ប្រឡូកសិល្បៈជាង៣ឆ្នាំ តារាសម្ដែង ណាផាត់ ប្រាប់មូលហេតុ មិនទាន់ល្បី

0

ក្នុងពិធីខួបកំណើតកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក តារាសម្ដែងវ័យ២៤ឆ្នាំ លោក សួស វិសាល ហៅ ណាផាត់ បានអះអាងថាខ្លួនប្រឡូកសិល្បៈមិនតិចជាង៣ឆ្នាំនោះទេ ខណៈដែលលោកប្រាប់ថា មិនតូចចិត្តទេដ្បិតថាមិនទាន់ល្បី។ យ៉ាងណាមិញ លោកបានទម្លាយពីមូលហេតុសំខាន់មួយ ដែលធ្វើអោយលោកមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំលេង ដោយមិនមែនខ្វះការគាំទ្រនោះទេ។

លោក សាណាផាត់ ដែលអះអាងថាទើបតែហ៑ានចំណាយធនធានធ្វើខួបលើកដំបូង ក្រោយប្រឡូកសិល្បៈរូបនេះ បន្តថា រយៈពេល៣ឆ្នាំជាងដែលលោកចូលសម្ដែង លោកទទួលបានឱកាសថតបានរឿងខ្លី និង MV ជាច្រើន ខណៈដែលភាពយន្តខ្នាតធំ និង ភាពយន្តភាគទូរទស្សន៍ក៏មានគេហៅថតច្រើន។ យ៉ាងណាមិញលោកថា ខ្លួនមិនដែលបានទទួលថតភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះ ដោយសារតែលោកមានការងារពេញម៉ោងមួយ ដែលពិបាកសុំច្បាប់ច្រើនថ្ងៃ។ លោកទទួលថតតែការសម្ដែងណា ដែលប្រើពេលមួយថ្ងៃ ឬ តិចថ្ងៃប៉ុណ្ណោះ ខណៈដែលការងារត្រូវថតខេត្តឆ្ងាយ ក៏លោកមិនសូវបានទទួល។ លោកថានេះជាហេតុផលប្រឡូកសិល្បៈមិនសូវល្បី ប៉ុន្តែក៏មានស្នាដៃសម្ដែងច្រើននាពេលចុងក្រោយផងដែរ ទើបមានទំនាក់ទំនងច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាៗរៀមច្បង។

លោក សា ណាផាត់ បន្តថា បើលោកកុំចូលសិល្បៈលេងៗ និងលិបល គឺសន្ទុះទីផ្សារនឹងមានច្រើនណាស់ ស្របគ្នាដែលលោកក៏ស្គាល់ផលិតករ ហើយត្រូវបានផលិតករទាក់ទងអោយថតរឿងជាហូរហែរ តែទទួលមិនបានដោយសារជាប់ការងារ។ យ៉ាងណាមិញលោកអះអាងថានឹងប្ដូរការងារដែលមានពេលវេលាជាងនេះ ឬអាចឈប់ការងារដែលប៉ះពាល់តែម្ដង ដើម្បីអាចប្រឡូកសិល្បៈ អោយបានស៑ប់។ ដោយឡែកសម្រាប់ពិធីខួបកំណើត កូនច្បងក្នុងគ្រួសារដែលមានស្រុកកំណើតនៅខេត្តក្រចេះរូបនេះ បញ្ជាក់ថាគ្រោងធ្វើតែ១០តុប៉ុណ្ណោះ ប៉ុន្តែដោយសារតែការអាណិតស្រលាញ់ តារាសិល្បៈ និងភ្ញៀវកិត្តិយស ចូលរួមលើសតុច្រើន ដល់ថ្នាក់រៀបចំតុទទួលមិនទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here