តារាស្រី៥រូប ពុះកញ្ជ្រោលនឹងព្រឹត្តិការណ៍ ដណ្ដើមពានឆ្នើម «គ្រួសារតារាកម្ពុជា»

0

បន្ទាប់ពីមានការប្រកាសថានៅថ្ងៃទី៩ ខែកក្កដាខាងមុខ «គ្រួសារតារាកម្ពុជា»នឹងធ្វើពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួន ហើយក៏មានពិធីប្រគល់មេដាយកិត្តិយស និងការប្រកួតសំលៀកបំពាក់បុរាណខ្មែរផងនោះ គេកត់សម្គាល់តារាៗភាគច្រើន ជាពិសេសតារាស្រីមានការពុះកញ្ជ្រោលនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ដោយម្នាក់ៗសម្ងំច្នៃម៉ូដអស្ចារ្យរៀងខ្លួន ជាមួយនឹងការរំពឹងឈ្នះពានអោយបាននៅក្នុងពិធីនោះ។ យ៉ាងណាមិញ ក្នុងចំណោមតារាស្រីដែលមានឈ្មោះចូលរួមទទួលមេដាយកិត្តិយស និងគ្រោងចូលប្រកួតទាំងអស់ តារាស្រី៥ដូង ត្រូវគេឃើញឈ្មុជឈ្មុលនឹងការសម្រិតសម្រាំងឈុតជាងគេ ដោយការបង្ហើបអោយដឹងឈុតរបស់ពួកគេម្នាក់ៗ សុទ្ធតែមានសក្កានុពលដែលអាចប្រជែងតំណែងនោះផង។

កញ្ញា ភីយ៉ា ដែលមានឈ្មោះកំណើតថា លី ឌីណា បានអះអាងថា រូបនាងបានចំណាយថវិកាអោយអ្នកជំនាញកែច្នៃឈុតពិសេសអោយខ្លួនរួចហើយ ដោយនាងប្រកាសថាគឺទោះជាមិនបានឈ្នះពាន ក៏ត្រូវតែច្នៃឈុតអោយលេចធ្លោរបស់ខ្លួនផ្ទាល់ខ្លួនផងដែរ។ នាងថាសុខចិត្តចំណាយមិនស្ដាយ កុំអោយតែក្នុងថ្ងៃនោះមិនអាចចូលចំណោមគេចុះ ហើយមិនត្រូវបានគេចាប់អារម្មណ៍ ព្រោះតែឈុតរបស់ខ្លួនអន់ពេក។ នាងនិយាយថា«អត់ទេ អស់ប៉ុន្មានក៏ត្រូវតែចំណាយដែរ អត់ស្លៀកបុរាណធម្មតាៗទៅចូលរួមទេ សំខាន់ខ្ញុំស្លៀកឈុតលេចធ្លោគឺអស់ចិត្ត»។ យ៉ាងណាមិញ នាងបានប្រកាសថាបណ្ដាលមកពីខ្លួនមានមហិច្ឆតាចង់ឈ្នះពានជាតារាលេចធ្លោនៅក្នុងកម្មវិធីនោះ ទើបហ៊ានចំណាយ។

អ្នកនាង ម៉ៅ ស៊ីណាត ឯណេះវិញ ប្រកាសថាមិនចង់បានពាន ឬរង្វាន់ពីការស្លៀកឈុតបុរាណស្អាតត្រលប់ទៅផ្ទះនោះទេ ប៉ុន្តែអ្នកនាងបែរជាសម្ងំអោយអ្នកជំនាញធ្វើឈុតយ៉ាងអស្ចារ្យមួយដែលជាឈុតកូនសេដ្ឋី ក្នុងសម័យអង្គរ ដែលអាចអោយគេមើលឃើញថាមួយឈុតរបស់អ្នកនាងក៏ជាឈុតដែលមានសង្ឃឹមពីការដណ្ដើមពានទៅវិញ។ អ្នកនាងថាខ្លួនគ្រាន់តែស្វះស្វែងរកអ្នកឌីហ្សាញអោយខ្លួនដើម្បីអោយមានសំលៀកបំពាក់បុរាណប្លែកមួយបានស្លៀកចូលរួមប៉ុណ្ណោះ ប៉ុន្តែដល់ពេលអ្នកជំនាញជួយច្នៃមួយឈុតដែលអ្នកនាងគ្រាន់តែឃើញក៏ពុះកញ្ជ្រោលចង់ស្លៀក ទើបអ្នកនាងកាន់តែសប្បាយចិត្តតែម្ដង។

កញ្ញា វ៉ាន់ លីលី ដែលបានប្រកាសតាំងពីដំបូងថា កញ្ញានឹងរំលេចនូវឈុតក្នុងសម័យបុរាណមួយ ដោយកញ្ញាមិនទាន់បង្ហើបថា ស្ថិតនៅក្នុងសម័យណាមួយនោះទេ។ យ៉ាងណាមិញ នាងថាមួយឈុតនោះ គឺក្រៅពីត្រូវតាមទម្រង់ដើម ក៏ជាឈុតដែលមានតម្លៃវប្បធម៌ និងអាចអោយនាងរំពឹងពីភាពលេចធ្លោផងដែរ។

កញ្ញា រំដួលលិចទឹក បានបង្ហាញជំហរថា មួយឈុតមានមកុដយ៉ាងពិសេសរបស់នាងនៅក្នុងសម័យអង្គរ ក៏នឹងក្លាយជាឈុតដែលរំពឹងពីការលេចធ្លោផងដែរ។ យ៉ាងណាមិញ នាងថាមិនសូវមានក្ដីសង្ឃឹមប៉ុន្មានទេ ក្នុងពេលដែលឈុតបុរាណៗរបស់តារាស្រីៗផ្សេងទៀត នៅមិនទាន់បង្ហាញដើម្បីអោយដឹងពីលក្ខណៈពិសេសដែលអាចអោយវិភាគជាមុនបែបនេះ។

កញ្ញា ប៊េប៊ី បានអះអាងថា សម្រាប់ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា» កញ្ញាមិនត្រឹមតែទៅចូលរួមដើម្បីទទួលមេដាយកិត្តិយស ដែលគ្រោងទទួលបានប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា ក៏នឹងប្រកាសដណ្ដើមយកពានតារាឆ្នើមពីការតែងខ្លួនបែបបុរាណនៅក្នុងពិធីនោះផងដែរ។ កញ្ញាបានត្រៀមមួយឈុតនៅក្នុងសម័យអង្គរដ៏អស្ចារ្យផងដែរ ដែលអាចនឹងធ្វើការប្រកួតប្រជែងបាន នៅក្នុងកម្មវិធី។ ទាំងម៉ូដ និងរចនាបទ កញ្ញាបញ្ជាក់ថា នឹងមានកម្រិតបង្ហាញពីការសង្ឃឹមច្រើន ក្នុងពេលដែលមួយឈុតដែលនាងបានត្រៀមក៏ជាឈុតដែលអ្នកជំនាញបានអះអាងថាប្រើការស្រាវជ្រាវយ៉ាងលំបាកពីជញ្ញាំងប្រាសាទ ហើយច្នៃអស់ដល់ខ្ទង់ពាន់ដុល្លារ ដើម្បីអោយនាងបានគ្រង។ កញ្ញាបដិសេធបង្ហាញអោយឃើញពីឈុតដែលយកទៅប្រជែង ដោយគ្រាន់តែបានបង្ហើបថានឹងធ្វើអោយនាងលេចធ្លោ ហើយអាចឈ្នះពានក៏ថាបានព្រោះឈុតនោះពិសេសខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here