កូនកាត់ខ្មែរ-ភូមា ឡេ ឆៃលីម មានមហិច្ឆតាខ្លាំងក្នុងសិល្បៈ

0

ប្រឡូកសិល្បៈតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែតារាសម្ដែងវ័យ២០ឆ្នាំ កញ្ញា ឡេ ឆៃលីម ហៅ សុីងសុីង ទទួលបានឱកាសលេចមុចលេខមាត់ខ្លាំងក្លាតែម្ដង ដោយសារតែនាងក្រៅពីមានរូបសម្រស់ស្រស់សោភាជានារីកូនកាត់ ក៏មានសមត្ថភាពខ្ពស់ ខុសឆ្ងាយពីអ្នកប្រឡូកសិល្បៈថ្មីៗ។ នាងប្រកាសពីមហិច្ឆតាចង់ក្លាយជាតារាល្បី ក្រោយពីមានការគាំទ្រនេះផង។

កញ្ញា ឡេ ឆៃលីម បញ្ជាក់ថា កញ្ញាត្រូវបានផលិតករហៅសម្ដែង បន្ទាប់ពីឃើញរូបសម្រស់ នុងកាន់តែបន្តផ្ដល់ឱកាសឲ្យសម្ដែងបន្តបន្ទាប់ទៀត ក្រោយពីនាងទើបចូលសិល្បៈក៏ពិតមែន ប៉ុន្តែចង់ឲ្យសម្ដែងតួអ្វីក៏នាងលេងបាន។ មិនថាតួស្លូត តួកាច ឬ នារីសុិចសុី នាងអាចសម្ដែងបានដោយមិនលំបាកនោះទេ ដោយសារតែនាងតាមមើលការសម្ដែងរបស់តារារៀមច្បងគ្រប់រូប ហើយតែងត្រាប់តាម។ នាងថាខ្លួនយកទូរទស្សន៍ និងការសម្ដែងរបស់តួគ្រប់ប្រភេទធ្វើគ្រូជាធំ ទើបក្នុងពេលផលិតករអោយនាងថតស្ពត ឬ សម្ដែងអ្វីមួយ គ្រាន់តែប្រាប់ក៏អាចទៅរួច។ យ៉ាងណាមិញ នាងក៏នៅត្រូវការបទពិសោធន៍ និងការហ្វឹកហាត់ជាច្រើនផ្សេងទៀតផងដែរ ដើម្បីពង្រឹងសមត្ថភាព។

កញ្ញា ឡេ ឆៃលីម បញ្ជាក់ថា ជំហានហក់ចូលសិល្បៈនៅក្នុងពេលនេះ តម្រូវឲ្យនាងត្រូវតែប្រឹងពុះពារ ដោយសារតែនាងមិនចង់បរាជ័យ។ ប៉ុន្តែបើឲ្យនាងល្បីដោយរឿងអាស្រូវ ក៏នាងមិនធ្វើដែរ។ សម្អាងលើរូបសម្រស់ និងមុខមាត់ជាតារាកូនកាត់ភូមា នាងអះអាងថាខ្លួនមិនសូវអត់ការសម្ដែងនោះទេ ចាប់តាំងពីបានចូលប្រឡូក។ ក្នុងនោះក៏មានផលិតករទាំងស្ពត សម្អាងការ ភាពយន្តចខ្នាតធំ និងភាពយន្តភាគទូរទស្សន៍ ផ្ដល់ឱកាសឲ្យនាងបានថតជាហូរហែរផងដែរ។ នាងរំពឹងថាប្រជាប្រិយភាពនឹងឈានឡើង ខណៈដែលនាងក៏ត្រៀមខ្លួនសម្ដែងឲ្យបានល្អគ្រប់ទម្រង់ មិនថាកាចឆ្នាស់ ស្លូត ក្រមិចក្រម៉ើម ដើម្បីឲ្យមហាជនឆាប់ស្គាល់៕