុល បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសចិនលោក និងប្រតិភូ របស់ផលិតកម្មមហាហង្សទាំងអស់ រួមមាន រូបលោក លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម និងអ្នកនាង ភិន សុដាលីស ជាដើម ទទួលបានការស្វាគមន៍យ៉ាងខ្លាំងតាំងពីថ្ងៃចុះពីព្រលានយន្តហោះ ប៉ុន្តែលោកថាសម្រាប់សេរីភាពក្នុងការដើរកម្សាន្ត នៅពីក្រោយមហោស្រពភាពយន្ត គឺមិនមានតែម្ដង បើប្រៀបធៀបនឹងឱកាសធ្លាប់តំណាងជាតិទៅកាន់ប្រទេសផ្សេងៗ។ លោកនិយាយថានៅក្នុងប្រទេសចិនអត់មានអ៊ីនធឺណិតសម្រាប់ប្រើទូលំទូលាយទេ គឺការទំនាក់ទំនងគ្នាស្ទើរតែត្រូវបានបិទ សម្រាប់បណ្ដាភ្ញៀវទេសចរណ៍ដែលទៅស្នាក់នៅរយៈពេលខ្លី ហើយមិនប្រើស៊ីមកាតប្រទេសចិន។ ជនជាតិចិនភាគច្រើន ក៏មិនសូវនិយមប្រើភាសាអង់គ្លេសនោះដែរ ទើបជាការពិបាកបំផុតសម្រាប់ការទំនាក់ទំនង គឺចង់ទៅណាមកណាខុសពីគោលដៅកំណត់។ លោកនិយាយថាតាំងពីទៅដល់ចិន រហូតដល់ថ្ងៃត្រលប់មកកម្ពុជា គឺទងលោក និងប្រតិភូគ្រប់រូបសុទ្ធតែមានរថយន្តជូនទៅមក និងមានអ្នកបកប្រែនៅជាប់ម្នាក់ ដោយអ្នកនាំផ្លូវទាំងនោះ ដឹងតែពីជូនលោកទៅកម្មវិធី ទៅកន្លែងបាយ និង កន្លែងគេង អត់មានព្រលែងអោយដើររហូតរហូតទេ ទើបទៅកម្មវិធីច្រើនថ្ងៃតែលោក និងក្រុមការងារស្ថិតតែក្នុងរង្វង់ការងារ។

លោក ភឹម តារាវិបុល ពោលថា នៅចិនប្រតិភូពីកម្ពុជា ទទួលបានការស្វាគមន៍ដូចថ្នាក់ដឹកនាំប្រទេសមួយរូប ហើយលោកសប្បាយចិត្តយ៉ាងខ្លាំង បើទោះជាមិនមានសេរីភាពក្នុងការដើរកម្សាន្ត។ ក្នុងនោះលោកក៏មិនអន់ចិត្តដែរ ដែលភាពយន្តរឿង”ណូលីណូឡា” មិនទទួលបានពាន ឬ រង្វាន់ណាមួយ ដោយលោកមានតែមោទនភាព ដែលភាពយន្តនេះ ត្រូវបានពិភពលោកដាក់បង្ហាញក្នុងចំណោមភាពយន្តល្បីៗមកពីទូទាំងពិភពលោក។ លោកបញ្ជាក់ថា ថ្វីបើមិនជាប់លេខ តែភាពយន្តរបស់កម្ពុជាមួយនេះ ក៍មានផលិតករច្រើនប្រទេសចាប់អារម្មណ៍ និងទទួលស្គាល់ ជាពិសេសផលិតករចិន ដោយក្នុងមួយថ្ងៃ លោក និងប្រតិភូមហាហង្ស ត្រូវសារព័ត៌មានចិនសុំសម្ភាសន៍ហើយផ្សាយក្នុងស្ថាប័នព័ត៌មានចិនធំៗគួរជាទីមោទនៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here