នៅទីបំផុត ភាពយន្តរឿង«Gemini Man » ដ៏ល្បីល្បាញរបស់ពិភពលោក ដែលមានសាច់រឿងបង្ហាញពីការបង្កាត់ពូជ ឬ បង្កើតថ្មី ឲ្យដូចម្ចាស់ដើមបេះបិទ ដែលភាសាជីវវិជ្ជាហៅថាក្លូននោះ បានមកដល់កម្ពុជាហើយ ដោយវត្តមានភាពយន្តស្ដីពីការក្លូនមនុស្សនេះ សុទ្ធតែធ្វើឲ្យម្នាក់ៗស្លុងអារម្មណ៍នឹងតួអង្គកូនភ្លោះ ដែលសម្ដែងដោយ កំពូលតារាសម្ដែងហូលីវូដ លោក វីលស្មីត ( Will Smith )។
ក្នុងសាច់រឿងទាំងមូលដែលបានបង្ហាញក្នុងពិធីបើកសម្ពោធផ្លូវការកាលពីល្ងាចថ្ងៃទី១០ តុលា ឆ្នាំ២០១៩ នៅរោងកុនផ្សារទំនើបអុីអន១ តួអង្គ Henry Brogan ដែលសម្ដែងដោយ លោក វីលស្មីត គឺជាឃាតករដ៏ប៉ិនប្រសប់ ខណៈដែលភាពឥតខ្ចោះរបស់លោក ទើបបណ្ដាលអោយអ្នកវិទ្យាសាស្ត្រយក DNA សារីរាង្គរបស់លោក ទៅក្លូនជាមនុស្សម្នាក់ទៀត ដែលសម្ដែងដោយលោកដដែល តែតម្រូវអោយតួអង្គភ្លោះទាំងពីរមានវ័យខុសគ្នាប្រមាណ៣០ឆ្នាំ។
នេះជាភាពយន្ដ ដែលដឹកនាំសម្ដែងដោយម្ចាស់ពានរង្វាន់អូស្ការជាច្រើនរឿងគឺលោក Ang Lee ក្រោមការសហការផលិតជាមួយផលិតករភាពយន្ដធំៗផ្សេងទៀតដូចជា លោក Gerry Bruckheimer, លោក David Ellison,លោក Dana Goldberg and លោក Don Granger។ យោងតាមសារព័ត៌មានកម្សាន្ដបរទេស លោក Ang Lee បានប្រាប់ឱ្យដឹងថា ភាពយន្ដនេះមិនមែនជារឿងដែលងាយស្រួលក្នុងការផលិតនោះទេ ពិសេសឈុតឆាកដែលតួអង្គតែម្នាក់ត្រូវថតជាមួយគ្នា ហើយតម្រូវឲ្យធ្វើដូចជាតួអង្គ២នាក់សម្ដែងក្នុងពេលតែមួយ។ យ៉ាងណាក៏ដោយ លោកបានសម្ដែងការអរគុណចំពោះបច្ចេកវិទ្យាសម័យថ្មី ដែលអាចធ្វើឱ្យលោកអាចបង្កើត ឬ ក្លូនតួអង្គ Will Smith បានជាច្រើននាក់ ដោយមានភាពស្រដៀងគ្នា ក៏ប៉ុន្ដែមិនដូចគ្នា។
កំពូលតារាសម្ដែងអន្ដរជាតិ Will Smith ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានបរទេសថា ការសម្ដែងក្នុងខ្សែភាពយន្តនេះ ប្រឈមទាំងផ្នែករាងកាយ និងផ្លូវចិត្ត ពិសេសគឺផលវិបាកក្នុងប្លង់នីមួយៗតែម្ដង។ លោកថា អ្នកដឹកនាំរឿង Ang Lee បានធ្វើឱ្យអ្នកទស្សនាដកនូវបទពិសោធន៍ថ្មីសន្លាងនៅក្នុងរោងកុន ដែលខុសប្លែកពីភាពយន្ដដ៏ទៃ។ ខ្សែភាពយន្តនេះមិនមែនគ្រាន់តែជាខ្សែភាពយន្តវាយតប់បាញ់ប្រហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការស្វែងរកឯកលក្ខណៈថ្មីនៃភាពយន្ដ ពីការក្លូនមនុស្ស ដែលគេមិនបានចាប់អារម្មណ៍ផងដែរ។ លោកថា ផលិតករអោយលោកសម្ដែងជា មនុស្សវ័យ ៥១ឆ្នាំផង ជាកំលោះអាយុ ២៣ ឆ្នាំផង។ បច្ចេកទេសទាំងការ Mak Up បិទបាំង និងបច្ចេកវិទ្យាទំនើប បានក្លូនតួអង្គលោកអោយក្លាយជាមនុស្សពីរផ្សេងគ្នា ដែលមើលទៅហាក់បីដូចជា មនុស្សពីរនាក់មកសម្ដែងពិតៗ។
កាន់តែជាក់ច្បាស់ពីសាច់រឿងល្អមើល «Gemini Man » ប្រហោងពោះដល់កម្រិតណានោះ សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្ដ Major Cineplex By Smart គ្រប់សាខាពីថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 នេះតទៅហើយ!!៕



