បន្ទាប់ពីទទួលជ័យជម្នះលើក្រុមបាល់ទាត់ Lan Property កាលពីយប់ថ្ងៃទី៨ មិថុនា ក្រុមបាល់ទាត់ Mohahang All Stars Football Team កាន់តែមានមោទនភាព ដោយមេក្រុមរបស់ក្រុមនេះរីកមុខយ៉ាងខ្លាំង។ លោក អ៊ិន សុភិន ប្រកាសថានឹងពង្រឹងក្រុមនេះ អោយខ្លាំងលើសដើម បន្ទាប់ពីក្រុមទាំងមូលទទួលបានជ័យជម្នះជាហូរហែរ នៅលើទីលានបាល់ទាត់ ខណៈដែលលោកត្រូវគេកត់សម្គាល់ថាកាន់តែជំនាញក្នុងការដឹកនាំក្រុមក្នុងអាជីពបាល់ទាត់ ដែលខុសពីជំនាញផលិតកុនរបស់លោក។
ការប្រកួតដែលត្រូវបញ្ចប់ដោយលទ្ធផល ៣-១ ឈ្នះលើក្រុម Lan Property នេះ តារាសម្ដែង លោក ហេង នរៈកក្កដា ស៊ុតចូល២គ្រាប់ ហើយក្រុមបច្ចេកទេសរបស់ផលិតកម្មមហាហង្សស៊ុតចូលមួយគ្រាប់។ លោក អ៊ិន សុភិន និយាយថាជ័យជម្នះដែលបានកើតឡើង គឺផ្ដើមចេញពីកម្លាំងសាមគ្គី ជាពិសេសបន្ទាប់ពីសមាជិកដែលបានប្រកួតនៅក្នុងថ្ងៃនោះប្រើចិត្តត្រូវគ្នា មិនបញ្ចាំគ្នា។ លោកថាសប្បាយចិត្ត ដែលក្រុមបាល់ទាត់ដ្បិតថាសមាជិកកូនក្រុមស្ទើរតែ៨០ភាគរយគឺជាតារាសម្ដែង ហើយមានទឹកចិត្តស្នេហាវិស័យបាល់ទាត់ ដែលមិនខុសពីអ្នកអាជីព បើទោះជាតារាម្នាក់ៗ សុទ្ធតែមានការរវល់រៀងខ្លួន។ លោកថាបើនិយាយពីភាពរវល់ គឺតារាម្នាក់ៗសឹងមិនមានពេលជួបគ្នានោះទេ អ៊ីចឹងហើយទើបក្រុមត្រូវប្រកួតម្ដងៗ ហើយតារាទាំងនោះនៅតែឆ្លៀតពេលមកបាន កាន់តែធ្វើអោយលោកកក់ក្ដៅ។ ជាមួយនឹងលទ្ធផលវិជ្ជមានដែលតែងទទួលបាននេះ បានធ្វើអោយគេមើលឃើញពីគុណសម្បត្តិរបស់លោក អ៊ិន សុភិន កាន់តែខ្លាំង ដោយសារតែពេលក្រុមត្រូវប្រកួតម្ដងៗ គឺលោកជាអ្នកបញ្ជាក្រុមយ៉ាងសកម្ម ដោយលោកក៏ជាអ្នករួមចំណែកក្នុងការរៀបក្រឡាមុន និងក្នុងពេលប្រកួតគ្រប់លើក បើទោះជាក្រុមរបស់លោក មានអ្នកជំនាញរ៉ាប់រងលើការងារនេះរួចរាល់ហើយ។ អ្នកគាំទ្រភាគច្រើនយល់ថា បើក្រុមបាល់ទាត់មហាហង្សមិនមានលោកជាអ្នកគ្រប់គ្រង ប្រហែលបង្កើតមកទល់ពេលនេះ នឹងមិនមានសន្ទុះដល់ម្លឹងនោះទេ៕