ម្ចាស់ពាន១២រូប នឹងក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា

0

ដើម្បីបំផុសម្ចាស់ពាន និងលើកទឹកចិត្តម្ចាស់ពានដែលគ្រងឈុតបុរាណអោយកាន់តែមានកិត្តិយសក្នុងកិចការសង្គម គ្រួសារតារាកម្ពុជានឹងតែងតាំងម្ចាស់ពានជំនាន់ទី១ និងជំនាន់ទី២ ទាំង១២រូប ជាទូតសុឆន្ទៈ (Brand Ambassador) ប្រចាំក្រុម ដោយនឹងតម្រូវអោយម្ចាស់ពានទាំងអស់ចូលរួមក្នុងកិច្ចការសង្គមអោយបានច្រើន។ ក្នុងនោះគ្រួសារតារាកម្ពុជា ក៍នឹងស្វែងរកម្ចាស់ពានជាទូតសុឆន្ទៈមួយរូប ដែលសកម្មជាងគេក្នុងកិច្ចសង្គម ដើម្បីអោយទទួលបានពានកិត្តិយសមួយ ឬ លិខិតសរសើរមួយ នៅឆ្នាំក្រោយផងដែរ។

លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ជាគោលការណ៍គឺមានតែម្ចាស់ពានឆ្នាំថ្មី៧រូបប៉ុណ្ណោះ ដែលត្រូវបំពេញតួនាទីជា ទូតសុឆន្ទៈ ឬ Brand Ambassador ក្នុងកិច្ចការសង្គមប្រចាំក្រុមសម្រាប់ឆ្នាំ២០១៩នេះ។ ប៉ុន្តែដោយយោងថាម្ចាស់ពានឆ្នាំចាស់ គឺជាតារាដែលមានឆន្ទៈខ្ពស់ ក្នុងកិច្ចការសង្គម ហើយដើម្បីលើកទឹកចិត្តដល់ម្ចាស់ពានឆ្នាំចាស់ទាំង៥ដែលបានចំណាយពេលវេលាទៅជួយ ព្រឹត្តិការណ៍ប្រកួតឈុតបុរាណនៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃ៨ កក្កដា ឆ្នាំ២០១៩ ផង ទើបលោកសម្រេចកំណត់យកម្ចាស់ពានដែលទៅជួយកម្មវិធីរបស់គ្រួសារតារាកម្ពុជាទាំង៥នោះ អោយបន្តតួនាទីជាទូតសុឆន្ទៈជាមួយម្ចាស់ពានឆ្នាំថថ្មីបន្តទៀត។ លោកនិយាយថា”ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់ទាំង៦ ដែលទៅជួយកម្មវិធីនៅប្រាសាទសំបូរព្រៃគុក ម្ចាស់ពានម្នាក់គាត់បន្តកាន់ពានជាតារាប្រជាប្រិយ ប៉ុន្តែដើម្បីទឹកចិត្តពួកគាត់ដែលតស៑ូជាមួយក្រុម យើងនឹងបន្តអោយពួកគាត់ទាំង៥ដែលបានផ្ទេរតំណែងជាម្ចាស់ពានឆ្នាំចាស់ទាំងនោះ អោយនៅតែជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាដដែល”។ លោកថាទូតសុឆន្ទៈទាំង១២របស់គ្រួសារតារាកម្ពុជា នឹងបង្ហាញមុខយ៉ាងសកម្មក្នុងកិច្ចការសង្គម។ ក្នុងនោះម្ចាស់ពានដែលជាទូតសុឆន្ទៈណា ដែលចូលរួមក្នុហកិច្ចការសង្គមពេញរយៈពេល១ឆ្នាំ រាប់គិតចាប់ពីការកាន់ពានរបស់អ្នកជំនាន់ថ្មីតទៅ នឹងទទួលពានកិត្តិយសមួយ ឬ លិខិតសរសើរដាច់ដោយឡែកមួយ ក្នុងនាមជាទូតសុឆន្ទៈឆ្នើមប្រចាំក្រុម នៅឆ្នាំក្រោយផង ដើម្បីលើកទឹកចិត្តអោយទូតសុឆន្ទៈទាំង១២ប្រកួតប្រជែងគ្នាក្នុងកិច្ចការសប្បុរសធម៌។ លោកនិយាយថា”យើងមានវិធីកាត់សេចក្ដីអ្នកទទួលបានតំណែងជាទូតសុឆន្ទៈឆ្នើម តាមរយៈចំនួនចូលរួមក្នុងកិច្ចការសង្គមច្រើនដងជាងគេ របស់ម្ចាស់ពានម្នាក់ៗ ប៉ុន្តែបើមានពីរនាក់ ឬ បីនាក់ចូលរួមបានច្រើនដូចគ្នាក្នុងរយៈពេល១ឆ្នាំ យើងនឹងកាត់សេចក្ដីបន្ថែមលើអត្តចរឹតក្នុងការចូលរួមរបស់ពួកគាត់ និងលើការគោរពេលវេលារបស់ពួកគាត់”។ លោកថាម្ចាស់ពានទូតសុឆន្ទៈឆ្នើមរបស់គ្រួសារតារាកម្ពុជានៅឆ្នាំក្រោយ នឹងមានតែម្នាក់ប៉ុណ្ណោះ ខណៈដែលលោកបង្ហើបថា សមាជិកដែលមានតួលេខចូលរួមក្នុងកិច្ចការសង្គមបានច្រើនជាងគេ សម្រាប់១ឆ្នាំតទៅមុខ ក៍នឹងទទួលបានប័ណ្ណសរសើរ ជាតារាឆ្នើមក្នុងកិច្ចការសង្គមប្រចាំក្រុមផងដែរ។ លោកថាពាន ឬ ប័ណ្ណសរសើរប្រកាសចេញពីគ្រួសារតារាកម្ពុជា មិនអស្ចារ្យដូចចេញពីស្ថាប័នធំៗនោះទេ ប៉ុន្តែអ្នកទទួលបានពាននោះ ឬ លិខិតសរសើរនោះ គឺទទួលបានកិត្តិយសក្នុងចង្កោមមហាជន ជាពិសេសគឺរង្វង់អ្នកសិល្បៈភាគច្រើន។

គួរបញ្ជាក់ថា ម្ចាស់ពានទាំង១២រូប ដែលត្រូវបានលោក ផាត់ តារារដ្ឋ ប្រកាសថាគឺជាទូតសុឆន្ទៈតំណាងក្រុមក្នុងកិច្ចការសង្គមទាំង១២រូបនោះរួមមាន តារាចម្រៀងអ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់កាលពីឆ្នាំ២០១៨, តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោប្រចាំឆ្នាំ២០១៨, តារាសម្ដែង និងជាតារាម៉ូដែល BN លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានអ្នកគ្រងឈុតបុរាណប្រជាប្រិយប្រចាំឆ្នាំ២០១៩, តារាសម្ដែង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃប្រចាំឆ្នាំ២០១៨, តារាសម្ដែង កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃលេចធ្លោប្រចាំឆ្នាំ២០១៨, តារាចម្រៀងសំលេង២ លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, តារាសម្ដែង កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៩, លោក លឿង វិសាល បុរសឯកវាយនភណ្ឌ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩, និង តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ដែលទើបទទួលពានឆ្នាំនេះ។ លោកផាត់ តារារដ្ឋ បន្តថា ពេញរយៈពេលមួយឆ្នាំតទៅមុខ ម្ចាស់ពានណាចូលរួមសកម្មភាពសប្បុរសធម៌ជាមួយគ្រួសារតារាកម្ពុជា បានច្រើនជាងគេ នោះនឹងទទួលបានកិត្តិយសមួយផ្សេងទៀតជាទូតសុឆន្ទៈឆ្នើមប្រចាំឆ្នាំ។