ការប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីគន្ធបុប្ផា រំពឹងទទួលបានការគាំទ្រខ្លាំង

0

គណកម្មការរៀបចំការប្រកួតសប្បុរសធម៌រវាងក្រុមតារាខ្មែរ និងតារាថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ សីហា ខាងមុខ បង្ហាញពីការរំពឹងយ៉ាងខ្លាំង ថាព្រឹត្តិការណ៍នេះ នឹងទាក់ទាញអ្នកទស្សនាអោយទិញសំបុត្រចូលរួមច្រើន។ ការប្រកួតនេះ ត្រូវបានប្រកាសធ្វើឡើងនៅស្ដាតអូឡាំពិក ដោយលក់សំបុត្រក្នុងតម្លៃ៥០០០ និង១មុឺនរៀល។

ការប្រកួតដែលមាន៤ក្រុមប៉ះគ្នានេះរួមមាន ការប្រកួតជើងទី១រវាងក្រុមបឹងកេត និងក្រុមបាល់ទាត់តារាមហាហង្ស និងការប្រកួតជើងទី២ រវាងក្រុមតារាមកពីប្រទេសថៃ និងក្រុមតារាកម្ពុជា ដោយក្នុងថ្ងៃនោះ ក៏មានវត្តមានតារាខ្មែរ និងតារាថៃច្រើនរូបបកស្រាយបទចម្រៀង និងសម្ដែងShow ពិសេសផងដែរ។ ព្រឹត្តិការណ៍នេះផ្ដួចផ្ដើម និង រៀបចំដោយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឩទ្ទេសបណ្ឌិត្យ ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ ក្រោមការសហការជាមួយក្រុមហ៑ុនអអេហ្វ៣វើលដ៏កម្ពុជា ផលិតកម្មមហាហង្ស និងក្រុមហ៑ុនអលដេតវ័នខូអិលធីឌី។

លោក សាក់ ចន្ទបទុម ប្រធានគម្រោងកម្មវិធីនេះ មានប្រសាសន៍ថា ថវិកាដែលបានពីការលក់ និងការឩបត្ថម្ភ នឹងប្រគល់ជូនមូលនិធិគន្ធបុប្ផា រាល់ការទូទាត់ការចំណាយរួច ដោយកម្មវិធីនៅថ្ងៃទី២៩ សីហា នោះ ចាប់ផ្ដើមពីម៉ោង២ កន្លះរសៀល រហូតដល់ម៉ោងម៉ោង៩យប់។ លោករំពឹងយុវវ័យនឹងទិញសំបុត្រចូលទស្សនាកកកុញ ដើម្បីអោយមូលនិធិគន្ធបុប្ផាទទួលបានជំនួយឩបត្ថម្ភច្រើន។ ចំពោះថវិកាលោកថានឹងប្រគល់ជូនមួយថ្ងៃបន្ទាប់ពីការប្រកួតបាល់ចប់ ដោយមានវត្តមានតារាមហាហង្ស ចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here