ម៉ា រីណា ប្រកាស២ចំណុច ក្រោយបិទជំនួញ

0

ទើបតែបើកហាងផឹកស៊ី ក្នុងផ្សារកុងតឺណឺមួយកន្លែងយ៉ាងហ៊ឹកហ៊ាក់សោះ តារាសម្ដែង កញ្ញា ម៉ា រីណា ដែលត្រូវគេស្គាល់ថាជាកូនទី៩ ក្នុងចំណោមបងប្អូន១១នាក់ នៅខេត្តបន្ទាយមានជ័យ និងមិនមានឈាមជ័រអ្នកសិល្បៈរូបនេះ បែរជាប្រកាសប្រាប់ថានឹងបិទចោលជំនួញនោះហើយ។ ជាមួយជំហរបិទចោលអាជីវកម្ម នាងក៏បានប្រកាសប្ដូរ២ចំណុច ដើម្បីពង្រឹងសិល្បៈ និងជីវិតផ្ទាល់ខ្លួននោះផង។

កញ្ញា ម៉ា រីណា និយាយថា ដើម្បីកុំអោយឈឺក្បាល កញ្ញានឹងបិទចោលមុខជំនួញបើកហាងនោះចោលហើយ ដោយសារតែជំនួញមួយនោះតម្រូវអោយនាងធ្វើការដល់យប់ ហើយក៏តម្រូវអោយនាងគេចមិនផុតពីការស្គាល់មិត្តភក្តិជាអ្នកផឹកស៊ី ដែលនាំអោយពិបាកគេច ហើយចេះតែដើរលេងច្រើនខាតបង់លុយកាក់ និងពេលវេលា។ នាងថាក្រោយពេលបិទហាង នាងនឹងប្ដូរជំហរ២យ៉ាងអោយអស់តែម្ដង ទី១កាត់ចោលមិត្តភក្តិផឹកស៊ីដោយប្រកាន់ជំហរមិនដើរនាំអោយខាតលុយទៀតទេ និងទី២យកពេលទៅទទួលយកការសម្ដែងអោយពេញទំហឹងជាថ្មី កុំអោយផលិតករណាមួយទាក់ទងចេះតែហីៗដូចមួយរយៈមុន។

នាងថាបានហាងផឹកស៊ីមួយកន្លែងនោះ គឺការងារសម្ដែងក៏ត្រូវផ្អាកទទួល ដោយទទួលបានតែការងារតិចតួចប៉ុណ្ណោះ ចំណែកផលចំណេញវិញ ដ្បិតថាចំណេញគួរសមតែក៏ទប់នឹងរឿងដើរលេងព្រោះតែមិត្តភ័ក្ត្រជាម៉ូយប្រចាំហាង បបួលទៅហើយប្រកែកមិនបាន។ នាងប្រកាសថាឈប់ដើរលេងអត់ប្រយោជន៍ និងឈប់យកពេលទៅចាយលុយដែលខំប្រឹងរកទាំងលំបាកខ្ជះខ្ជាយទៀតហើយ ដោយនាងប្រកាសថាតាំងពីបានហាងផឹកស៊ីនោះមក គឺមិនត្រឹមតែមិនបានចេញថតតាមការទាក់ទងរបស់ផលិតករប៉ុណ្ណោះទេ ប៉ុន្តែសុខភាពក៏ប៉ះពាល់ច្រើន ជាពិសេសគឺផឹកដល់យប់ជាមួយភ្ញៀវដែលចេញចូលក្នុងហាង និងត្រូវបន្តដើរជាមួយមិត្តភក្តិដែលនាងពិបាកគេច។

កញ្ញាបន្តថា មានតែការបិទជំនួញប៉ុណ្ណោះ ទើបអាចទទួលថតជាថ្មីបាន ហើយសំខាន់ជាងគេគឺគេចពីការផឹកស៊ី និងដើរដាច់យប់ដែលនាងប្រាប់ថាពិបាកអោយនាងគេចផុតក្នុងរយៈពេលបើកហាងផឹកស៊ី។ យ៉ាងណាមិញ នាងនៅតែបង្ហាញខ្លួនក្នុងកម្មវិធីហូបចុក និងផឹកស៊ីរបស់តារាសិល្បៈដដែល ដោយគ្រាន់តែលុះត្រាតែកម្មវិធីនោះជាកម្មវិធីជួបជុំអ្នកសិល្បៈ និងមិនមែនជាកម្មវិធីដាច់យប់។ នាងប្រកាសបិទចោលជំនួញមិនស្ដាយនោះទេ បន្ទាប់ពីនាងចេញរកមួយរយៈដើម្បីបានក្លាយជាថៅកែ ប៉ុន្តែចុងក្រោយគឺចំណេញពីការលក់ដូរទប់មិនជាប់នឹងការចាយវាយ ព្រោះតែមានមិត្តភក្តិជាអ្នកបបួលដើរ និងទប់មិនជាប់ជាមួយនឹងការចំណាយក្នុងហាង។

ក្នុងនោះនាងក៏មិនទាន់មានគំនិតចង់បើកអាជីវកម្មណាផ្សេងនោះដែរ ដោយអះអាងថាចង់វាយលុកការសម្ដែងអោយខ្លាំងមួយសារទៀតសិន ដើម្បីកុំអោយបាត់ឱកាសដែលមានផលិតករទាក់ទងដូចរាល់ថ្ងៃ។ យ៉ាងណាមិញ ដ្បិតថាមួយរយៈមុន មិនសូវទទួលថតតែនាងក៏មានភាពយន្តដែលបានថតមុនបើកហាង ត្រៀមនឹងដាក់បញ្ចាំង ដើម្បីលើកមុខលើកមាត់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here