ដូចជាមហាជនបានជ្រាបមកថា សម្លៀកបំពាក់បុរាណខ្មែរយើងត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតបំពាក់ឱ្យមនុស្ស ក៏ប៉ុន្តែវានឹងគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតប្រសិនបើលៀកបំពាក់ពាក់ទាំងនោះត្រូវបានពាក់នៅលើតុក្កតាប្រភេទកូនក្រមុំ និងកូនកំឡោះ។ ជាក់ស្ដែង អ្នករចនាម៉ូដសម្លៀកបំពាក់បុរាណគឺ លោក ជៀប ស៊ីបូរ៉ា បានវិលត្រឡប់មកវិញជាមួយការច្នៃម៉ូដម្ដងទៀត បន្ទាប់ពីចំណាយពេលសិក្សា និងធ្វើការងារនេះអស់រយៈពេល ៩ ឆ្នាំកន្លងមកហើយ។
លោក ជៀប ស៊ីបូរ៉ា បច្ចុប្បន្នមានវ័យ 26ឆ្នាំ ត្រូវបានមហាជនស្គាល់តាមរយៈស្នាដៃច្នៃម៉ូតសំលៀកបំពាក់ គ្រងលើតុក្កតាបាប៊ី និងធ្លាប់ចាប់ការប្រកួតតុក្កតាបាប៊ីតំណាងឱ្យរាជធានីខេត្តទាំង២៥របស់កម្ពុជា។ អ្នករចនាម៉ូដបុរាណវ័យក្មេងរូបនេះ មានស្រុកកំណើតនៅលើទឹកដីអង្គរធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរជាច្រើនចំពោះស្នាដៃច្នៃម៉ូដសំលៀកបំពាក់របស់លោក ដែលមើលទៅមានសោភ័ណ្ឌភាពស្រស់ស្អាត និងបង្ហាញពីវប្បធម៌របស់ខ្មែរ។ យ៉ាងណាមិញ ដើម្បីសម្រេចក្ដីសុបិនមួយនេះលោកបានចំណាយពេលផ្ទាល់ជាច្រើនឆ្នាំមកហើយ លើការច្នៃម៉ូតសំលៀកបំពាក់ទាំងនោះ។ តែនៅមិនទាន់សម្រេចទាំងស្រុងនោះទេ ព្រោះការច្នៃម៉ូដរបស់លោកកន្លងមក ភាគច្រើនមានតែបំពាក់ឱ្យតុក្កតាបាប៊ីដែលជាភេទស្រី ហើយនៅមិនទាន់មានជាប្រភេទតុក្កតាប្រុសនៅឡើយ។
ទោះជាយ៉ាងក៏ដោយ ក្ដីស្រម៉ៃនៅមិនទាន់បោះបងឡើយ ខណៈដែលលោកធ្លាប់ចង់ចាប់អាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់នេះ និងចង់ឱ្យសម្លៀកបំពាក់តំណាងកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិដូចជាប្រទេសដទៃដែរនេះ បើមានការនឿយហត់ និងបាក់ទឹកចិត្តក្នុងការធ្វើបន្តជាច្រើនដងក៏ពិតមែន តែថ្មីនេះ លោក ជៀប ស៊ីបូរ៉ា បានវិលត្រឡប់មកវិញជាមួយស្នាដៃ ក្នុងរចនាម៉ូដសម្លៀកបំពាក់បុរាណឱ្យតុក្កតាប្រុសវិញម្ដង។ លោក ជៀប ស៊ីបូរ៉ា បានបញ្ជាក់ថា ការរចនាម៉ូដបុរាណឱ្យតុក្កតាប្រុស គឺកើតឡើងពីការស្រម៉ៃ និងបានដកស្រង់ចេញពីចម្លាក់ទេវរូប និងចម្លាក់ផ្សេងៗទៀត ដើម្បីឱ្យច្នៃទៅមិនខុសទម្រង់បុរាណខ្មែរយើង។ លោកបន្ដថា មានម៉ូដខ្លះ ត្រូវបានលោកច្របាច់បញ្ចូលគ្នាដើម្បីឱ្យមើលទៅប្លែកភ្នែក តែនៅរក្សាជាទម្រង់បុរាណដដែរ។
អ្នករចនាម៉ូដសម្លៀកបំពាក់បុរាណទាំងវ័យក្មេងរូបនេះ បានបញ្ជាក់ដែរថា លោករចនាម៉ូដសម្រាប់តុក្កតាប្រុសគឺដើម្បីចង់ឱ្យមហាជនគ្រប់គ្នាបានស្វែងយល់បន្ថែមទៀតអំពីសម្លៀកបំពាក់បុរសរបស់ខ្មែរនាសម័យបុរាណដែលលោកជឿជាក់ថា វាជាចំណេះដឹងល្អមួយក្នុងការសិក្សាពីវា និងបានបញ្ឈប់ការយល់ច្រឡំលើដើមកំណើតសម្លៀកបំពាក់របស់ខ្មែរជាមួយនឹងបណ្តាប្រទេសជិតខាងដទៃទៀត។ លោកថា ការច្នៃម៉ូដនេះមិនមែនសម្រាប់ការប្រកួតអ្វីទាំងអស់ តែគឺដើម្បីការភិរក្ស និងថែរក្សាសម្លៀកបំពាក់បុរាណខ្មែរតែប៉ុណ្ណោះ។
ចង់ដឹងថាការរចនាម៉ូដសម្លៀកបំពាក់បុរាណសម្រាប់តុក្កតាប្រុសនេះប្លែកភ្នែក និងស្រស់សង្ហាកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖