ឡុង សុខហៀង ប្រកាសពង្រីកសកម្មភាពរ៉ៃអង្គាសលុយជួយទុរគតជន

0

ក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រធានក្លិបសិល្បៈឡុងសុខហៀង ដែលជាតារាសម្ដែងមួយរូបផង បានធ្វើសកម្មភាពរ៉ៃអង្គាសប្រមែប្រមូលថវិកាជួយដល់ជនខ្វះខាតនៅលើបណ្ដាញហ្វេសប៑ុកយ៉ាងខ្លាំង ដោយលោកក៍បានដឹកនាំសិល្បករក្មេងៗ និងសប្បុរសជនគ្រប់ទិសទី អោយចូលរួម និងបរិច្ចាគក្នុងសកម្មភាពសប្បុរសធម៍យ៉ាងខ្លាំង។ លោកបង្ហើបមហិច្ចតា នឹងត្រៀមបង្កើតជាសមាគមស្របច្បាប់ក្នុងពេលឆាប់ៗ ដើម្បីងាយស្រួលក្នុងការពង្រីកសកម្មភាពជួយដល់ជនខ្វះខាតអោយបានកាន់តែច្រើន។

លោក ឡុង សុខហៀង និយាយថា បើតាមតែលោកមមាញឹកនឹងការងារផ្ទាល់ខ្លួន ជាពិសេសគឺការងារបណ្ដុះបណ្ដាលសិស្សអោយមានជំនាញសិល្បៈ និងដឹកនាំអោយចេញថតនៅតាមផលិតកម្មនានា ក៍ដូចជារវល់ក្នុងការផ្សាយលក់ផលិតផល គឺលោកមិនគួរចំណាយពេលរ៉ៃអង្គាសថវិកានោះទេ ប៉ុន្តែបណ្ដាលមកពីលោកចេះតែចិត្តមិនដាច់ នៅពេលមានគេទាក់ទងមកអោយជួយអ្នកនេះជួយអ្នកនោះ ហើយលោកក៍ឃើញពីការលំបាកនោះដោយផ្ទាល់ភ្នែក ទើបលោកចេះតែប្រកូកប្រកាស ហើយដឹកនាំតារាក្មេងៗ និងសប្បុរសជនចុះទៅប្រគល់អំណោយដោយផ្ទាល់ដៃ។ លោកថាខ្លួនមានលទ្ធភាពបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ជនខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោកមានកម្លាំងចិត្ត គឺដោយសារតែកម្លាំងទឹកចិត្តពីសប្បុរសជន ដែលធ្វើអោយលោកដែលគ្រាន់តែជាអ្នកនាំសារពីទុរគតជន ទទួលបានថវិកាច្រើនជាហូរហែរក្នុងកិច្ចការនេះ។ គោលបំណងដែលលោកកាន់តែសកម្មក្នុងកិច្ចការនេះ គឺដើម្បីបំផុសទឹកចិត្តសិល្បករក្មេងៗ ជាពិសេសគឺសប្បុរសជន អោយកាន់តែមានសកម្មភាពបរិច្ចាគ និងដើម្បីបណ្ដុះទឹកចិត្តអាណិតស្រលាញ់ដល់អ្នកខ្វះខាតអោយបានច្រើននៅក្នុងសង្គម។

លោក ឡុង សុខហៀង បន្តថា ក្នុងពេលខាងមុខ លោកនឹងរត់ច្បាប់បង្កើតជាសមាគម ដើម្បីអាចចុះធ្វើសកម្មភាពរៃអង្គាសនានា អោយបានកាន់តែល្អ ជួយដល់ក្រុមទុរគតជនខ្វះខាត។ ក្នុងនោះក៍ដើម្បីងាយស្រួលចាប់ដៃជាមួយស្ថាប័ននេះស្ថាប័ននោះ ក្នុងពេលចង់ធ្វើសកម្មភាពជួយសង្គម ងាយស្រួលក្នុងការពង្រីកសកម្មភាពផងដែរ។ លោកប្រកាសជំហរថា នឹងមិនឈប់សកម្មភាពរ៉ៃអង្គាស និងចុះជួយដល់ជនខ្វះខាតនោះទេ ដោយលោកប្រកាសជំហរសុខចិត្តបោះចោលការងារបានលុយ តែនឹងយកពេលកៀរគរម្ចាស់ជំនួយជួយដល់ខ្វះខាត ដែលបានស្នើមកអោយអស់ពីលទ្ធភាពនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here