អ៊ិន សុភិន មិនធម្មតា​ក្នុងអាជីពបាល់ទាត់​

0

បន្ទាប់ពីទទួលជ័យជម្នះលើក្រុមបាល់ទាត់ Lan Property កាលពីយប់ថ្ងៃទី៨ មិថុនា ក្រុមបាល់ទាត់ Mohahang All Stars Football Team កាន់តែមានមោទនភាព ដោយមេក្រុមរបស់ក្រុមនេះរីកមុខយ៉ាងខ្លាំង។ លោក អ៊ិន សុភិន ប្រកាសថានឹងពង្រឹងក្រុមនេះ អោយខ្លាំងលើសដើម បន្ទាប់ពីក្រុមទាំងមូលទទួលបានជ័យជម្នះជាហូរហែរ នៅលើទីលានបាល់ទាត់ ខណៈដែលលោកត្រូវគេកត់សម្គាល់ថា​​​​កាន់តែ​ជំនាញ​ក្នុងការដឹក​​នាំក្រុម​​​​ក្នុងអាជីពបាល់ទាត់ ​ដែល​​​​​​ខុសពីជំនាញ​​​ផលិតកុនរបស់លោក​។
ការប្រកួតដែលត្រូវបញ្ចប់ដោយលទ្ធផល ៣-១ ឈ្នះលើក្រុម Lan Property នេះ តារាសម្ដែង លោក ហេង នរៈកក្កដា ស៊ុតចូល២គ្រាប់ ហើយក្រុមបច្ចេកទេសរបស់ផលិតកម្មមហាហង្សស៊ុតចូលមួយគ្រាប់។ លោក អ៊ិន សុភិន និយាយថាជ័យជម្នះដែលបានកើតឡើង គឺផ្ដើមចេញពីកម្លាំងសាមគ្គី ជាពិសេសបន្ទាប់ពីសមាជិកដែលបានប្រកួតនៅក្នុងថ្ងៃនោះប្រើចិត្តត្រូវគ្នា មិនបញ្ចាំគ្នា។ លោកថាសប្បាយចិត្ត ដែលក្រុមបាល់ទាត់ដ្បិតថាសមាជិកកូនក្រុមស្ទើរតែ៨០ភាគរយគឺជាតារាសម្ដែង ហើយមានទឹកចិត្តស្នេហាវិស័យបាល់ទាត់ ដែលមិនខុសពីអ្នកអាជីព បើទោះជាតារាម្នាក់ៗ សុទ្ធតែមានការរវល់រៀងខ្លួន។ លោកថាបើនិយាយពីភាពរវល់ គឺតារាម្នាក់ៗសឹងមិនមានពេលជួបគ្នានោះទេ អ៊ីចឹងហើយទើបក្រុមត្រូវប្រកួតម្ដងៗ ហើយតារាទាំងនោះនៅតែឆ្លៀតពេលមកបាន កាន់តែធ្វើអោយលោកកក់ក្ដៅ។ ជាមួយនឹង​លទ្ធផលវិជ្ជមាន​ដែល​​​​​តែង​ទទួលបាននេះ ​បានធ្វើអោយ​គេមើលឃើញ​​​​ពី​​​​​​​គុណសម្បត្តិរបស់លោក អ៊ិន សុភិន កាន់តែខ្លាំង ​​​​​ដោយសារតែពេល​​​​​​ក្រុមត្រូវប្រកួតម្ដងៗ គឺ​​លោកជាអ្នក​បញ្ជាក្រុម​យ៉ាង​សកម្ម ដោយ​​​​​​លោក​ក៏ជាអ្នករួមចំណែក​​​ក្នុងការ​​រៀប​ក្រឡា​​​​មុន និងក្នុងពេល​​​ប្រកួត​​គ្រប់លើក បើទោះជា​ក្រុម​របស់លោក មានអ្នក​​​​​​​​​ជំនាញ​​​​​រ៉ាប់រង​លើការងារ​នេះរួច​រាល់​ហើយ។ អ្នកគាំទ្រភាគច្រើនយល់ថា បើ​ក្រុម​បាល់ទាត់មហាហង្ស​មិនមាន​លោក​​ជា​អ្នក​គ្រប់គ្រង ប្រហែល​​​​បង្កើត​មកទល់ពេលនេះ នឹងមិនមានសន្ទុះ​​ដល់ម្លឹងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here