ផលិតករ Red Picture ប្រាប់មូលហេតុ រយាលការផលិតរឿងដុំ

0

មកទល់ពេលនេះ គេកត់សម្គាល់ថាផលិតកម្មធំៗរួមមានផលិតកម្ម Red Picture ជាដើម ក៏រយាលពីការផលិតភាពយន្តសម្រាប់ដាក់រោងកុងផងដែរ បើទោះជាវិស័យភាពយន្តនៅកម្ពុជាមានការរីកចំរើននៅឡើយ។

ពាក់ព័ន្ធនឹងមូលហេតុនេះ ផលិតករRed Picture ដែលទើបធ្វើពិធីក្រុងពាលីចេញថតរឿង«វិញ្ញាណកង់សាគួ»បញ្ជាក់ប្រាប់។

លោក ឌៀប សុវណ្ណារ៉ា ផលិតករRed Picture បានអះអាងថា ហេតុផលដែលផលិតកម្មរបស់លោក រយាលក្នុងការផលិតរឿងដុំ គឺដោយសារតែការគាំទ្រនៅក្នុងវិស័យនេះមានការធ្លាក់ចុះជាងមុន ស្របគ្នាដែលបញ្ហាពន្ធនៅតែជារឿងចម្រូងចម្រាស់នៅឡើយ។
ម្យ៉ាងមកពីផលិតកម្មមមាញឹកនឹងការពង្រឹងគុណភាពក្នុងការផលិតរឿងភាគដែលអាចរកលុយមកទប់ស្រួលជាងនោះផង ទើបលោករយាលផលិតរឿងដុំ ហើយយកពេលទៅប្រកួតប្រជែងរឿងភាគសម្រាប់ទូរទស្សន៍ច្រើនជាង។

លោកថារឿងដុំក្នុងរយៈពេលចុងក្រោយមិនសូវចំណេញច្រើនទេ ដោយសារតែអ្នកទស្សនាភាពយន្តខ្មែរនៅតែមានកម្រិត ហើយបណ្ដារោងកុនមួយចំនួន ក៏ច្រើនតែដាក់រឿងខ្មែរក្នុងអំឡុងម៉ោងមិនសូវល្អ នៅពេលភាពយន្តបរទេសបុកចូលម្ដងៗ។
ម្យ៉ាងមកពីផលិតកម្មចង់ពង្រឹងគុណភាពរឿងអោយល្អសម្រាប់រឿងមួយៗ មុននឹងធ្វើការផលិតផង ទើបលោកសម្រេចចិត្តផលិតអោយតិច តែធ្វើអោយខ្លាំង ហើយដណ្ដើមយកជោគជ័យ។

ជាក់ស្ដែងដូចជារឿង«វិញ្ញាណកង់សាគួ»លោកថាមានការរៀបចំ និងចាត់ចែងមិនតិចជាងមួយឆ្នាំនោះទេ រាប់ទាំងការនិពន្ធផង ទម្រាំសម្រេចដាក់ចេញថតផ្លូវការ ដោយបានទាំំងធ្វើពិធីក្រុងពាលីកាលពីថ្ងៃទី២២ មិថុនាមុននេះ។

លោក វង្ស ពិសិដ្ឋ អ្នកដឹកនាំការផលិតភាពយន្តរឿង«វិញ្ញាណកង់សាគួ»បានអះអាងថា ភាពយន្តមួយនេះ នឹងចំណាយអស់ច្រើនម៉ឺន ហើយសម្រាប់តួសម្ដែងក៏ខាងផលិតកម្មម៉ត់ចត់ក្នុងការជ្រើសមកសម្ដែងផងដែរ ដោយមិនមែនចេះតែរើសហើយឆិនឆៃនោះទេ។

លោកថាដ្បិតថាភាពយន្តរឿង«វិញ្ញាណកង់សាគួ»បង្កប់ដោយការភ័យរន្ធត់ ជាមួយនឹងភាពកំប្លុកកំប្លែង ប៉ុន្តែក៏ត្រូវពង្រឹងគុណភាពអោយល្អទាំងប៉ារ៉ូល ទាំងភ្លេង ទាំងភ្លេង និងគុណភាពប្លង់ផងដែរ ក្នុងពេលដែលអ្នកចេះទស្សនាភាពយន្តក្នុងប្រទេសច្រើនឡើងកាន់តែស្គាល់ពីស្ដង់ដារកុន។ អ៊ីចឹងហើយ ទើបលោកយល់ថាការផលិតកុននាពេលចុងក្រោយមិនចេះតែបានៗ ហើយធ្វើយកបរិមាណនោះទេ ដើម្បីកុំអោយគាំទ្របាត់បង់ទំនុកចិត្តម្នាក់បន្តិចៗ។

លោកថានឹងធ្វើអោយភាពយន្តរឿង«វិញ្ញាណកង់សាគួ!»ទទួលបានការគាំទ្រពេញទំហឹង ដើម្បីអោយពេលថតចប់ ហើយដាក់លក់សំបុត្រជោគជ័យពេញទំហឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here