សិល្បករល្បីៗ លើកគ្នាទៅច្រៀងនៅកូរ៉េទៀតហើយ

0

កាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សិល្បករមួយក្រុមធំ បានលើកគ្នាចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េជាថ្មីទៀតហើយ ក្រោមការរៀបចំរបស់បុរីឡេងណាវ៉ាត្រា ខណៈដែលារចេញទៅច្រៀងលើកនេះ គឺមានបំណងយ៉ាងសាមញ្ញ។ សិល្បករសរុបទាំងអស់ជាង៥០នាក់ឯណោះ ខណៈដែលការចំណាយទាំងស្រុងក៏មិនក្រោម១៤មុឺនដុល្លារ។

តារាសិល្បៈដែលចេញទៅសម្ដែងនៅក្នុងប្រទេសនាថ្ងៃនោះរួមមាន លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ កញ្ញា អុីវ៉ា លោក គូម៉ា កវីនិពន្ធលោក យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង លោកខេម និងក្រុមរាំ បូកទាំងក្រុមការងារ សរុបប្រមាណជាង៥០នាក់។ តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ដោយមាន Live Band វង់ភ្លេងចចកសមុទ្រ នៅទីក្រុងអាន់សាន់ ថ្ងៃទី១៣ កញ្ញា ដោយការសម្ដែងទាំងមូល នឹងក្លាយជាការសម្ដែង ដែលមានវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានអះអាងថា ហេតុផលនៃការចំណាយលុយដ៏ច្រើនដឹកនាណទៅប្រគំតន្ត្រី នៅរដូវភ្ជុំបិណ្ឌនៅក្នុងប្រទេសកូរ៉េ គឺមានតែមួយគត់ ចង់អោយបងប្អូនពលករខ្មែរសប្បាយរីករាយ ក្នុងរដូវភ្ជុំកាន់តែខិតជិតដល់។ ម្យ៉ាងមកពីអំឡុងពេលនេះ នៅក្នុងប្រទេសកូរ៉េមិនសូវរងារដែលជាឱកាសមាសរបស់អ្នករស់នៅទីនោះផង ទើបលោកមិនដែលខកខាន ដើម្បីកុំអោយបងប្អូនខ្មែរនឹកស្រុកខ្លាំងពេក សម្រាប់អ្នកមិនបានមកលេងភ្ជុំ។ លោកថាខ្លួនជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េមុនក្លាយជាអ្នកជំនួញជោគជ័យ ទើបលោកយល់អារម្មណ៍នេះច្បាស់ ហើយមិនខ្វល់ថាអស់ប្រាក់ប៉ុន្មានក៏ត្រូវតែមានការប្រគំតន្ត្រីធំមួយឲ្យបងប្អូនខ្មែរសប្បាយចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here