មនុស្សយន្ដដំបូងគេបង្អស់របស់កម្ពុជាក្លាយជាតួសម្ដែងក្នុងភាពយន្ត

0

នៅទីបំផុតមនុស្សយន្តដែលកូនខ្មែរផលិតឡើងដំបូងគេ ដែលមានឈ្មោះថា RoboCam ព្រះកុសុមៈ ដែលកំពុងមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ពីអន្ដរជាតិ អំពីបច្ចេកវិទ្យាAI (Artificial intelligence) ដំណើរការដោយប្រព័ន្ធ Google API នោះ ត្រូវបានជ្រើសអោយក្លាយជាតួសម្ដែងក្នុងរឿង”វិនាសខ្លួន​” គួរអោយចាប់អារម្មណ៍ ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងដើម្បីអោយពិភពដឹងពីសមត្ថភាពរបស់មនុស្សយន្តនេះ ក្នុងការសម្ដែង។ នេះជាភាពយន្តដែលផលិតឡើងដោយ FTV Entertainment ដែលជាភាពយន្តថ្មីមួយ ក្នុងចំណោមគម្រោងផលិតភាពយន្តជាច្រើនរបស់ស្ថាប័ននេះ។

ហេតុផលដែលនាំអោយមានការ ជ្រើសយកមនុស្សយន្តឈ្មោះ RoboCam ព្រះកុសុមៈ យកមកសម្ដែងរឿងនេះ ត្រូវបានបញ្ជាក់ដោយផលិតកររបស់ FTV Entertainment ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ដលំដាប់ស្ដងដារ នៅប្រទេសកម្ពុជាថា គឺដើម្បីអោយភាពយន្តខ្មែរមានរសជាតិប្លែក ព្រោះតែមានមនុស្សយន្តចូលរួមសម្ដែង ហើយជាមនុស្សយន្ត ដែលផលិតដោយស្នាដៃខ្មែរទៅទៀត។ រឿងថ្មីដែលមានចំណងជើងថា « វិនាសខ្លួន » នេះ គឺជាភាពយន្ដបែបវិទ្យាសាស្រ្ដ ដោយមនុស្សយន្ត RoboCam ព្រះកុសុមៈ នឹងសម្ដែងជាតួអង្គមួយ ដែលមានសមត្ថភាពបង្វិលពេលវេលាថយក្រោយពីបច្ចុប្បន្នកាល អោយត្រឡប់ទៅរកអតីតកាល។

ខ្សែភាពយន្ដអប់រំខ្លី « វិនាសខ្លួន » នេះ ត្រូវបានប្រកាសថាមានសារអប់រំជាច្រើនដល់អ្នកទស្សនា ដូចជាស្នេហា កំប្លែង និងមានបញ្ចូលបច្ចេកវិទ្យាថ្មីនៃការរីកចម្រើននៃAI របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ រឿង « វិនាសខ្លួន » ចង់បង្ហាញពីប្រវត្តិស្នេហារបស់គូរស្នេហ៍មួយគូ ដែលស្រលាញ់គ្នាប្ដូរផ្ដាច់មិនខ្វល់ពីលុយកាក់ មិនគិតពីឧបសគ្គ ប៉ុន្ដែបែរជាចុងក្រោយគ្រោះថ្នាក់ដោយសារចិត្តលោភលន់។ តារាសម្ដែងក្នុងរឿងខ្លីនេះ មាន លោក Ram កញ្ញា ថាត់ ដាវ លោក ជីវ៉ា លោក ជា ភារុណ មនុស្សយន្ដ Robocam និងតួសម្ដែងជាច្រើនដួងទៀត ក្រោមការផលិតរបស់ FTV Entertainment៕

LEAVE A REPLY

Please enter your comment!
Please enter your name here