រឿង”ភ្លើងគំនុំ” ប្រកាសចេញថតផ្លូវការ

0

ទើបតែបញ្ចប់ការថតភាពយន្តចំនួន២ កាលពីចុងសប្ដាហ៍ កាលពីព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩ ស្ថាប័នប៉ុស្តិ៍លេខ៥ ដែលមានផលិតករថៃជាអ្នកដឹកនាំការសម្ដែង បានប្រកាសចេញថតភាពយន្តភាគមួយថ្មីទៀតហើយ ក្រោមចំណងជើងថា”ភ្លើងគំនុំ”។ ភាពយន្តនេះ តារាម៉ូដែល កញ្ញា ទឹម រដ្ឋា ត្រូវបានអោយគ្រងតំណែងជាតួអង្គសំខាន់ និងមានចរឹតកាចឆ្នាស់ ចិត្តអាក្រក់ដល់កំពូលតែម្ដង ទើបអ្នកណាៗ ក៏ប៉ាន់ថា នាងនឹងលេចធ្លោខ្លាំង ក្នុងភាពយន្តនេះ។

លោក ហួង តារាមុនី ប្រធានផលិតកម្មវិធី និងជាតំណាងប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ក្នុងរឿង”ភ្លើងគំនុំ” នឹងចំណាយពេលថតយ៉ាងហោច៣ខែ ឬ អាចពន្យារលើសនេះ ប្រសិនបើមានការរំខានដោយភ្លៀង។ នៅក្នុងរឿងនេះ លោកថា កញ្ញា ទឹម រដ្ឋា គឺជាតួសំខាន់ ដោយសារតែនាងជាតួបង្កើតបញ្ហា ហើយមានចរឹតឆ្នាស់ឆ្នើម និងចិត្តអាក្រក់។ យ៉ាងណាមិញ លោកថា នាងមិនមានកុងត្រាជាមួយប៉ុស្តិ៍លេខ៥នោះទេ ដោយឱកាសបានសម្ដែងមួយរឿងហើយមួយរឿងទៀតរបស់នាង គឺជាការពេញចិត្តរបស់ផលិតករថៃសុទ្ធសាធ។ ក្នុងរឿង”ភ្លើងគំនុំ” ថ្មីនេះ លោកថា ផលិតករតម្រូវអោយ ទឹម រដ្ឋា សម្ដែងជាតួរងឆ្នាស់ឆ្នើម និងចិត្តអាក្រក់លើសពីរឿងមុនៗទៅទៀត ដោយលោកមិនទាន់ដឹងថា តើនាងនឹងត្រូវមហាជនតាមគប់ដបទឹកសុទ្ធ ដូចតារាសម្ដែង អ្នកនាង ផាភួង ដែលផ្អើល កាលមុននោះ ឬ យ៉ាងណាទេ តែលោកចង់អោយនាងសម្ដែង ចិត្តអាក្រក់អោយដល់ដើម្បីអោយមហាជនចងចាំ។

មិនខុសគ្នាដែរ កញ្ញា ទឹម រដ្ឋា បានទាំងប្រកាសថា នឹងសម្ដែងកាចឆ្នាស់អោយអស់ពីសមត្ថភាព ដើម្បីអោយអ្នកទស្សនា យល់ថានាងសម្ដែងបានចិត្តអាក្រក់ពេញទំហឹងនោះផង។ នាងបន្តថា សប្បាយចិត្តដែលបានសម្ដែងក្នុងរឿងនេះ ដោយនាងយល់ថាឱកាសទទួលបានរឿងនៅប៉ុស្តិ៍លេខ៥បន្តបន្ទាប់ ក៏អាចមកពីគោរពពេលវេលាបានល្អ និងទំនាក់ទំនងការងារល្អជាមួយផលិតករតាំងពីបានប្រលូកការងារនឹងគ្នានោះដែរ។

យោងតាមពិធីដែលបានប្រកាសឡើងភាពយន្តភាគរឿង”ភ្លើងគំនុំ” នឹងដំណើរការចេញផលិតចាប់ពីថ្ងៃបញ្ចប់ក្រុងពាលីតទៅ ដោយគ្រោងចំណាយពេលប្រមាណ៣ខែ។ ភាពយននតនេះ នឹងគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅក្នុងម៉ោងមាស នៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំ២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here