រយៈពេល៦ឆ្នាំ ក្នុងការផ្សងព្រេងមកបង្កើតអាជីពជាអ្នកផាត់មុខ លោក សៀង ម៉េងលាង ដែលគេស្គាល់ក្នុងពិភពអ្នកផាត់មុចថា លាង Make Up បង្ហើបអោយដឹងពីមហិច្ឆតាយ៉ាងខ្លាំង។ ឈានដល់ជំហាននេះ លោកថានឹងដើរអោយដល់គោលដៅ ដោយនឹងប្រឹងបង្កើនសមត្ថភាពផាត់មុខរបស់ខ្លួន អោយក្លាយជាអ្នកឯកទេសម្នាក់។
ក្នុងពិធីទទួលបានប័ណ្ណសរសើរក្នុងការប្រកួតផាត់មុខ របស់កម្មវិធី Mahas Home អ្នកផាត់មុខវ័យក្មេងរូបនេះ ត្រូវបានម្ចាស់កម្មវិធី និងក្រុមអ្នកឯកទេសផ្នែកផាត់មុខសរសើរយ៉ាងខ្លាំងថាមានថ្វីដៃខ្ពស់ ដោយលោកប្រើរយៈពេលផាត់មុខដូចគ្នា តែអាចអោយនារីជាអ្នកដែលលោកតុបតែងមុខអោយនៅក្នុងកម្មវិធីនោះ ស្រស់ស្អាតដូចទេពអប្សរ និងមើលទៅមិនឃើញថាផាត់មុខខ្លាំង។ លោកមិនត្រឹមតែជំនាញខាងតែងមុខកូនក្រមុំប៉ុណ្ណោះទេ ប៉ុន្តែខាងផ្នែកស្លៀកពាក់ លោកក៍បុិនប្រសព្វតែងឈុតបុរាណ ឬ សម័យ បានល្អឥតខ្ចោះផងដែរ ទើបលោកមានវ័យក្មេងមែន ប៉ុន្តែបើនិយាយពីសមត្ថភាព គឺអ្នកឯកទេសផាត់មុខ និងខាងស្លៀកឈុតបុរាណណាមួយ ក៍មិនអាចមើលស្រាល។ លោកលាង Make up ក៍ត្រូវគេដឹងថា មានជំទាវធំៗធ្វើជាម៉ូយប្រចាំលើការផាត់មុខ និងរៀបឈុត ដោយមិនមែនត្រឹមតែតារាសិល្បៈនោះទេ។
លោក លាង Make up ថ្លែងក្នុងពិធីទទួលប័ណ្ណសរសើរកាលពីថ្ងៃទី១ កក្កដា នោះថា មកទល់ពេលនេះលោកមិនទាន់មានឱកាសផាត់មុខ ឬ រៀបឈុតប្រចាំអោយសម្អាងការណាមួយ ឬ ហាងណាមួយនៅឡើយទេ ដោយសារតែលោកមមាញឹកខ្លាំងក្នុងការទទួលផាត់មុខតាមផ្ទះ និងផាត់មុខអោយភ្ញៀវដែលជាម៉ូយប្រចាំ។ ក្នុងនោះសូម្បីតែជំហរក្នុងការបង្កើតសាឡនមួយផ្ទាល់ខ្លួនៀក៍លោកមិនទាន់មានឱកាសផងដែរ។ យ៉ាងណាមិញលោកអះអាងថាខ្លួនមិនទាន់ចង់ក្លាយជាម្ចាស់សាឡននោះទេ ព្រោះគិតថាមិនមានពេលវេលាគ្រប់គ្រាន់ និងមិនចង់ប្រឈមនឹងការខាតដើម។ លោកថាអ្វីដែលលោកចង់បាននៅក្នុងពេលនេះ គឺចង់បង្កើនមហិច្ឆតាក្លាយជាអ្នកផាត់មុខកម្រិតអន្តរជាតិ ដោយអាចផាត់មុខមានការទទួលស្គាល់កាន់តែខ្លាំងជាងនឹង ហើយទទួលបានតម្លៃខ្លួនខ្ពស់។ បើទោះជាការទទួលផាត់មុខក្នុងមួយរោង លោកសុីថ្លៃដល់ខ្ទង់រយដុល្លារ និងទទួលបានក្រេឌីតក្នុងការផាត់អោយតារាល្បីៗ ដូចជាកញ្ញា រឿន ណាត ជាដើម ដល់ថ្នាក់មានការទទួលស្គាល់ ក៍លោកនៅដាក់ជំហរត្រូវប្រឹងអោយខ្លាំងថែមទៀត ដោយលោកនៅតែបន្តស្វែងយល់លើជំនាញផាត់មុខពីអ្នកជំនាញខ្លាំងៗថែមទៀត ព្រិះលោកមានមហិច្ចតាចង់ក្លាយជាអ្នកឯកទេសល្បីឈ្មោះម្នាក់ទៅថ្ងៃអនាគត។