បវរកញ្ញាភពផែនដី រកឃើញបេក្ខនារី២៥រូប ត្រៀមបើកការប្រកួត

0

កាលពីរសៀលថ្ងៃទី២ តុលា ឆ្នាំ២០១៩ គណកម្មការការប្រកួតបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia 2019 បានបើកសន្និសីទកាសែតជម្រើសយកបេក្ខនារី២៥រូបរបស់ខ្លួន ដើម្បីទៅបន្តការប្រកួតផ្លូវការ។ បេក្ខភាពដែលជម្រើសបានទាំង២៥រូបនោះ មិនត្រឹមតែឆ្លងកាត់ការវិនិច្ឆ័យលើរូបសម្រស់តែមួយមុខទេ ក៏ត្រូវឆ្លើយសំនួរអោយបានសមស្របពីគណកម្មការផងដែរ។

ការប្រកួតដែលមានបេក្ខនារីជាច្រើនដាក់ពាក្យមួយនេះ គឺជាលើកទី២ហើយដែលកម្ពុជា ក្រោមការរៀបចំរបស់កញ្ញា រំដួលលិចទឹក បន្ទាប់ពីទទួលបានសិទ្ធិបានសិទ្ធិ ពីគណកម្មការ Miss Planet International។ គណកម្មការដែលចូលរួមកាត់ក្ដីនៅក្នុងវេទិកានោះរួមមាន កញ្ញា រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia, អ្នកស្រី ហាលីមីន អគ្គនាយិកា Miss Planet International, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត , កញ្ញា រីចំណាន កល្យាណ បវរកញ្ញាភពផែនដីឆ្នាំ២០១៩ និង តំណាងក្រុមហ៑ុនជាស្ពុនស័រ។ បេក្ខនារីដែលជាប់ទាំង២៥នាក់ នឹងដំណើរការប្រកួតច្រើនដំណាក់កាល ដោយនៅថ្ងៃទី២៨ តុលា គឺជាការប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកម្ចាស់មកុដ។

កញ្ញា រំដួលលិចទឹក បានថ្លែងបញ្ជាក់ថា កម្មវិធីបវរកញ្ញាភពផែនដី គឺកម្មវិធីប្រកួតបវរកញ្ញា ដែលបង្កើតឡើងដោយជនជាតិកម្ពុជា គឺអ្នកស្រី ហាលីមីន ដោយកម្មវិធីនេះទទួលបានជោគជ័យម្ដងហើយ កាលពីឆ្នាំទី១ ទើបសម្រេចរៀបចំក្នុងឆ្នាំទី២។ កញ្ញាថាការជម្រើសយកបេក្ខនារីកម្ពុជា នៅក្នុងពេលនេះ គឺដើម្បីស្វែងរកតំណាងកម្ពុជាមួយរូប ទៅប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនៅដើមឆ្នាំ២០២០ខាងមុខ ដែលក្នុងឆ្នាំនេះកម្ពុជា ក៏នៅតែជាម្ចាស់ផ្ទះដដែល។ ការប្រកួតនៅក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខនារីច្រើនជាងឆ្នាំមុន ហើយស្ទើរតែគ្រប់ខេត្តក្រុងផង។ កញ្ញាថា នេះគឺជាមោទនភាពដែលកម្ពុជាមានការប្រកួតបវរកញ្ញា ហើយមានប្រទេសជាច្រើនបញ្ជូនបេក្ខនារីមកប្រកួត៕

LEAVE A REPLY

Please enter your comment!
Please enter your name here