កាក់កបនឹងមុខរបរអនឡាញមិនអស់ចិត្ត តារាចម្រៀងជើងចាស់ សាន សុខកក្កដា បើកហាងបង្អួតស្នាដៃតែម្ដង

0

បាត់មុខពីការឡើងឆាក ម្ចាស់ជ័យលាភីលេខ១ ពីការប្រលងចម្រៀងប្រចាំខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ អ្នកនាង សាន សុខកក្កដា ត្រូវគេអះអាងថា កាក់កបនឹងមុខរបរលក់តាមអនឡាញយ៉ាងខ្លាំង ដោយអ្នកនាងល្បីឈ្មោះនឹងធ្វើងៀតគោ ងៀតក្របី និងត្រីងៀត ដែលអាចឲ្យអ្នកនាងកើបលុយដល់ថ្នាក់ទិញបានវីឡាថ្មីៗនោះផង។ ជាមួយនឹងជោគជ័យនេះ អ្នកនាងឈានដល់ការបើកហាងមួយកន្លែងនៅខាងមុខបុរីពិភពថ្មីនៅតាខ្មៅតែម្ដង ដើម្បីបញ្ចេញថ្វីដៃងៀតគោងៀតក្របី ដែលល្បីល្បាញជាយូរមកហើយឲ្យកាន់តែខ្ទរខ្ទារ។

អ្នកនាង សាន សុខកក្កដា ហៅម៉ាក់ដា បានអះអាងថា ដោយសារតែងៀតគោ ងៀតក្របី និងត្រីងៀតរបស់ខ្លួនទទួលបានការគាំទ្រ និងមានការទទួលស្គាល់ខ្លាំងឡើង ទើបអ្នកនាងសម្រេចចិត្តបើកហាងសាច់អាំងងៀតគោងៀតក្របីតែម្ដង ដើម្បីពង្រីកប្រាក់ចំណូលឲ្យកាន់តែកើន។ អ្នកនាង បានសារភាពថា ខ្លួនធ្លាប់បើកអាជីវកម្មធំដុំច្រើនមុខមកហើយ ដោយទើបតែបិទសាឡនធំមួយចោលមិមស្ដាយប៉ុណ្ណោះ ដោយសារតែមុខរបរនោះ គឺល្អតែមើល។ អ្នកនាងថាខ្លួនទើបតែស្គាល់ចំណេញក្ឌាំងៗ និងមិនសូវហត់ចិត្តក្រោយបើករបរលក់ត្រីងៀត គោងៀត ក្របីងៀត និងជ្រក់ជាដើម តាមអនឡាញប៉ុណ្ណោះ ខណៈដែលមុខរបរនេះ តាំងពីអ្នកនាងចេញលក់គឺស្ទើរតែធ្វើមិនទាន់នឹងតម្រូវការកុម្ម៉ង់ទិញ។ អតិថិជនទាំងនោះ ភាគច្រើនជាអ្នកក្រៅស្រុក និងអ្នកដែលមានជីវភាពធូរធារ ដែលកុម្ម៉ង់ម្ដងៗដប់ម្ភៃគីឡូផង។

ជាមួយនឹងការលើកឡើងគេឃើញ គេឃើញគោងៀត ក្របីងៀតរបស់ម៉ាក់ដា ល្បីល្បាញមិនចាញ់យីហោផលិតផលខ្លះនោះទេ ដោយសារតែរសជាតិប្លែក និងមិនប្រើសារជាតិប៉ះពាល់ សូម្បីសាច់ក៏ជម្រើសតែសាច់ល្អ ជាគោក្របី និងត្រីក្នុងស្រុក។ មួយខែៗអ្នកនាងថាកើបលុយខ្ទង់ពាន់ដុល្លារ ដ្វិតថាហត់បន្តិចក្ដី។ អុីចឹងហើយទើបគ្រាន់តែអ្នកនាងបើកហាងសាច់អាំងយីហោ”ម៉ាក់ដាងៀតក្របី” នៅផ្ទះកែងច្រកចូលបុរីពិភពថ្មីក្រុងតាខ្មៅ មិនបានប៉ុន្មានថ្ងៃផង គឺម៉ូយៗមកអង្គុយពេញតុ ដែលកាន់តែជួយឲ្យអ្នកនាងស្រួលកើបចំណូល។ អ្នកនាងបន្តថា តាំងពីមុខរបរលក់ងៀតកាក់កប អាជីពចម្រៀងគឺចង់បំភ្លេចចោលហើយ ប៉ុន្តែអ្នកនាងក៏នៅតែជំរុញឲ្យកូនស្រីបន្តវេន និងសន្យាឆ្លៀតពេលទទួលការងារសប្បុរសធម៌ជាជំនួស នៅពេលហាងថ្មីរលូនជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here