នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បករ បានដឹកនាំសិល្បករសិល្បការិនី នឹងរៀបចំពិធីបង្សុកូលបុណ្យគំរប់ ៧ ថ្ងៃដើម្បីឧទ្ទិសបុណ្យកុសលជូនវិញ្ញាក្ខន្ធជនរងគ្រោះដែលទទួលមរណភាពដោយសារតែបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ។
ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់សារព័ត៌មានឡារ៉ែនថា ថ្ងៃទី២៧ នេះប្អូនស្រី សូ ដានីតា លោក សែម សង្វាត និង នាងខ្ញុំព្រមទាំងបងប្អូនសិល្បៈមួយចំនួន នឹងរៀបចំពិធីបុណ្យគំរប់ ៧ ថ្ងៃនៅវត្តនាគវ័ន្ត ចំពោះ វិញ្ញាណក្ខន្ធបងប្អូនជនរងគ្រោះដែលបានទទួលមរណៈភាពក្នុងសោកនាដកម្មបាក់រលំអាគារនៅក្រុង ព្រះសីហនុ ។ អ្នកនាងថា ឆ្នាំនេះនាងខ្ញុំអត់អាចចូលរួមពិធីបុណ្យសព ឬ បុណ្យ ៧ ថ្ងៃ ឬ ១០០ថ្ងៃបានទេ តែលើកនេះគឺមិនអាចតមបានឡើយ ដោយសារតែនាងខ្ញុំឃើញសោកនាដកម្មនេះហើយ ស្វែកសោកអាណិតនៅក្នុងចិត្តជាទៅបំផុត។ នាងខ្ញុំ និងសិល្បករទាំងអស់ សូមជូនកុសលនេះ ដល់វិញ្ញាណក្ខន្ធបងប្អូនជនរងគ្រោះ ឱ្យបានទៅកាន់សុគតិភព។
គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕