ពិតអច្ឆរិយៈកម្ពុជា!! បេក្ខភាព ហុង ភារិ​ន បង្ហាញសមត្ថភាពការចងចាំក្នុងកម្មវិធីលំដាប់ប្រទេសថៃ Super100

0

តាមរយៈវីដេអូកម្មវិធី អច្ឆរិយៈលើស១០០ ឬ Super100 ស្ថានីយទូរទស្សន៍ Workpoint Entertainment បានឱ្យឃើញថា កូនខ្មែរមួយរូបដែលមានឈ្មោះថា ហុង ភារិន មានអាយុ ២៤ ឆ្នាំ កំពុងបន្ដការសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ក្នុងប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេសនៃការតេស្ដសមត្ថភាពចងចាំ។ ក្រុមការងារកម្មវិធីខាងលើនេះ បានបញ្ជាក់ប្រាប់ថា លោក ហុង ភារិន មានសមត្ថភាពចងចាំពិសេសគឺ ការចាំប្រតិទិនដល់ទៅ 700 ឆ្នាំ និងសមត្ថភាពចងចាំរូបភាពយ៉ាងអច្ឆរិយៈមិនគួរឱ្យជឿ។

នៅក្នុងនោះ គណៈកម្មការទាំងបីបានធ្វើការសាកល្បងសមត្ថភាពរបស់ ភារិន ជាបីដំណាក់កាល ទី១គឺ លេខនពន្ធរត់មិនលំដាប់ ទី២ សម្លឹកបៀសាប់ដែលមិនតម្រៀបគ្នា ទី៣គឺ ថ្ងៃខែឆ្នាំ សប្ដាហ៍នៅលើប្រតិទិន។ ឆ្លងកាត់វិញ្ញាសារទាំងបីដំណាក់កាលបានធ្វើឱ្យមហាជនអ្នកទស្សនាភ័យបុកពោះមិនស្ទើតាមរយៈពីមួយសំនួរទៅមួយសំនួរ។ ទីបំផុត បេក្ខភាពរូបនេះធ្វើបានយ៉ាងជោគជ័យដោយគ្មានការភ្លាំងភ្លាត់។ លោក ភារិន បានបញ្ជាក់ថា ដោយសារលោកបានទស្សនាកម្មវិធីនេះតាំងពីដំបូង ហើយឃើញមានបេក្ខភាពមួយរូប ដែលមានឈ្មោះ អេ បានបញ្ចេញសមត្ថភាពនៃការចងចាំបានយ៉ាងរហ័ស ហើយនៅគ្រានោះលោកក៏តាំងក្ដីស្រម៉ៃរបស់ខ្លួនថា លោកនឹងធ្វើឱ្យបានដូចជាអាយដលរបស់លោកដែរ។ ភារិន បានបន្ដថា ដោយសារខ្លួនបានឆ្លងកាត់ស្ថានភាពគ្រួសារលំបាក មានតែម្ដាយទទួលបន្តុកចិញ្ចឹមកូន ហើយគ្រួសារទាស់ទែងគ្នារាល់តែថ្ងៃទៀតនោះ ទើបបានជាលោកខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីរត់គេចពីបញ្ហារបស់គ្រួសារ និងការបាក់ទឹកចិត្ត។ លោកថា លោកអរគុណចំពោះបងប្រុសរបស់លោក ដែលបានផ្ដល់សារជាកម្លាំងបណ្ដាលចិត្តឱ្យលោកប្រឺងប្រែងដល់សព្វគឺ « បើចង់ដកខ្លួនចេញពីបញ្ហាគ្រួសារ គឺត្រូវតស៊ូអានសៀវភៅឱ្យបានច្រើនបំផុត»។

ជោគជ័យនិងក្ដីសម្រេចរបស់ ហុង ភារិន បានធ្វើឱ្យមហាជនថៃនិងកម្ពុជា មានមោទនភាពចំពោះអច្ឆរិយភាពរបស់លោកយ៉ាងខ្លាំង។ បន្ទាប់ពីឈ្នះនៅក្នុងកម្មវិធីទូរទស្សន៍ខាងលើហើយ ខាងអ្នករៀបចំកម្មវិធីបានប្រគល់រង្វាន់ដែលជាការតបស្នងក្ដីស្រម៉ៃរបស់ភារិន រួមមាន សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាជាច្រើនទៀត យកទៅប្រគល់ជូនសិស្សសាលាបឋមសិក្សាក្នុងខេត្តជ័យភូមិ។ ហើយក្រុមការងារក៏បានប្រគល់ទឹកប្រាក់ចំនួន ១០០០០ បាតបន្ថែមទៀតឱ្យទៅ ភារិន ជាប្រាក់រង្វាន់លើកទឹកចិត្ត និងជួយដោះស្រាយជីវភាពជូនម្ដាយ។ សរុបមក អច្ឆរិយៈបុគ្គលរបស់កម្ពុជា ហុង ភារិន បានធ្វើឱ្យប្រជាជនថៃ និងកម្ពុជា បានមើលឃើញពីទឹកចិត្ត និងការតបស្នងចំពោះប្រទេស និងជាតិរបស់ខ្លួន។ ហុង ភារិ​ន ត្រូវបានចាត់ទុកជាជនគំរូនៃការសិក្សារៀនសូត្រ អានសៀវភៅឱ្យបានច្រើន ដើម្បីអនាគតភ្លឺស្វាង៕

អត្ថបទ៖ វិសាល

LEAVE A REPLY

Please enter your comment!
Please enter your name here