កាលពីព្រឹកថ្ងៃទី២១ មិថុនា មុននេះផលិតកម្មRed Picture បានធ្វើពិធីក្រុងពាលីចេញថតរឿង«វិញ្ញាណកង់សាគួ»របស់ខ្លួន ដើម្បីត្រៀមដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ។ តារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេដឹងថាបានគ្រងតំណែងតួឯកនៅក្នុងភាពយន្តនោះ តែនាងបែរជាអះអាងថាមិនទាន់ដឹងថាខាងផលិតករអោយនាងសម្ដែងជាអ្វី និងមានអត្តចរឹកយ៉ាងមិចក្នុងថ្ងៃក្រុងពាលីនោះទេ។ យ៉ាងណាមិញ អ្នកនាងថាសប្បាយចិត្តដែលបានសម្ដែងនៅក្នុងរឿងនោះ ដោយអះអាងថាជាភាពយន្តមួយដែលគ្រាន់តែមើលចំណងជើងក៏ទាក់ទាញ។
អ្នកនាងនិយាយថា មុនមកដល់ពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»ជាមួយលោក ជា សុវណ្ណនារាហ៍ អ្នកនាងមិនទាន់បានអានលម្អិតពីសាច់រឿងពីក្រុមផលិតករនៅឡើយទេ ទើបអ្នកនាងមិនទាន់ដឹងច្បាស់ថា អ្នកនាងត្រូវសម្ដែងយ៉ាងមិច និងដើរតូយ់ាងណាខ្លះ នៅក្នុងសាច់រឿង។ អ្នកនាងថា ភាពយន្តនេះ បានទាក់ទងអោយនាងចេញសម្ដែងយូរហើយ ដោយគ្រាន់តែបានដឹងថាភាពយន្តនេះចេញថត និងក្រុងពាលីភ្លាម ក៏រត់មកក្រុងពាលីភ្លាម។
អ្នកនាងថា ភាពយន្តមួយនេះប្រហែលជាអ្នកនាងត្រូវសម្ដែងមិនខុសពីសាច់រឿងមុនៗនោះទេ ដោយសារតែខាងផលិតករបានប្រាប់អ្នកនាងថា ជាភាពយន្តដែលមានភាពកំប្លុកកំប្លែង និងភ័យរន្ធត់មិនខុសពីរឿងមុនៗ។
លោក វង្ស ពិសិដ្ឋ ជាអ្នកគ្រប់គ្រងការផលិតភាពយន្តរឿង«វិញ្ញាណកង់សាគួ»របស់ផលិតកម្ម Red Picture បានអះអាងថា ភាពយន្តមួយនេះ នឹងចាយទុនប្រមាណជា៥ម៉ឺនដុល្លារយ៉ាងហោច ហើយគ្រោងចំណាយពេលថត និងកាត់តយ៉ាងតិច៣ខែ។ លោកថានេះភាពយន្តដែលនិយាយពីវិញ្ញាណ ហើយសាច់រឿងទាំងមូលនឹងទាក់ទាញខ្លាំង ទើបលោកជ្រើសយកអ្នកនាង សុខ សោម៉ាវត្តី អោយសម្ដែងជាតួឯក។ លោកថាអ្នកនាងនឹងដើរតួជានារីក្រម៉ិចក្រម៉ើមមិនខុសពីរឿងមុនៗនោះទេ ដោយនៅក្នុងរឿងនេះ អ្នកនាងនឹងត្រូវលេងខ្លាំងជាងរឿងមុន៕