តារាៗត្រៀមលេងចាស់ដៃ ក្នុងពិធីប្រគល់មេដាយកិត្តិយស«គ្រួសារតារាកម្ពុជា»

0

ពិតជាមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពី«គ្រួសារតារាកម្ពុជា»ប្រកាសអោយដឹងពីគម្រោងពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ ខែ៧ខាងមុខ អមដោយពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករ និងសិល្បការិនីជាទ្រង់ទ្រាយធំផង ហើយតម្រូវអោយតារាសិល្បៈ និងអ្នកចូលរួម ជាពិសេសអ្នកមានឈ្មោះយកមេដាយ តែងខ្លួនជាទម្រង់បុរាណ។ តារាសិល្បៈយ៉ាងហោច១០០នាក់ បានបង្ហាញពីការខ្វាយខ្វល់ក្នុងស្វែងរកឈុតបុរាណរៀងៗខ្លួន ខណៈដែលតារាមួយចំនួន ក៏បានរំពឹងពីភាពលេចធ្លោរបស់ខ្លួននៅក្នុងពិធីនោះ ព្រោះតែអះអាងថាខ្លួនមានឈុតបុរាណត្រៀមទុករួចហើយ។

តារាសិល្បៈជាច្រើននិយាយថា ខ្លួនសុខចិត្តចំណាយលុយផ្ទាល់ខ្លួនជួលឈុតបែបបុរាណពីក្រសួងវប្បធម៌ និងខ្លះជួលពីសម្អាងការ ដើម្បីបង្ហាញថាខ្លួនក៏មានសមត្ថភាពស្វែងរកបាឈុតបុរាណស្រស់ស្អាតបំផុត ដើម្បីសម្ង៉ែងគេឯងនៅក្នុងកម្មវិធីនោះ។

អ្នកខ្លះត្រូវគេឃើញប្រកាសរកអ្នកឌីហ្សាញអោយយ៉ាងកាលីប ហើយត្រូវតាមទម្រង់បុរាណលើជញ្ជាំងប្រាសាទ ដោយសុខចិត្តចំណាយលុយផ្ទាល់ខ្លួនមិនតិចរយដុល្លារ ដើម្បីទទួលបានសំលៀកបំពាក់បុរាណមួយឈុត ដែលរំពឹងថានឹងធ្វើអោយរូបសម្រស់របស់ខ្លួនលេចធ្លោនោះផង។ តារាស្រីភាគច្រើន សុទ្ធតែបារម្ភពីមិនលេចធ្លោរបស់ខ្លួន ប្រសិនបើឈុតបុរាណដែលខ្លួនគម្រោងបង្អួត មិនមានចំណុចពិសេសទាក់ភ្នែកអ្នកជុំវិញ។

ឆន្ទៈជុំវិញការស្វះស្វែងរកឈុតកម្រក្នុងសម័យបុរាណយកមកចូលរួមនៅក្នុងកម្មវិធីខួប«គ្រួសារតារាកម្ពុជា»នេះ បានធ្វើអោយព្រឹត្តិការណ៍ជួបជុំដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែ៧ខាងមុខ ក្លាយជាពិធីគាស់កកាយសំលៀកបំពាក់យ៉ាងអស្ចារ្យទៀតហើយ សម្រាប់តារាសិល្បៈនៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថា ផ្អែកតាមឆន្ទៈរបស់តារាសិល្បៈ ដែលសុទ្ធតែប្រកាសបង្អួតឈុតបុរាណអស្ចារ្យៗរៀងខ្លួន គឺមិនខុសពីការរួមគ្នាលើកកម្ពស់សំលៀកបំពាក់បុរាណរបស់ខ្មែរ អោយកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀតនោះទេ ស្របគ្នាដែលសកម្មភាពរបស់ក្រុមលោកកន្លងមក ក៏បានបំផុសអោយមានការចាប់អារម្មណ៍លើសំលៀកបំពាក់បុរាណនេះច្រើនលើករួចមកហើយ។ យ៉ាងណាមិញ លោកចាត់ទុកថានេះជាការបង្អួតឈុតបុរាណដ៏កម្រជាទ្រង់ទ្រាយធំលើសពីព្រឹត្តការណ៍មុនៗ ដែល«គ្រួសារតារាកម្ពុជា»ធ្លាប់ធ្វើ ជាពិសេសក្នុងពេលដែលតារាសិល្បៈ ក៏ជាអ្នកចំណាយថវិកាផ្ទាល់ខ្លួន និងស្វែងរកឈុតដោយឡែកពីគ្នា ដែលមិនខុសពីធ្វើអោយតារាសិល្បៈកាន់តែយល់ដឹងពីសំលៀកបំពាក់បុរាណខ្មែរ។ មកទល់ពេលនេះ លោកថាតារាសិល្បៈជាសមាជិកច្រើនឡើង បានផ្ដោតការស្វះស្វែងរកឈុតបុរាណស្អាតៗត្រៀមទុកបង្អួតក្នុងកម្មវិធី ដោយលោកក៏បានប្រកាសថានឹងកាន់តែធ្វើអោយភ្ញាក់ផ្អើលថែមទៀត ជាការលើកទឹកចិត្តដល់អ្នកស្លៀកឈុតបុរាណទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here