មើលឃ្លីប បានដឹងថាសប្បាយកប់ ខួបកំណើតកូនស្រីអ្នកនាង យុគ ចិន្តា យប់មិញ

0


កាលពីយប់ថ្ងៃទី១៦ មិថុនា អ្នកនាង យុគ ចិន្តា បានរៀបចំពិធីខួបកំណើតគម្រប់១៥ឆ្នាំអោយកូនស្រីតែមួយគត់របស់ខ្លួន គឺកញ្ញា យុគ ដាពេជ្រ ហៅអម យ៉ាងអធឹកអធម ដោយក្នុងពិធីខួបនេះ អ្នកនាង និងតារាសិល្បៈដែលចូលរួមបានទាំងរំលេចទិដ្ឋភាពសប្បាយឡើងកប់ ដែលបានទស្សនាហើយក៏អស់សំណើចនោះផង។ នេះជាពិធីខួបធំលើកដំបូងដែលអ្នកនាងបានរៀបចំអោយកូនស្រី ខណៈពេលដែលក្នុងពិធីនោះ អ្នកនាង និងកូនស្រី ក៏តែងតួជាទម្រង់បុរាណ និងបែបសម័យនៅវគ្គកាត់នំ ដែលស្ទើរតែមិនចង់ជឿថាជាម្ដាយ និងកូន ដោយសារតែសម្រស់របស់អ្នកនាង យុគ ចិន្តា នៅតែផូរផង់មិនចាញ់កូនស្រី។


នៅក្នុងពិធីខួបដែលបានធ្វើឡើងនៅក្នុងភោជនីដ្ឋានរបស់អ្នកនាង យុគ ចិន្តានោះ គេឃើញអ្នកនាងតម្រូវអោយក្រុមការងារដើរចែកបូរចងសក់អោយភ្ញៀវទាំងចាស់ និងក្មេងគ្រប់គ្នា ដើម្បីរំលេចជាស្ទីលប្លែកភ្នែក ហើយអ្វីដែលគេអស់សំណើចស្ទើរតែពេញពិធីទៀតនោះ គឺអ្នកនាង ទូច ស្រីលក្ខណៈ គឺជាអ្នកដើរប្រមូលលុយថ្លៃបូរពីភ្ញៀវក្នុងម្នាក់៦០០០រៀល ដែលមិនខុសពីបានលុយលក់បូរនៅក្នុងពិធីផង។ អ្វីដែលកាន់តែសប្បាយទៅទៀត គឺអ្នកនាង យុគ ចិន្តា និងតារាភាគច្រើន សុទ្ធតែនិយាយកំប្លុកកំប្លែងពីពាក្យកាត់«ស.ស.ប» ដោយអ្នកនាង ទូច ស្រីលក្ខណ៍ បានប្រកាសអោយអ្នកចូលរួមសហការចូលជាសមាជិក ដើម្បីបង្កើតជាក្រុមសប្បាយអោយកាន់តែធំនៅពេលខាងមុខ ប៉ុន្តែនៅពេលគៀគរអ្នកចូលរួមអោយចាប់អារម្មណ៍នឹងក្រុមនេះបានច្រើន បែរជាប្រកាសថាពាក្យពេញរបស់ក្រុមនេះ«ក្រុមសរសៃប្រាសាទ» ដែលធ្វើអោយពិធីទាំងមូលម្នាក់សើចហួសចិត្តចង់ហៀរទឹកភ្នែក។ នៅក្នុងពិធីនោះ ក៏មានទិដ្ឋភាពដេញវីយូឡុង ដង្ហែរម្ចាស់ខួបមកកាត់នំ ក្រោមសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពីអ្នកចូលរួមផងដែរ ទើបធ្វើអោយអ្នកចូលរួមនៅក្នុងពិធីទាំងមូល មានតែសំណើច។ ជាក់ស្ដែងគ្រាន់តែមើលរូបភាព និងការកាច់ស្ទីលរបស់ម្ចាស់ខួប និងតារាចូលរួម ក៏អាចដឹងថាពិធីខួបមួយនេះ សប្បាយកប់ខុសពីខួបមួយចំនួនដែលភាគច្រើនទាំងភ្ញៀវ និងម្ចាស់ខួប ត្រូវគេឃើញរៀបរឹកជារបៀបផ្លូវការនោះផងដែរ។


អ្នកនាង យុគ ចិន្តា បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយអះអាងថា នេះជាជាពិធីខួបលើកដំបូងដែលអ្នកនាងធ្វើអោយកូនស្រីធំដុំ ដើម្បីអោយកូនស្រីតែម្នាក់របស់អ្នកនាងសប្បាយចិត្ត។ អ្នកនាងសម្រេចធ្វើខួបអោយកូនធំដុំ ដើម្បីអោយកូនស្រីកាន់តែមានភាពកក់ក្ដៅ និងដើម្បីអោយកូនដឹងថាអ្នកនាងស្រឡាញ់ និងចាត់ទុកកូនស្រីជាកែវភ្នែកតែម្នាក់គត់ នៅក្នុងជីវិត។ អ្នកនាងក៏បានសរសើរថាកូនស្រីមានដុងសិល្បៈពេញខ្លួន តាំងពីមុនពេលអ្នកនាង បណ្ដុះកូនស្រីអោយហាត់ភ្លេង របាំ និងចម្រៀងទៅទៀត ទើបអ្នកនាងយល់ថាកូនស្រីនឹងបន្តវេនពីអ្នកនាងយ៉ាងល្អ បូករួមទាំងអាជីពជាពិធីការិនីផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here