បរិបទចុងក្រោយគេកត់សម្គាល់ថាសម្អាងការនៅក្នុងប្រទេសកម្ពុជាកាន់តែប្រកួតប្រជែងម៉ូដគ្នា រំលេចឈុតប្លែកៗចម្លងតាមប្រទេសក្បែរខាង ដោយឈុតមួយចំនួនជាឈុតទិញស្រាប់របស់ប្រទេសជិតខាងផង។ អុីចឹងហើយ ទើបជារឿងមួយដ៏លំបាកក្នុងការអភិរក្សទម្រង់ខ្មែរក្នុងសម្អាងការ ដោយសារតែឈុតទម្រង់ខ្មែរ ក្រៅពីត្រូវការការស្រាវជ្រាវសុីជម្រៅ ក៏ត្រូវមានដើមទុនខ្ពស់ ដើម្បីច្នៃ ឬ ផលិតថ្មី ដែលម្ចាស់សម្អាងការភាគច្រើនមិនមានលទ្ធភាព។
លោក ហេងឡុង ម្ចាស់សម្អាងការហេងឡុងហ្គោល នៅបណ្ដោយផ្លូវជាតិលេខ៦អា ទល់មុខផ្សារព្រែកលាភ ដែលត្រូវគេស្គាល់ថាជាអ្នកឯកទេសផ្នែកតែងសម្អាងត្រូវទម្រង់បែបខ្មែរប្រមាណ២០ឆ្នាំមកហើយ អះអាងកាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធហាងថ្មី អមជាមួយការផ្លាស់ឈ្មោះពីសម្អាងការហេងឡុង មកជាហេងឡុងហ្គោលថា ឯកទេសតែងសម្អាងរបស់លោក២០ឆ្នាំនេះ មិនមែនដោយចេះតាមគ្នានោះទេ ពោលគឺទទួលការហាត់រៀនច្បាស់លាស់ពីគ្រូៗនៅក្រសួងវប្បធម៌ និងការសិក្សាស្រាវជ្រាវ។ លោកថាខ្លួនស្គាល់សំលៀកបំពាក់ទម្រង់ខ្មែរ ក្បាច់ខ្មែរ ក្នុងទម្រង់សំលៀកបំពាក់ខ្មែរ ដោយតាំងពីក្លាយជាម្ចាស់សម្អាង លោកក៏បានប្រើជំនាញឌីហ្សាញជាសំលៀកបំពាក់កូនក្រមុំ កុម្ម៉ង់ជាក្បិន ជាឈៀង ជាខ្សែក្រវាត់ បានជាច្រើនម៉ូដ ក្នុងរចនាបទខ្មែរ ដោយមិនខ្វល់ពីការចំណាយដើមទុននោះផង។ យ៉ាងណាមិញលោកថាខ្លួនមិនអាចប្រើតែទម្រង់ខ្មែរសុទ្ធ ដើម្បីឈរជើងក្នុងអាជីពសម្អាងការបានទេ ក៏ត្រូវតែមានឈុតបែបប្រទេសជិតខាង និងឈុតច្នៃបំពេញតម្រូវការផងដែរ ដោយគ្រាន់តែលោករមែងប្រាប់ភ្ញៀវជាប្រចាំ ថានោះមិនមែនជាឈុតទម្រង់ខ្មែរ មិនមែនជារចនាបទខ្មែរ ដើម្បីពន្យល់ដល់អតិថិជនឲ្យយល់ និងធ្វើការជ្រើសរើស។
លោក ហេង ឡុង ប្រកាសថាខ្លួនមិនចង់តែងភ្នួងក្នុងឈុតដែលមិនមែនជាទម្រង់ខ្មែរទេ ដោយសារតែលោកចង់អភិរក្សទម្រង់ខ្មែរក្នុងវិស័យសម្អាងការ។ លោកក៏ប្រកាសនឹងបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ដែលចង់ចេះសម្អាងបែបទម្រង់ខ្មែរ ឲ្យមានការដឹងពីទម្រង់ខ្មែរ នៅក្នុងវិស័យសម្អាងផងដែរ ដើម្បីកុំឲ្យសម្អាងការខ្មែរត្រូវឡុកឡាក់ដោយទម្រង់ប្រទេសជិតខាងកាន់តែខ្លាំង។ លោកថាទម្រង់ខ្មែរមានទាំងរបៀបស្លៀកសំឡុយ របៀបចងក្បិន និងទម្រង់គ្រឿងជាដើម អុីចឹងហើយ ទើបជារឿងលំបាកដោយសារម្ចាស់សម្អាងការទាំងឡាយបើចង់ឲ្យត្រូវទម្រង់គឺត្រូវចំណាយខ្ពស់។
គួរបញ្ជាក់ថា ក្នុងពិធីសម្ពោធសម្អាងការហេងឡុងហ្គោលនៅក្នុងថ្ងៃនោះ គេឃើញមានសុទ្ធតែវត្តមានអ្នកផាត់មុខអាជីព តារាចម្រៀងបុរាណ ម្ចាស់សម្អាងការល្បីៗ និងតារាមួយចំនួនផងដែរ៕