តារាវ័យក្មេង ដួងច័ន្ទ មរកត ប្រឡូកសិល្បៈភ្លែត មានពន្លឺភ្លាម

0

ទំនងមិនសូវហែលឆ្លងនូវការលំបាកក្រាស់ក្រែងដូចតារាសិល្បៈភាគច្រើននោះទេ ដោយសារតែ កញ្ញា ដួងច័ន្ទ មរកត ដែលស្ថិតក្នុងវ័យ១៦ឆ្នាំ និងនៅជាសិស្សប្រចាំសាលារៀន AIS អន្តទ្វីបអាមេរិចកាំងនៅឡើយ ស្រាប់តែមានឱកាសក្លាយជាតារាចម្រៀងកុងត្រា របស់ផលិតកម្ម N Productionយ៉ាងកាលីប។ នាងថែមទាំងត្រូវគេកត់សម្គាល់ថា មានឱកាសឡើងឆាក និងទទួលបានភាពលេចធ្លោនៅក្នុងផលិតកម្មដែលនាងជ្រកកោននាពេលចុងក្រោយ គួរអោយកត់សម្គាល់នោះផង។

កញ្ញា ដួងច័ន្ទ រមកត គឺជាតារារះថ្មីនៅក្នុងផលិតកម្ម N Production ហើយបើទោះជានាងមិនទាន់ក្លាយជាតារាចម្រៀងល្បីល្បាញនៅឡើយ ប៉ុន្តែឱកាសចូលប្រឡូកអាជីពសិល្បៈ ហើយបានជ្រកក្នុងផលិតកម្មមួយភ្លែតតែម្ដង គឺមិនមែនរឿងសុទ្ធតែកើតមានឡើងចំពោះតារាពន្លកថ្មីនោះឡើយ។ នាងត្រូវគេកត់សម្គាល់ថា គឺជាតារាចម្រៀងវ័យក្មេង មានសមត្ថភាពមានទេពកោសល្យ ហើយសម្រាប់រូបសម្បត្តិ ក៍ស្រស់សោភាគួរអោយចាប់អារម្មណ៍ផងដែរ។ ទាំងទឹកដមសំលេង និង ឱកាស កំពុងធ្វើអោយតារាស្រីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរួបនេះ លេចធ្លោនៅក្នុងពិភពសិល្បៈក្នុងចំណោមតារាពន្លកថ្មីរួមជំនាន់។ បទចម្រៀង Original song ២បទ រួមមាន បទ”ទឹកចិត្តអ្នកសិល្បៈ” និងបទ”ឈប់ខ្វល់ពីអ្នកណា” ដែលនាងបកស្រាយជាតារាចម្រៀង កញ្ញា ដួងច័ន្ទ ដាណែត ជាបងស្រីបង្កើត សុទ្ធតែជួយអោយនាងទទួលបានការគាំទ្រមិនអាចមើលស្រាល ក្នុងវិស័យអាជីពដែលទើបបោះជំហាន។

តំណាងផលិតកម្ម N Production បានបង្ហើបថា ដួងច័ន្ទ មរកត គឺជាគ្រាប់ពេជ្រថ្មី ដែលផលិតកម្មរំពឹងខ្ពស់ ខណៈដែលក្រុមហ៑ុននឹងមានគម្រោងលើកស្ទួយអោយនាងបានក្លាយជាតារាមានពន្លឺល្អម្នាក់ ក្នុងពេលដ៍ខ្លី។ នាងក៍នឹងត្រូវក្រុមហ៑ុននឹងសម្រិតសម្រាំងបទល្អៗអោយច្រៀង ដើម្បីអោយកាន់តែមានទីផ្សារផងដែរ។ តារាស្រីរូបនេះ ក៍ត្រូវគេសរសើរថា ជាតារាចម្រៀងជំនាន់ថ្មី មានទឹកដមសម្លេងខ្ពស់ពិរោះរណ្តំ ដោយនាងអាចច្រៀងបានទាំងបទមរតកដើម បទសម័យបែបមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍បានយ៉ាងកម្រ។ ផលិតកម្ម N Production ប្រកាសថា គម្រោងបណ្ដុះអោយនាងក្លាយជាតារាដែលមានក្បាច់រាំរស់រវើកម្នាក់ ដើម្បីអោយក្លាយជាតារាលេចធ្លោប្រចាំផលិតកម្ម។

កញ្ញា ដួងច័ន្ទ មរកត បានថ្លែងក្នុងឱកាសបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីសប្បុរធម៍នៅផ្សារដំណាក់ធំ កាលពីពេលថ្មីៗថា នាងប្រកាន់ជំហរមិនចោលផលិតកម្ម N Production នោះទេ បើទោះជាពេលខាងមុខកេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈរបស់នាងប្រែប្រួល ដោយសារតែនាងយល់ថា ផលិតកម្ម N Production គឺជាអ្នកកាន់ដៃនាងអោយក្លាយជាតារាសិល្បៈ ទាំងពេលនាងមិនទាន់ស្គាល់ថាសិល្បៈជាអ្វី៕

LEAVE A REPLY

Please enter your comment!
Please enter your name here