នី រតនា បោះជំហានតាម ព្រាប សុវត្ថិ និង ឆាយ វិរៈយុទ្ធ

0

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ នៅប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី”Carabao TV5 Spark Concert” កាលពីថ្ងៃទី១០ មិថុនា បានអះអាងថា លោកនឹងដើរតាមលំនាំរបស់តារាចម្រៀងល្បី២រូប គឺ លោក ព្រាប សុវត្ថិ និង លោក ឆាយ វិរៈយុទ្ធ ដោយនឹងបើកកាយរឿងរ៉ាវឯកជនមិនបិទបាំងដូចតារាមួយចំនួននោះទេ។ អ៊ីចឹងហើយទើបលោក ប្រកាសអោយដឹងពីដំណឹងភ្ជាប់ពាក្យមុននេះ ដោយគម្រោងនឹងបើកចំហរស្នេហាដោយមិនលាក់លៀមផង ជាមួយនឹងជំហរមិនខ្វល់រឿងខ្លាចបាត់បង់ប្រជាប្រិយភាព។

លោក នី រតនា បានថ្លែងក្នុងការប្រគុំតន្ត្រី “Carabao TV5 Spark Concert” ដែលជាការបង្ហាញខ្លួនជាលើកទី២ នៅប៉ុស្តិ៍លេខ៥ថា លោកមិនលាក់លៀមរឿងរ៉ាវស្នេហា ឬ ដំណឹងអាពាហ៍ពិពាហ៍នោះទេ ដោយលោកនឹងយកគំរូ លោក ព្រាប សុវត្ថិ និង លោក ឆាយ វិរៈយុទ្ធ បន្ទាប់ពីកត់សម្គាល់ឃើញថា តារាទាំងពីរ បើទោះជាបានបើកកកាយពីជីវិតស្នេហា ក៏នៅតែល្បី ហើយល្បីដោយគ្មានរឿងអាស្រូវផង។ លោកថាខ្លួនប្រើសមត្ថភាព ដើម្បីឈរជើងក្នុងពិភពចម្រៀង ដូច្នេះបើទោះជាមហាជនដឹងថាលោកមានស្នេហា និងរៀបការហើយ ក៏ពិតជានៅតែមានអ្នកគាំទ្រច្រើនមិនខុសគ្នានោះដែរ ហើយអាចនឹងមានការស្រលាញ់ចូលចិត្តច្រើនផង ក្នុងពេលដែលលោកប្រើជីវិតឯកជនបើកកកាយដោយមិនបិទបាំង។ លោកអះអាង ខ្លួនមិនភ័យរឿងធ្លាក់ចុះទីផ្សារនោះទេ បន្ទាប់ពីលោកក៏មានការជ្រោមជ្រែងពីហង្សមាស និងមានយុទ្ធសាស្ត្រប្រឹងប្រែងខ្លួនឯង ទាំងក្បាច់រាំ ទាំងការលើកដាក់សំឡេងអោយប្លែកតាមប្រភេទបទ និងទាំងបានបង្កើតក្រុមផលិតចម្រៀងដើម្បីផលិតបទផ្ទាល់ខ្លួន បន្ថែមពីលើការទម្លាក់របស់ផលិតកម្ម។ លោកនៅតែមើលឃើញថា ទីផ្សាររបស់ខ្លួននៅបន្តស្ទុះឡើង ពិសេសបន្ទាប់ពីលោកក៏ត្រៀមបញ្ចេញស្នាដៃភាពយន្តនៅក្នុងផលិតកម្មហង្សមាសផងដែរ។

មិនខុសពីការអះអាង ការបង្ហាញខ្លួននៅប៉ុស្តិ៍លេខ៥របស់លោក ក្នុងតន្ត្រីខារ៉ាបាវនោះ ដ្បិតថាលោកបកស្រាយបទចម្រៀងចាស់ៗ ក៏នៅតែលេចធ្លោរ និងត្រូវគេមើលឃើញថាមានសន្ទុះគាំទ្រពីអ្នកទស្សនា មិនចាញ់តារាល្បីៗដែលឈរជើងយូរ។ ទាំងបទចម្រៀងមនោសញ្ចេតនា និងបទញាក់ លោកនៅតែទាញចំណាប់អារម្មណ៍បានខ្លាំង ពោលគឺនាំមុខគេដាច់ បើទោះជានៅប៉ុស្តិ៍លេខ៥នៅក្នុងថ្ងៃនោះ ចម្រុះដោយតារាល្បីៗបង្ហាញខ្លួន៕