ជារឿងគួរឲ្យស្ដាយ បើទូតសុឆន្ទៈទាំង១២ មិនឆក់ឱកាសលើតួនាទីរបស់ខ្លួន

0

បន្ទាប់ពីបានប្រកាសផ្ដល់តំណែង ដល់ម្ចាស់ពានទាំង១២ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នៅសំបូរព្រៃគុក ជាទូតសុឆន្ទៈ គេកត់សម្គាល់ថាម្ចាស់ពានឈុតបុរាណរបស់គ្រួសារតារាកម្ពុជា មានឱកាសបង្ហាញខ្លួនកាន់តែច្រើនលើឆាកទូរទស្សន៍ ធ្វើអោយមហាជនមានការកោតសរសើរ។ ស្ថាបនិកគ្រួសារតារាកម្ពុជា ប្រកាសថា ទូតសុឆន្ទៈបើមិនចេះប្រើឱកាសរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំនេះ គឺមិនខុសពីបោះបង់ឱកាសរបស់ខ្លួននោះឡើយ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតឈុតបុរាណបានអះអាងថា អ្នកទទួលបានតំណែងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា មិនខុសពីទទួលបានឱកាសធំមួយក្នុងការពង្រីកកេរ្តិ៍ឈ្មោះ និងមុខមាត់ របស់ខ្លួន កាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈនៅឡើយ។ លោកថាម្ចាស់ពានរបស់គ្រួសារតារាកម្ពុជា មិនត្រូវបានតែងតាំងជាទូតសុឆន្ទៈប្រចាំក្រុមទាំងអស់នោះទេ ដោយក្នុងចំណោមអ្នកជាប់ពានឈុតបុរាណទាំងឆ្នាំចាស់ និងឆ្នាំថ្មី មានតែតារា១២រូបប៉ុណ្ណោះ ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈ ឬ Brand Ambassador ក្នុងជំនាន់ទី១។ ក្នុងរយៈពេលមួយឆ្នាំនេះ លោកថា គ្រួសារតារាកម្ពុជា នឹងបង្កើតសកម្មភាពអោយទូតសុឆន្ទៈទាំង១២រូបចេញមុខនៅក្នុងសង្គមអោយបានច្រើន និងប្រើប្រព័ន្ធផ្សព្វផ្សាយជំរុញកេរ្តិ៍ឈ្មោះរបស់ពួកគេ អោយមានការឈានឡើង តែក៍ទាមទារអោយមានការលះបង់ពីសំណាក់ម្ចាស់ពានក្រោយក្ដាប់តំណែងជាទូតសុឆន្ទៈ។ រយៈពេល១ឆ្នាំ លោកថា គ្រួសារតារាកម្ពុជា នឹងជំរុញចលករ អោយតារាដែលបានតំណែងទូតទាំង១២ កាន់តែមានកេរ្តិ៍ឈ្មោះ និងក្លាយជាអ្នកសិល្បៈគំរូដែលមានសកម្មភាពខ្លាំងក្នុងកិច្ចការសង្គម និងសប្បុរសធម៌។ លោកថា បើមានឱកាសហើយ តែតារាដែលជាប់ជាទូតសុឆន្ទៈមិនចូលរួមសហការ គឺមិនខុសពីបោះបង់តួនាទីរបស់ខ្លួន ក្នុងការពង្រីកកេរ្តិ៍ឈ្មោះ នោះឡើយ។ គ្រួសារតារាកម្ពុជា ក៏នឹងមានវិធានការដកតំណែងទូតសុឆន្ទៈរូបណា ដែលអសកម្មក្នុងក្រុម និងបញ្ចប់តំណែងជាម្ចាស់ពាន ដែលអសកម្មក្រោម៥០ភាគរយនៃសកម្មភាពក្រុម ដោយមិនផ្ដល់អោយធ្វើជាគណកម្មការផ្ដល់ពិន្ទុ សម្រាប់ការប្រកួតឈុតបុរាណនៅឆ្នាំ២០២០នោះដែរ។ លោកនិយាយថា”ទូតសុឆន្ទៈដែលយើងផ្ដល់អោយ បើគាត់ចេះប្រើតួនាទីជាមួយក្រុមបានល្អ ពួកគាត់នឹងទទួលបានកិត្តិយសខ្លាំងក្នុងក្រសែភ្នែកមហាជន ជាពិសេសអ្នកសិល្បៈ តែបើគាត់យកហេតុផលរឿងកម្មវិធីអត់បានលុយ ឬ រវល់ ហើយមិនចូលរួម គឺមិនខុសពីពួកគាត់បោះបង់ឱកាសក្នុងសកម្មភាពសប្បុរសធម៌ ឬ សកម្មភាពលើកស្ទួយមុខមាត់ខ្លួននោះទេ”។ លោកថា សិល្បករច្រើនណាស់ ដែលត្រូវការលើកស្ទួយបែបនេះ ដោយលោកប្រកាសថា គ្រួសារតារាកម្ពុជា មិនខ្វះតារាៗ ដែលមិនមែនជាទូតសុឆន្ទៈចូលរួមសកម្មភាពនោះទេ សម្រាប់ការងារសង្គមដែលគ្រួសារតារាកម្ពុជារំលេចឡើង។

គួរបញ្ជាក់ថា ម្ចាស់ពានដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរួមមាន៖

-លោក ឌួង តារាផាឌីន គឺជាតារាចម្រៀងសំលេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩។

កញ្ញា ភីយ៉ា គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណ​ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ​២០១៩។

-លោក រុន ណាកូ គឺជាម្ចាស់ពាន២ជំនាន់ ដែលជាម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ និងពាន​​ប្រជាប្រិយភាព​​ប្រចាំឆ្នាំ២០១៩ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់។

– អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀង​ និងជាម្ចាស់ពានគ្រងឈុតបុរាណ ផ្នែក​​គ្រងឈុតត្រូវទម្រង់ និងលេចធ្លោប្រចាំឆ្នាំ២០១៨។

-លោក បញ្ញា សិទ្ធិ តារាចម្រៀង និងជាពិធីករ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២។

-កញ្ញា ពេជ្រ ចរណៃ គឺជាម្ចាស់ពានគ្រងឈុតបុរាណ​ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។

-លោក ស៊ិន សុធារិទ្ធ គឺជាតារាសម្ដែង និងជាម្ចាស់ពាន​គ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨។

-កញ្ញា វណ្ណា វត្តី គឺជាតារាចម្រៀង-តារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណ​​ចំណាត់ថ្នាក់លេខ២​ប្រចាំឆ្នាំ២០១៩។

-លោក ម៉ែន អម្រុងរ័ត្ន គឺម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ដែលលេចធ្លោជាងគេកាលពីឆ្នាំ២០១៨។

-កញ្ញា ភី សម័យ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ច្នៃប្រឌិតកាលពីឆ្នាំ២០១៨។

-លោក លឿង វិសាល គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។

-កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំ២០១៨។


LEAVE A REPLY

Please enter your comment!
Please enter your name here