បញ្ញា សិដ្ឋ កាក់កបជាមួយពាន់ ភួងបុប្ផា

0

ក្នុងចំណោមភាពយន្តដែលបានផលិតឡើងដោយផលិតករល្បីៗ គេកត់សម្គាល់ថាតារាសម្ដែង និងជាពិធីករ លោក បញ្ញា សិដ្ឋ មានឱកាសបានថតក្នុងរឿងក្រោមការដឹកនាំរបស់ផលិតករឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ច្រើនជាងគេ បន្ទាប់ពីលោកទទួលបានតំណែងផ្ទួនៗក្នុងភាពយន្តរឿង«ឆន្ទា» និងភាពយន្តភាគរបស់ប៉ុស្ដិ៍លេខ៥ មុននេះ។ ជាក់ស្ដែង លោកទើបតែបានតំណែងក្នុងរឿង«ប្រច័ណ្ឌ» ដែលជាភាពយន្តខ្នាតធំ របស់អ្នកស្រី។

លោក បញ្ញា សិដ្ឋ និយាយថា លោកកំពុងសម្ងំថតរឿង«ប្រច័ណ្ឌ»ក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដោយភាពយន្តនេះ នឹងគ្រោងដាក់បញ្ចាំងនៅលើរោងកុនក្នុងពេលខាងមុខ ខណៈដែលលោកប្រាប់ថាភាពយន្តមួយនេះ គឺមានប្លង់ និងឈុតឆាកលំបាកៗយ៉ាងខ្លាំង ដោយសារតែអ្នកស្រី ពាន់ ភួងបុប្ផា ថតខុសតែបន្តិចក៏មិនយក។ យ៉ាងណាមិញ លោកថាមិនសូវមានបញ្ហារឿងខ្លួនថតមិនត្រូវនោះទេ ដោយសារតែលោកធ្លាប់ធ្វើការជាមួយអ្នកស្រីច្រើនរឿងមកហើយ ហើយបានដឹងច្បាស់ថាអ្នកស្រីចង់បានអី មិនត្រូវការអី ដែលធ្វើអោយលោកចេញថតម្ដងៗមិនសូវខុស។

លោកថាអោយតែថតរឿងអោយអ្នកស្រី ពាន់ ភួងបុប្ផា លោកមិនសូវហ៊ានដេកយូរ និងដើរពេលយប់នោះទេ ព្រោះតែខ្លាចមកថតមិនទាន់ម៉ោង និងខ្លាចលេងទឹកមុខមិនបានល្អនៅពេលផឹកជ្រុល ឬអត់ងងុយ។ ម្យ៉ាងមកពីលោកចង់សម្ដែងអោយបានល្អ ក្នុងភាពយន្តរឿង«ប្រច័ណ្ឌ!»របស់អ្នកស្រីនេះផង ទើបលោកប្រាប់ថាត្រូវតែម៉ត់ចត់បន្តិច ទាំងការរៀបចំឥរិយាបទ និងការទទួលខុសត្រូវ ដោយសារតែអ្នកស្រីបើតួធ្វើអោយមានកំហុសតែបន្តិច គឺមិនងាយផ្ដល់ឱកាសយកមកថតទៀតទេ។

លោករំពឹងយ៉ាងខ្លាំងថា ភាពយន្តថ្មីដែលខ្លួនបានថតអោយអ្នកស្រី ពាន់ ភួងបុប្ផា នឹងធ្វើអោយខ្លួនទទួលបាននូវការចាប់អារម្មណ៍ ខណៈដែលលោកក៏មានជំនឿថាស្នាដៃរបស់អ្នកស្រី អោយតែពេលដាក់បញ្ចាំងក៏មានការគាំទ្រខ្ពស់ស្រាប់ទៅហើយ។ នៅក្នុងឆ្នាំ២០១៨នេះ លោកថាខ្លួនទទួលបានភាពយន្តចំនួន៣រឿង ប៉ុន្តែភាពយន្តដែលលោកលេងច្រើន និងស្ថិតក្នុងប្លង់លំបាកៗភាគច្រើន គឺរឿងរបស់អ្នកស្រីពាន់ ភួងបុប្ផា នេះឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here