លន់ ស៊ីឡូ បន្តសម្រេចក្ដីសុបិន្ត

0

បន្ទាប់ពីបានបម្រើការបុគ្គលិកអោយហាងស្រាក្រឡុកអស់រយៈពេលច្រើនឆ្នាំ តារាចម្រៀងលោក លន់ ស៊ីឡូ មិនត្រឹមសន្សំជំនាញក្រឡុកស្រាអោយស្ទាត់ជំនាញប៉ុណ្ណោះ។ លោកក៏បានបន្តតំណែងបើកហាងស្រាក្រឡូកបន្តពីថៅកែក្រោយពីថៅកែបញ្ចប់កុងត្រាឈប់ចង់បន្តជំនាញនៅក្នុងហាងនៅម្ដុំផ្សារសុរិយានោះផង។ អ្វីដែលបានស្ដែងឡើង គឺលោកបានសម្រេចបំណងរបស់ខ្លួន ដោយបានបោះទុនបើកហាងស្រាក្រឡុកមួយផ្សេងទៀតនៅផ្សារជេតកុងតឺណឺកាលពីថ្មីៗនៅជិតកោះពេជ្រ។

លោកថាហេតុផលដែលនាំអោយលោកហ៊ានបោះទុនបើកជំនួញមួយនោះ គឺដោយសារតែស្ទាត់ជំនាញស្រាក្រឡុកស្រាប់ ហើយមិនភ័យរឿងចំណាយជួលអ្នកអាជីពមកបម្រើការប្រចាំហាង ដែលនាំអោយលោកខាតបង់។ ហាងដែលលោកគ្រោងប្រើយីហោថា«Happy Night Time»នេះ ត្រូវបានប្រកាសបើកសម្ពោធរួចហើយ ដោយក្នុងពិធីបើកសម្ពោធនោះ លោកមិនធ្វើពិធីធំដុំទេ សូម្បីតែតារាសិល្បៈក៏មិនបានអញ្ជើញច្រើនដែរ។

លោកថាហេតុផលដែលនាំអោយលោកសម្រេចចិត្តបើកហាងបន្ថែមមួយទៀត គឺបណ្ដាលមកពីហាងចាស់ដែលលោកបានគ្រប់គ្រងបន្តពីអតីតថៅកែ ភរិយារបស់លោកអាចគ្រប់គ្រងបាន និងបណ្ដាលមកពីលោកចង់ពង្រាយសមត្ថភាពក្រឡុកស្រារបស់លោកនៅម្ដុំផ្សារជេតកុងតឺណឺវិញម្ដង ដើម្បីបន្ថែមប្រាក់ចំណូល។ បើទោះជាហាងរបស់លោកត្រូវប្រឈមជួលហាងក្នុងតម្លៃមួយខ្ពស់ តែលោកមានជំនឿយ៉ាងមុតមាំថានឹងបានទទួលផលចំណេញ ដោយសារតែលោកចេះជំនាញក្រឡុកស្រាខ្លួនឯង ហើយក៏អាចក្រឡុកបានស្រាតាមបែបបរទេសច្រើនប្រភេទ ដែលអាចអោយលោកទាក់ទាញភ្ញៀវបានច្រើនដោយមិនលំបាក។ លោកថាមុខរបរថ្មីនេះ នឹងធ្វើអោយលោកបាត់បង់ឱកាសបន្តការងារសិល្បៈ តែក៏មានន័យថា នឹងធ្វើអោយលោកបានក្លាយជាថៅកែផ្ទាល់ខ្លួន ដើម្បីពង្រឹងជីវភាព និងជំនាញផងដែរ។

លោក លន់ ស៊ីឡូ បញ្ជាក់ថាលោកនៅតែមានជំហរបន្តចេញបទចម្រៀងផ្ទាល់ខ្លួន ប៉ុន្តែបើលោកលេចមុខលេចមាត់អោយស៊ប់ នោះមិនអាចទេ ពិសេសក្នុងពេលដែលលោកទើបក្លាយជាម្ចាស់ហាងផឹកស៊ីនៅផ្សារជេតកុងតឺណឺនេះ។ លោកប្រកាសពង្រឹងមុខរបស់ទាំងពីរអោយមានចរន្តព្រមគ្នា បើទោះជាក្នុងពេលខាងមុខ ភរិយារបស់លោកនឹងជាប់រវល់សម្រាលបុត្រ ដែលបង្ខំអោយលោកត្រូវមើលខុសត្រូវទាំងហាងស្រាក្រឡុកនៅជិតផ្សារសុរិយា និងនៅជេតកុងតឺណឺ តែម្នាក់ឯង។ យ៉ាងណាមិញ លោកថាមិនបោះបង់សកម្មភាពចូលរួមក្នុងសកម្មភាពសប្បុរសធម៌នោះទេ ដោយសារតែនោះក៏ជាចំណូលចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here