មកមើលផ្ទាល់ដល់រោងកុន បានដឹងថា ភាពយន្តរឿង”ធាតុយាយខ្ញុំ”យ៉ាងមិច

0

ក្នុងចំណោមភាពយន្តទាំងអស់ គេអាចថាមានតែភាពយន្តរឿង”ធាតុយាយខ្ញុំ” របស់ផលិតកម្ម បដិហារ្យ មួយប៉ុណ្ណោះនេះ ដែលអត់ធ្វើពិធីសម្ពោធក្នុងអំឡុងឆ្នាំ២០១៩នេះ។ ប៉ុន្តែគេកត់សម្គាល់ថា ស្ទើរគ្រប់Hall ដែលបានបញ្ចាំងភាពយន្តនេះ គឺមានយុវវ័យទស្សនាណែនៗ។ ជាក់ស្ដែង នៅរោងទំនើបស្ទឹងមានជ័យ គឺមានអ្នកទស្សនាកុះករតែម្ដង ខណៈដែលអ្នកទស្សនាទាំងនោះ ក៍បង្ហាញការចាប់អារម្មណ៍លើតួសម្ដែង និងសាច់រឿងផង។

ផ្អែកតាមការអង្កេតដោយផ្ទាល់នៅរោងភាពយន្តផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី២ មិថុនា ក្នុង Hall ដែលដាក់បញ្ចាំងភាពយន្តរឿង”ធាតុយាយខ្ញុំ” គឺមានមនុស្សទស្សនាឡើងណែនពេញរោងតែម្ដង ខណៈដែលអ្នកទស្សនាទាំងនោះ ក៍ស្ទើរមិនមានអ្នកដើរចេញពីកន្លែងអង្គុយមុនកំណត់ ដោយសារតែភាពយន្តជក់ចិត្តតាំងពីដើមដល់ចប់។ អ្នកទស្សនាទាំងនោះ បន្លឺសម្រែកភ័យរន្ធត់ និងសើចលាន់ពេញរោងតែម្ដង ដែលកាន់តែធ្វើអោយភាពយន្តទាំងមូល មានភាពរស់រវើក ខណៈដែលតួអង្គសំខាន់២ គឺអ្នកនាង ស្វែង សុជាតា និង លោក ឃីម រតនៈ ដែលជាតួអង្គលោភលន់ និងមានស្នេហាស្រើបស្រាលខុសវ័យជាមួយគ្នា បានក្លាយជាប្រធានបទធំ។

កញ្ញា លីហ្សា បានបញ្ជាក់អារម្មណ៍ក្រោយពីចេញពីទស្សនាថា ភាពយន្តរឿង”ធាតុយាយខ្ញុំ” គឺជាភាពយន្តខ្មែរ ដែលនាងបានទស្សនាហើយជក់ចិត្តយ៉ាងខ្លាំង ដោយសារតែមានឈុតសំណើច កម្សត់ និងភ័យរន្ធត់ ស្រែកឡើងផ្អើលរោង ដែលនាងប្រាប់ថា បើមិនបានទស្សនា គឺពិតជាគួរអោយស្ដាយ។ កញ្ញាថា ខ្លួនពេញចិត្តចំណុចសំខាន់មួយក្នុងរឿង ដែលបង្ហាញពីភាពអកត្តញូរបស់តួអង្គអ្នកនាង ស្វែង សុជាតា ដែលព្រោះតែខឹងម្ដាយចែកទ្រព្យមិនស្មើ ក៍យកម្ដាយទៅទុកចោលបណ្ដាលអោយស្លាប់ ហើយលទ្ធផលចុងក្រោយ អ្នកនាង និងតួអង្គប្ដីក្មេង ក៍មានវិប្បដិសារី។

ប្អូនប្រុស យូអែល បញ្ជាក់ថា តួអង្គលោក ឃីម រតនៈ ដែលសម្ដែងប្ដីក្មេងអ្នកនាង ស្វែង សុជាតា ក៍ប្អូនចាប់អារម្មណ៍ផងដែរ ដោយសារតែលោកតំណាងអោយតួដែលពោរពេញដោយអគុណធម៍ ហ៑ានបោកស្រីចាស់ដើម្បីលុយឡាន ហើយលទ្ធផលដែលលោកទទួលបានក៍មិនសល់សូម្បីជីវិត។ ប្អូនប្រុសថា ភាពយន្តរឿង”ធាតុយាយខ្ញុំ” ក្រៅពីសើចចុកពោះ និងរន្ធត់បះសក់ តួអង្គអ្នកនាង ស្វែង សុជាតា និងលោក ឃីម រតនៈ ក៍ឆ្លុះបញ្ចាំងពីបុគ្គលលោភលន់ អកត្តញូ ដែលចុងបញ្ចប់រឿងគឺបានអប់រំយ៉ាងច្បាស់ៗថា មានតែអំពើល្អ និងសេចក្ដីកត្តញូប៉ុណ្ណោះ ដែលធ្វើអោយមនុស្សមានសេចក្ដីសុខ។

កញ្ញា ហុងឡាង បានផ្ដល់សារចុងក្រោយថា ចង់ឃើញផលិតករផលិតភាពយន្តខ្មែរ ដែលមានសាច់រឿង ឈុតឆាកប្រទាក់ក្រឡា និងសារអប់រំមួយល្អ ដូចរឿង”ធាតុយាយខ្ញុំ” ដែលនាងបានទស្សនាដូចគ្នានេះ ដើម្បីទាក់ទាញអ្នកទស្សនា អោយបានកម្សាន្តអារម្មណ៍ផង និងមានការយល់ដឹងពីសារអប់រំណាមួយផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here