ឡុង សុខហៀង និង សម្រេច សន្យា ចេញបទបុណ្យភ្ជុំ

0

ខណៈដែលឱកាសបុណ្យកាន់តែខិតជិតដល់ លោក ឡុង សុខហៀង ដែលគេស្គាល់ច្រើនថាជាប្រធានក្លិបសិល្បៈមួយ និងមានសកម្មភាពច្រើនក្នុងសកម្មភាពសប្បុរសធម៌ ក៏បានបញ្ចេញបទចម្រៀងទាក់ទងនឹងបុណ្យភ្ជុំបែបនេះផងដែរ នៅក្នុងផលិតកម្មក្លាសុិក ដែលលោកទើបតែចូលជ្រក។ លោកបានចេញបទ”ជូនអូនទៅភ្ជុំ” ជាមួយតារាចម្រៀង កញ្ញា សម្រេច សន្យា ដោយទោះជាបទនោះ ច្នៃប៉ារ៉ូលពីមរតកដើម តែស្ដាប់ទៅក៏មានន័យ និងពិរោះមួយបែប។

លោក ឡុង សុខហៀង និយាយថាជារៀងរាល់ឆ្នាំឲ្យតែជិតដល់រដូវភ្ជុំ លោកចេញតែបទស្មូតៗ ហើយដើរចែកជូនដល់លោកតាលោកយាយនៅតាមទីអារ៉ាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែលោកបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មក្លាសុិក ទើបលោកបញ្ចេញបទចម្រៀងជាលក្ខណៈទាក់ទងនឹងរដូវបុណ្យភ្ជុំវិញម្ដង។ នេះជាចំណងដៃលើកដំបូងដែលខាងផលិតកម្មរៀបចំឲ្យលោក បានច្រៀងជាមួយកញ្ញា សម្រេច សន្យា ហើយជាបទនិយាយពីបុណ្យភ្ជុំ។ យ៉ាងណាមិញនេះមិនមែនជាបទចុងក្រោយរបស់លោក និង កញ្ញា សម្រេច សន្យា នោះទេ ដោយគ្រោងនឹងច្រៀងរួមគ្នានូវបទចម្រៀងក្រោយៗបន្តទៀត ជាពិសេសបទឆ្លងឆ្លើយៗ ដោយលោក និងនាង អាចនឹងត្រូវផលិតកម្មក្លាសុិកផលិតបទឲ្យច្រៀងជាគូៗរួមគ្នា ព្រោះតែមានទឹកដមសំលេងសុីគ្នានោះផង។

លោក ឡុង សុខហៀង បញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយលោកមមាញឹកខ្លាំងនឹងអាជីពលក់ផលិតផលអនឡាញ អាជីពលក់ដីធ្លី និងអាជីពរៀបចំតារាឲ្យសម្ដែងតាមផលិតកម្ម ប៉ុន្តែលោកក៏មិនភ្លេចសកម្មភាពសប្បុរសធម៌នោះដែរ គឺនៅឆ្លៀតពេលរ៉ៃអង្គាស បើទោះជារវល់ដកឃ្លាមិនចង់រួច។ ក្នុងនោះលោកក៏មិនសម្រុកចេញបទចម្រៀងច្រើនៗនោះដែរ នៅក្នុងផលិតកម្មក្លាសុិក គឺលោកនឹងច្រៀងតែបទមួយចំនួនកុំអោយអ្នកគាំទ្រថាស្ងាត់ប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here