នៅថ្ងៃទី៨ កក្កដា នេះ ទ្រង់ សុីសុវត្ថិ សិរីវុឌ ដែលត្រូវគេស្គាល់ថា គឺជាតារាសម្ដែងល្បីឈ្មោះ និងជាផលិតកររឿង”ម្ចាស់ព្រៃ” ប្រកាសលើកទាំងគ្រួសារតែម្ដង ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍គ្រងឈុតបុរាណ ដែលរៀបចំឡើងនៅបរិវេណប្រាសាទសំបូរព្រៃគុក។ អ្នកអង្គម្ចាស់បញ្ជាក់ថា ក្នុងកម្មវិធីធំដុំមួយនេះ ទ្រង់មិនត្រឹមតែលើកទាំងជាយា និងកូនប្រុស ដែលសុទ្ធតែជាតួសម្ដែងទៅជាមួយប៉ុណ្ណោះទេ តែក៍នឹងរួមគ្នាគ្រងឈុតក្នុងរឿង”ម្ចាស់ព្រៃ” ដែលជាឈុតបុរាណនៅក្នុងសម័យកាលមួយ យកទៅបង្អួតផងដែរ។
ទ្រង់ សុីសុវត្ថិ សិរីវុឌ មានបន្ទូលថា ដើម្បីចូលរួមលើកស្ទួយសិល្បៈបុរាណ នៅថ្ងៃទី៨ កក្កដា នោះ ទ្រង់ត្រៀមខ្លួនរួចហើយ ក្នុងការគ្រងឈុតក្នុងរឿង”ម្ចាស់ព្រៃ” ទាំងភរិយា និងកូនប្រុស ដើម្បីផ្សព្វផ្សាយសំលៀកបំពាក់ដែលទ្រង់ស្រាវជ្រាវយកមកស្លៀកក្នុងភាពយន្តនោះផង និងដើម្បីបង្ហាញអោយគេឃើញថា ឈុតសំលៀកបំពាក់ខ្មែរ នៅក្នុងសម័យបុរាណមានច្រើនទម្រង់ បូករួមទាំងឈុតដែលទ្រង់ និងគ្រួសារគ្រងយកទៅបង្ហាញនោះផង។ ទ្រង់សិរីវុឌ បន្តថា ក្រៅពីដឹកនាំអ្នកម្នាង មរកត ជាជាយា ដែលជាម្ចាស់ផលិតកម្មមួយរូប និងកូនប្រុសជាតួសម្ដែងផង អោយចូលរួម ទ្រង់ក៍នាំប្រធានសមាគមខ្មែរមួយរូប នៅសហរដ្ឋអាមេរិក អោយចូលរួមជាកិត្តិយសផង។
យោងតាមការបង្ហើបអោយដឹងពីគ្រួសារតារាកម្ពុជា ទ្រង់ សិរីវុឌ ក៍ត្រូវបានកម្មវិធីផ្ដល់កិត្តិយសអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុមួយរូបផងដែរ ដើម្បីមានសិទ្ធិជ្រើសរើសបេក្ខជនបេក្ខនារីមួយរូប ក្នុងការប្រកួតឈុតបុរាណនាថ្ងៃនោះផងដែរ។ វត្តមានរបស់ទ្រង់សិរីវុឌ និងគ្រួសារ ត្រូវគេរំពឹងថា នឹងជួយអោយព្រឹត្តិការណ៍នៅព្រឹកថ្ងៃ៨ កក្កដា នៅប្រាសាទសំបូរព្រៃគុក កាន់តែមានការចាប់អារម្មណ៍ ក្នុងពេលតារាសិល្បៈជិត១០០នាក់ ក៍សុទ្ធតែត្រៀមខ្លួនចូលរួមដូចគ្នានោះ។