បញ្ញា សិទ្ធិ ស្ថិតក្នុងពេទ្យ ស្របពេលសំខាន់

0

ក្នុងចំណោមម្ចាស់ពានទាំង១២រូប ដែលត្រូវបានប្រកាសជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា សម្រាប់រយៈពេល១ឆ្នាំ ដើម្បីកិច្ចការសង្គម លោក បញ្ញា សិទ្ធិ ក៍ជាទូតសុឆន្ទៈមួយរូបក្នុងចំណោមនោះផងដែរ។ អ្វីដែលគួរអោយសោកស្ដាយ គឺលោកខកគម្រោងចេញមុខក្នុងនាមជាម្ចាស់ពាន និងជាទូតសុឆន្ទៈ ក្នុងពេលដែលម្ចាស់ពាន១១រូបផ្សេងទៀត ត្រូវបានគេរៀបចំអោយឡើងបង្អួតប្រជាប្រិយភាពនៅលើកញ្ចក់ទូរទស្សន៍ PNN និង CTN ។

លោក បញ្ញា សិទ្ធិ និយាយថា លោកពិតមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលក្រោយពីលោកជាប់ពានគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជា លោកស្រាប់តែស៑យ ព្រោះតែមានជំងឺ ហើយត្រូវវះកាត់បន្ទាន់។ លោកថាខ្លួនមានជំងឺដុះសាច់ក្នុងបំពង់កចំនួន២ដុំជាយូរមកហើយ ប៉ុន្តែទើបតែធ្វើទុក្ខខ្លាំងក្នុងមួយរយៈចុងក្រោយ។ លោកបានចាកចេញទៅវះកាត់នៅក្នុងប្រទេសថៃតែប៉ុន្មានថ្ងៃក្រោយការកាន់ពានចំណាត់ថ្នាក់លេខ២ក្នុងប្រកួតឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក ដោយក្នុងពេលនេះ វេជ្ជបណ្ឌិត្យតម្រូវអោយលោកបន្តព្យាបាលក្រោយការវះកាត់បន្តទៀត ទើបធ្វើអោយលោកខកគម្រោងឡើងPNN និង CTN ដែលគ្រួសារតារាកម្ពុជាបានរៀបចំឡើងនៅថ្ងៃទី២៦ និង ថ្ងៃទី២៧ កក្កដា នេះ។ លោកនិយាយថា ជារឿងសោកស្ដាយយ៉ាងខ្លាំង ដែលមិនបានបង្ហាញមុខ ក្នុងពេលម្ចាស់ពាន និងទូតសុឆន្ទៈគ្រប់រូបដូចលោក ចាប់ផ្ដើមពង្រីកប្រជាប្រិយភាព។ យ៉ាងណាមិញលោកថា បន្ទាប់ពីចេញពីមន្ទីរពេទ្យ លោកនឹងបង្ហាញខ្លួនអោយសកម្មក្នុងនាមជា ទូតសុឆន្ទៈក្នុងកិច្ចការសង្គមរបស់គ្រួសារតារាកម្ពុជា ដើម្បីរួមចំណែកអោយពេញទំហឹង ជាមួយនឹងសកម្មភាពសប្បុរសធម៌។

លោក បញ្ញា សិទ្ធ បញ្ជាក់ថា លោកនឹងត្រូវបានអនុញ្ញាតិអោយចាកចេញពីមន្ទីរពេទ្យថៃ នៅចុងខែកក្កដា នេះ ប៉ុន្តែមិនទាន់ដឹងថា ពេលទើបអាចនិយាយបានដូចដើមនៅឡើយទេ គឺត្រូវរង់ចាំរហូតដល់ផ្សះស្នាមវះកាត់។ ក្នុងរយៈពេលនេះ ក្រៅពីខកខានបង្ហាញមុខក្នុងនាមជាម្ចាស់ពាន នៅលើកញ្ចក់ទូរទស្សន៍ ក៍លុបគម្រោងកម្មវិធីអស់ជាច្រើនផងដែរ ព្រោះតែការវះកាត់សាច់ដុះក្នុងបំពង់ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here