តារាសិល្បៈជិត១០០ដួង ប្រកាសគ្រងឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក

0

យោងតាមការប្រកាស ក្រុមហ៑ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា នឹងរៀបចំទិវារវប្បធម៍បេតិកភ័ណ្ឌជាតិឆ្នាំ២០១៩។ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូបពីគ្រួសារតារាកម្ពុជា នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណនៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុកចូលជាបេតិកភ័ណ្ឌពិភពលោក។

លោក ជួប ចាន់តារា ប្រធានសាខាហុងដាជួបកៅ បានថ្លែងបញ្ជាក់ថា ដោយសារតែនៅថ្ងៃទី៨ កក្កដា នេះ គឺជាខួប២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក និងជាខួបមួយឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ជាបេតិកភ័ណ្ឌពិភពលោក ទើបក្រុមហ៑ុនហុងដាប្រចាំទីរួមខេត្តកំពង់ធំ សម្រេចសហការរៀបចំទិវារវប្បធម៍បេតិកភ័ណ្ឌមួយឡើង ដោយបានសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីអោយដឹកនាំសិល្បករសិល្បការិនីអោយគ្រងឈុតបុរាណជាទ្រង់ទ្រាយធំ ក្នុងនាមលើកស្ទួយ ដល់វប្បធម៍ជាតិ។

លោកថាកម្មវិធីឆ្នាំនេះ គឺជាលើកទី១ ដែលក្រុមហ៑ុនរបស់លោកចូលរួមរៀបចំ ហើយក៍ជាកិត្តិយសផងដែរ ដែលកម្មវិធីទាំងមូល មានការសហការចូលរួមពីអាជ្ញាធរខេត្ត ជាពិសេសគឺគ្រួសារតារាកម្ពុជាតែម្ដង។ ក្នុងព្រឹត្តិការណ៍នេះ លោកនឹងរៀបក្បួនដង្ហែរដោយរថយន្ត និងម៉ូតូ ចាកចេញពីទីរួមខេត្តកំពង់ធំ នៅវេលាព្រឹកថ្ងៃទី៨ កក្កដា ហើយពេលទៅដល់ច្រកចូលប្រាសាទសំបូរព្រៃគុក នឹងដង្ហែរក្បួន ដោយរទេះគោ និងដោយថ្មើជើង រហូតដល់បរិវេណប្រាសាទ ដែលជាកន្លែងរៀបចំពិធី។ ក្រៅពីមានការសម្ដែងល្ខោនខោល ការបង្ហាញឈុតបុរាណពីគ្រួសារតារាកម្ពុជា និងការប្រកួតដណ្ដើមពានគ្រួសារតារាកម្ពុជា សម្រាប់អ្នកគ្រងឈុតស្អាត លោកក៍នឹងប្រកាសមូលនិធិ១០០០រៀល ជួយដល់ល្ខោនខោលនៅក្នុងពិធីនោះផងដែរ។

លោកថា គោលបំណងនៃកម្មវិធីនេះ ដើម្បីអបអរគំរប់ខួប២ឆ្នាំនៃប្រាសាទសំបូរព្រៃគុកចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ។ ថែរក្សាសំលៀកបំពាក់បំពាក់ទម្រង់បុរាណខ្មែរ។ បណ្តុះគំនិតឲប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ចូលរួមលើកស្ទួយ សម្បត្តិវប្បធម៌ ទាំងអស់គ្នា។

លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែការរៀបចំរបស់ទិវារវប្បធម៍បេតិកភ័ណ្ឌជាតិនៅប្រាសាទសំបូរព្រៃគុកនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៍ជាតិ ហើយត្រូវនឹងគោលបំណងលើកស្ទួយសំលៀកបំពាក់បុរាណដែលគ្រួសារតារាកម្ពុជា រមែងធ្វើកន្លងមក ទើបធ្វើលោកសហការដឹកនាំដឹកនាំសិល្បករសិល្បការិនីប្រមាណជាង៨០រូប អោយចូលរួមគ្រងឈុតបុរាណនៅក្នុងព្រឹត្តិការណ៍នោះ។ លោករំពឹងយ៉ាងខ្លាំងថាការចូលរួមរបស់គ្រួសារតារាកម្ពុជា នឹងជួយផ្សព្វផ្សាយវប្បធម៍បុរាណរបស់ខ្មែរកាន់តែទូលំទូលាយ ក៍ដូចជាជួយផ្សព្វផ្សាយតំបន់វប្បធម៍ នៃប្រាសាទសំបូរព្រៃគុក អោយពិភពលោកកាន់តែចាប់អារម្មណ៍ជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here