មកដឹងពីភាពខ្លាំងរបស់ម្ចាស់ពាន២រូបនេះ ក្នុងចំណោមទូតសុឆន្ទៈទាំង១២

0

ខុសពីម្ចាស់ពានទាំងឡាយ ដែលឡើងបង្អួតឈុតបុរាណលេចធ្លោទាំងក្នុងពេលប្រកួត និងពេលបង្ហាញខ្លួនជាតារាកិត្តិយសដោយសម្អាងលើស្នាដៃរបស់គេ ឬ ជួលឈុតស្រាប់ៗ សម្រាប់ម្ចាស់ពាន២រូប គឺ លោក ឌួង តារាផាឌីន និងលោក ម៉ែន អម្រុងរ័ត្ន បានអះអាងថាឈុតដែលលោកស្លៀកបង្អួត គឺការច្នៃចេញពីស្នាដៃបស់ខ្លួន អមដោយការប្រឹងប្រែងសិក្សាស្រាវជ្រាវផង ខណៈដែលឈុតរបស់អ្នកទាំងពីរសុទ្ធតែជាស្នាដៃត្រូវទម្រង់ និងលេចធ្លោមានការទទួលស្គាល់៕

លោក ឌួង តារាផាឌីន ដែលគ្រងតំណែងជាម្ចាស់ពានលេខ១ ប្រចាំឆ្នាំ២០១៩ក្ដៅៗ បញ្ជាក់ថា មួយឈុតព្រាហ្មណ៍ដែលលោកយកមកគ្រង ហើយឈ្នះពាន លោកបានប្រើពេលស្រាវជ្រាវ និងច្នៃខ្លួនឯងយ៉ាងលំបាកទាំងរកក្រណាត់មកកាត់ជាសំលៀកបំពាក់ ការដើររកអង្កាំ ព្រមទាំងច្នៃជាត្រីសូល ដើម្បីអោយពេញលក្ខណៈជាឈុតរបស់ព្រះគ្រូព្រាហ្មណ៍នៅក្នុងសម័យអង្គរ។ យ៉ាងណាមិញ លោកថា សម្រាប់គ្រឿង និង មកុដ លោកខ្ចីពីអ្នកឯកទេសច្នៃឈុតបុរាណ គឺលោក អុី សុខជា ប៉ុណ្ណោះ ដើម្បីយកមកផ្គុំអោយគ្រប់លក្ខណៈ ព្រោះតែលោកមិនអាចច្នៃទាន់។ ឆ្លើយតបនឹងការប្រកាសថា ម្ចាស់ពានដែលជាទូតសុឆន្ទៈ នឹងបើកឱកាសអោយបញ្ចេញស្នាដៃប្រកួតឈុតបុរាណគ្នា ក្នុងចំណោមម្ចាស់ពាន ដើម្បីបន្តតំណែងជាទូតសុឆន្ទៈនៅឆ្នាំក្រោយ លោកបានបង្ហើបថាខ្លួនសុខចិត្តចំណាយថវិកាផ្ទាល់ខ្លួនឡើងទៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ កក្កដា ដោយបានស្វែងរករូបចំណាក់ដែលមានឈុតប្លែកៗ នឹងគ្រោងច្នៃជាឈុតបុរាណអោយអស្ចារ្យ ដើម្បីត្រៀមខ្លួនប្រជែងពាន។ បើទោះមិនជាប់ម្ដងទៀត ក៍ត្រូវតែមានឈុតផ្ទាល់ខ្លួន អោយលូយ និងគ្រប់គ្រឿងត្រៀមពីចម្ងាយ បង្ហាញនៅក្នុងកម្មវិធីនោះដែរ។

ងាកទៅម្ចាស់ពានគ្រងឈុតបុរាណច្នៃកាលពីឆ្នាំ២០១៨ លោក ម៉ែន អម្រុងរ័ត្ន គឺលោកគ្រងឈុតជាស្នាដៃផ្ទាល់ខ្លួនទាំង២ឆ្នាំតែម្ដង ដោយឈុតដែលលោកបានគ្រងក្នុងនាមជាទូតសុឆន្ទៈ គឺឈុតព្រះបុត្រានាគបរមចតុមុខ ដែលលោកយកតាមរចនាបទនៃព្រះរាជវាំងចតុមុខ ហើយផ្គុំចេញពីក្បូរក្បាច់នេះបន្តិចពីក្បូរក្បាច់នោះបន្តិចទាក់ទងនឹងរាជវាំងចតុមុខ។ លោកថាខ្លួនក៍កំពុងសម្ងំស្រាវជ្រាវ និងកែច្នៃឈុតបុរាណមួយឈុតអោយអស្ចារ្យ ដើម្បីដណ្ដើមពានក្នុងនាមជាអ្នកច្នៃឈុតលេចធ្លោក្នុងចំណោមទូតសុឆន្ទៈ នៅឆ្នាំក្រោយផងដែរ។

ជាមួយនឹងការលាតត្រដាងនេះ ធ្វើអោយគេមើលឃើញភ្លាមៗថា ការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជាដែលបានធ្វើឡើងយ៉ាងជោគជ័យ២ឆ្នាំ មិនត្រឹមតែជួយអោយមានការចាប់អារម្មណ៍លើទម្រង់សំលៀកបំពាក់បុរាណប៉ុណ្ណោះទេ តែក៍ជំរុញទឹកចិត្តអោយយុវវ័យងាកមកស្រាវជ្រាវ និងច្នៃជាឈុតបុរាណ ដើម្បីប្រជែងស្នាដៃគ្នា គួរអោយសរសើរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here