គំរូគួរសរសើរ តាំងពីម្ដាយឈឺរហូតដល់ស្លាប់ អ៊ុន សិទ្ធា មិនលើកដៃសុំជំនួយ

0

ខុសពីតារាមួយចំនួន ដែលយកករណីម្ដាយឳពុកឈឺដោយប្រើយុទ្ធសាស្ត្រតំអូញតំអែ ស្ទើរក្លាយជាអាជីវកម្ម ដើម្បីសុំការអាណិតរកជំនួយ សម្រាប់តារាសម្ដែង លោក អ៊ុន សិទ្ធា បែរជាតស៊ូព្យាបាលជំងឺម្ដាយតាំងពីឈឺរហូតដល់ទទួលមរណភាព ដោយមិនប្រកូកប្រកាសសុំជំនួយទៅវិញ។ ជំហររបស់លោកក៍មិនមែនដោយសារតែលោកគឺជាគ្រួសារអ្នកមាននោះទេ ប៉ុន្តែដោយសារតែលោកបញ្ជាក់ថា ដរាបណានៅមានលទ្ធភាព គឺត្រូវតែស៑ូអោយអស់លទ្ធភាព ដើម្បីកុំអោយរងការរិះគន់ ខណៈដែលលោកប្រាប់ថា ក្នុងពេលតារាមានបាន ក៍មិនបានចែកចាយដល់មហាជនដែរនោះ។

ក្រោយទទួលមរណៈភាពរបស់ម្ដាយ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក អ៑ុន សិទ្ធា ទទួលបានការកោតសរសើរមិនដាច់ពីមាត់ សម្រាប់ជំហរដែលបានលើកឡើង។ មហាជនទាំងក្នុង និងក្រៅសិល្បៈស្ងើចសរសើរចំពោះលោក ព្រោះតាំងពីម្ដាយធ្លាក់ខ្លួនឈឺរាំរ៉ៃរហូតដល់ទទួលមរណភាព គេមិនដែលឃើញលោកហាមាត់សុំជំនួយពីសប្បុរសជនណាម្នាក់ឡើយទាល់តែសោះ  ក្រៅពីប្រឹងលុយរកដោយកម្លាំងញើសឈាមខ្លួនឯង ហើយសម្ងំមើលម្ដាយ។

ប្រភពស្និទ្ធស្នាលជាមួយ អ៊ុន សិទ្ធា ឲ្យដឹងថាមូលហេតុលោក មិនសុំជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដើម្បីបានប្រាក់ខ្លះៗយកមកព្យាបាលជំងឺអ្នកម្ដាយ ដោយសារតែកំលោះសង្ហារូបនេះមិនចង់ឲ្យមហាជនរិះគន់ថា៖ “ពេលឈឺអីបន្តិចបន្តួចអ្នកសិល្បៈហាឡើងសុំជំនួយមិនគិតរកលុយខ្លួនឯងខ្លះទេ។ ចុះគ្នាអ្នកធម្មតាទៅសុំជំនួយមកពីណាពេលឈឺដូចគ្នានោះ”។ ប្រការនេះហើយទើបធ្វើឲ្យ អ៊ុន សិទ្ធា មិនហាមាត់សុំជំនួនពីពុកម៉ែបងប្អូនឲ្យជួយទោះបីជាមានការជំរុញពីអ្នកសិល្បៈមួយចំនួនឲ្យលោក ប្រកាសស្វែងរកជំនួយក្ដី ក៏តារាសម្ដែងរូបនេះមិនធ្វើតាមឡើយ។

គួរបញ្ជាក់ថា ម្ដាយរបស់ អ៊ុន សិទ្ធា បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាចក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺទឹកនោមផ្អែម និងជំងឺថ្លើម ដោយពេលនេះសពរបស់ម្ដាយលោក តម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅផ្សាស៊ិនជូរី ពោចិនតុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here