អ៊ិន សុភិន ប្រតិកម្មរឿង គេប្រកាសថាជំពាក់លុយ​

0

ក្នុងប៉ុន្មានថ្ងៃនេះ លោក អ៊ិន សុភិន បានទទួលព្យុះភ្លៀងគួរសម ជុំវិញការផ្សព្វផ្សាយថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្មលើបណ្ដាញផ្សព្វផ្សាយ ហើយមិនធ្វើការបង់លុយ។ លោកបានបង្ហាញពីប្រតិកម្មឆ្លើយតប និងបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំអោយមានការចុះផ្សាយនោះឡើយ។

លោកបានសរសេរនៅលើហ្វេសប៊ុកថា«សូមអរគុណដល់អ្នកសារព័ត៌មានមូយចំនួនដែលចង់អោយខ្ញុំល្បីដល់ថ្នាក់ចុះផ្សាយព័ត៌មានមិនពិតថារូបខ្ញុំជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារព័ត៌មានមួយចំនួនដែលចុះផ្សាយថា តើមានឯកសារណាមួយដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្សគួប្រើខួក្បាលជាមនុស្ស កុំប្រើខួក្បាលជាឆ្កែចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរ៏របស់អ្នកដ៏ទៃដើម្បីផលប្រយោជន៏ការសែតខ្លួនឯងនោះ។ ខ្ញុំមិនខ្មាស់គេទេព្រោះមិនពិត សូមប្រើវិជ្ជាជីវៈអោយបានត្រឹមត្រូវបើគ្មានភស្តុតាងកុំចេះតែចុះនាំអោយប្រជាជនទូទៅអស់ជំនឿលើសារព័ត៌មាននៅកម្ពុជា!»។

ជាមួយនឹងការបង្ហោះបែបនេះ លោកក៏បានពន្យល់ថា ហេតុផលដែលនាំអោយមានការចុះផ្សាយបែបនោះ គឺដោយសារតែលោករវល់នឹងកិច្ចការផ្សេងច្រើន ហើយបុគ្គលិកមិនបានទូទាត់ថ្លៃសាំងរបស់អ្នកកាសែតដែលបានចុះទៅយកព័ត៌មានពីខ្លួននោះមិនទាន់ពេលប៉ុណ្ណោះ ទើបនាំអោយមានរឿងនោះ។ យ៉ាងណាមិញ លោកថានោះមិនមែនជាលុយផ្សព្វផ្សាយពាណិជ្ជកម្មដូចអ្វីដែលអ្នកកាសែតនោះចុះផ្សាយទេ គឺគ្រាន់តែជាថ្លៃសាំងមួយដែលក្រុមហ៊ុនលោកផ្ដល់ជូនក្នុងពេលអញ្ចើញអោយអ្នកកាសែតទៅយកព័ត៌មាននៅពេលក្រុមហ៊ុនមានការការងារសិល្បៈណាមួយត្រូវបានរៀបចំប៉ុណ្ណោះ។ លោកសារភាពថាខ្លួនមានការធ្វេសប្រហែសក្នុងការរៀបចំថវិកាទាំងនោះអោយអ្នកកាសែត ដោយសារសម្អាងថាអ្នកកាសែតទាំងនោះមានការងារច្រើនជាមួយក្រុមហ៊ុន និងម្យ៉ាងបណ្ដាលមកពីលុយនោះជាកញ្ចប់មួយតូច ដែលលោក និងក្រុមការងារទៅគិតគូរលើការចំណាយផ្សេងៗច្រើនជាង។

លោកថាលោកមិនដែលកើតមានបញ្ហារឿងកញ្ចប់ថ្លៃសាំងអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបណ្ដាលមកពីបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ និងរោងកុន ក៏មិនទាន់បង្វិលលុយអោយលោកនោះដែរ ទើបបណ្ដាលអោយលោកធ្វេសប្រហែសក្នុងការបង្វិលលុយនេះ តែក៏មិននឹកស្មានថាអ្នកកាសែតមួយចំនួន គឺគ្រាន់តែបើកលុយដែលក្រុមហ៊ុនរបស់លោកផ្ដល់អោយក្នុងនាមថ្លៃសាំងនោះមិនទាន់ក៏បែរជាប្រកាសថាលោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មដូចការប្រកាសបែបហ្នឹងនោះដែរ ដោយលោកបញ្ជាក់ថាការប្រកាសបែបនេះ គឺហាក់ដូចជាលោកទិញទំព័រផ្សព្វផ្សាយនៅលើកាសែត ហើយមិនទទួលខុសត្រូវដោយមិនបង់លុយអោយ។

លោកប្រកាសអោយអ្នកកាសែតទាំងអស់មកយកលុយនៅក្រុមហ៊ុនរបស់លោក ខណៈដែលលោកក៏បានប្រកាសថាការពិតថវិកាដែលខ្វះលើអ្នកកាសែតនោះ លោកក៏បានឮថាក្រុមការងាររបស់លោកនឹងបើកអោយនៅសប្ដាហ៍នេះផងដែរ ដោយសារតែខាងប៉ុស្ដិ៍ទូរទស្សន៍ក៏បង្វិលលុយទាំងម៉ឺនដុល្លារអោយលោកក្រោយពីជំពាក់ច្រើនខែ ប៉ុន្តែមិនទាន់បានគិតគូរផង ក៏ស្រាប់តែមានការបង្ហោះបង្ខូចឈ្មោះបែបនោះ។

លោកអ៊ិន សុភិន សម្ដែងការខកចិត្ត ចំពោះបណ្ដាញផ្សព្វផ្សាយដែលបានផ្សាយពីលោក ខណៈដែលពេលកន្លងមក លោក និងក្រុមអ្នកសារព័ត៌មានក៏មានការងារត្រូវធ្វើជាមួយគ្នាជិតស្និទ្ធ ដែលមិនគួរថាត្រឹមតែបញ្ហាយឺតយ៉ាវ ហើយក៏ជាលុយតិចតួចដែលលោករវល់តែខ្វាយខ្វល់នឹងកិច្ចការធំផ្សេងប៉ុណ្ណឹង ស្រាប់តែឈានដល់ការបង្ខូចឈ្មោះលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here