បន្ទាប់ពីចូលរួមក្នុងការគ្រងឈុតបុរាណជាមួយគ្រួសារតារាកម្ពុជាម្ដងហើយម្ដងទៀត ពិធីករ២រូបដែលមិនសូវបាត់មុខពីសកម្មភាពរបស់ក្រុមមួយនេះ ហាក់មានអារម្មណ៍ងប់ងល់នឹងសិល្បៈបុរាណយ៉ាងជោគជាំ។ លោកត្រូវគេឃើញចំណាយពេល និងថវិកាផ្ទាល់ខ្លួន ដឹកនាំអ្នកឯកទេសច្នៃម៉ូដ ដើម្បីអោយស្វែងរករូបចម្លាក់ល្អៗ ប្លែកៗ កែច្នៃជាឈុតពិតៗសម្រាប់អោយខ្លួនយកមកគ្រងបង្អួតនៅក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណឆ្នាំក្រោយអោយលេចធ្លោតែម្ដង។
លោក សន សុវណ្ណារ៉ា ពិធីករ និយាយថាលោកនឹងមិនចូលរួមគ្រងឈុតបុរាណដើម្បីប្រកួតប្រជែងនោះទេ ដោយសារតែលោកចង់ផ្ដល់ឱកាសអោយអ្នកជំនាន់ក្រោយ និងដឹងច្បាស់ថា ប្រសិនបើលោកចូលប្រកួតក៍មិនប្រាកដថានឹងជោគជ័យ។ យ៉ាងណាមិញលោកនឹងចំណាយថវិកាដើម្បីស្រាវជ្រាវ និងកែច្នៃឈុតបុរាណមួយឈុត ដើម្បីទុកប្រើនៅក្នុងព្រឹត្តិការណ៍គ្រងឈុតបុរាណ ដោយលោកប្រកាសថា បើមិនបានស្លៀកឈុតច្នៃសម្រាប់ឆ្នាំក្រោយគឺលោកមិនអស់ចិត្ត។ លោកសារភាពថា ក្រោយការបំផុសរបស់គ្រួសារតារាកម្ពុជា លើឈុតទម្រង់បុរាណ កាន់តែធ្វើអោយលោកជក់ចិត្ត ដូច្នេះហើយទើបលោកកម្រខកខាន ក្នុងការបង្ហាញខ្លួនក្នុងសកម្មភាពរបស់គ្រួសារតារាកម្ពុជា រាល់គ្រប់សកម្មភាពរបស់ក្រុមនេះ ដែលបានផ្ដល់ឱកាស ហើយតម្រូវអោយគ្រងឈុតបុរាណ។ លោកបានចំណាយពេលសិក្សាស្រាវជ្រាវនៅតាមប្រាសាទរយៈពេលច្រើនថ្ងៃ ដោយក្នុងចំណោមនោះក៍ទទួលបានចំណេះដឹងច្រើនពីរចនាបថ និងពីរូបចម្លាក់ ដែលលោកបង្ហើបថានឹងគ្រោងអោយអ្នកជំនាញច្នៃជាឈុតសម្រាប់ខ្លួន។ លោកប្រកាសចំណាយពេលវេលា និងធនធានក្នុងការកែច្នៃមួយឈុតសម្រាប់ការប្រកួតឈុតបុរាណឆ្នាំក្រោយ បន្ទាប់ពីឆ្នាំកន្លងទៅ លោកគ្រងតែឈុតបុរាណស្រាប់ៗ។
ក្រឡេកទៅមើលពិធីកររូបសង្ហារ ដែលមមាញឹកនឹងគម្រោងចេញក្រៅប្រទេសជាមួយនឹងក្រុមហ៑ុនទេសចរណ៍មួយ លោក ខេន វណ្ណាថាត់ ឯណោះវិញ ក៍ជោគជាំនឹងទម្រង់វប្បធម៌បុរាណផងដែរ។ ស្ទើរតែគ្រប់សកម្មភាពលើកស្ទួយពីវប្បធម៌ខ្មែរ លោកកម្របាត់មុខ បើទោះមិនបានអញ្ជើញ ក៍ស្នើឈ្មោះចូលរួម។ លោកថាខ្លួនប្រឡូកអាជីពសម្ដែង និងពិធីករ ដែលមានលក្ខណៈសម័យៗឡូយឆាយជាយូរមកហើយ ប៉ុន្តែនៅពេលបានគ្រងឈុតបុរាណដើរបង្ហាញក្នុងកម្មវិធី ឬ ធ្វើជាពិធីករក្នុងទម្រង់វប្បធម៌ ហាក់ធ្វើអោយលោកមានមោទនភាពជាង ទើបលោកាន់តែជក់ចិត្តខ្លាំង។ លោកត្រូវគេឃើញបង្ហាញខ្លួននៅខេត្តសៀមរាប ជាមួយនឹងក្រុមរបស់លោក សន សុវណ្ណារ៉ា ក្នុងប៉ុន្មានថ្ងៃនេះ ដោយគោលបំណងនៃការចូលរួម ក៍ដើម្បីអោយអ្នកជំនាញកែច្នៃបុរាណមួយឈុតសម្រាប់ឆ្នាំក្រោយផងដែរ។ លោកមិនទាន់ច្បាស់ថា នឹងចូលរួមកម្មវិធីគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ក្នុងនាមជាពិធីករតែម្យ៉ាង ឬ ឈានដល់ការចូលប្រកួតនោះទេ ប៉ុន្តែបើឈុតដែលបានច្នៃឡើងជឿជាក់ គឺលោកនឹងដាក់ឈ្មោះប្រកួត។
គួរបញ្ជាក់ផងដែរថា លោក សន សុវណ្ណារ៉ា និង លោក ខេន វណ្ណាថាត់ រមែងចំណាយពេលច្រើនក្នុងកិច្ចការសង្គម ជាមួយរាល់គ្រប់សកម្មភាពលើកស្ទួយវប្បធម៌របស់គ្រួសារតារាកម្ពុជា។ តារាទាំងពីរអាចនិយាយបានថាជាពិធីករឆ្នើមរបស់គ្រួសារតារាកម្ពុជា ដោយសារតែកម្របាត់មុខ បើទោះជាសកម្មភាពសប្បុរសធម៌មិនធំដុំ។ សម្រាប់ព្រឹត្តិការណ៍គ្រងឈុតបុរាណរបស់គ្រួសារតារាឆ្នាំទី៤ ដែលគ្រោងរៀបចំនៅដើមខែកក្កដា ឆ្នាំ២០២០ តារាទាំងពីរត្រៀមខ្លួនជាស្រេចក្នុងការគ្រងឈុតបុរាណចូលរួម ខណៈដែលតារាដែលប្រកាសចូលរួមជាច្រើនទៀត មិនងប់ងប់ក្នុងការចំណាយថវិកាច្នៃឈុតបុរាណផ្ទាល់ខ្លួននោះ។