គ្រួសារតារាកម្ពុជា រំលេចក្រម៉ាយ៉ាងស្រស់ស្អាត ក្នុងព្រឹត្តិការណ៍វាយនភណ្ឌឆ្នាំនេះ

0

ខុសពីឆ្នាំមុនដែលគ្រួសារតារាកម្ពុជាប្រមាណជាង៧០រូបដូចគ្នា តែងខ្លួនបែបបុរាណ ដើម្បីបង្ហាញពីទម្រង់សំលៀកបំពាក់ក្នុងសម័យកាលនីមួយៗ នៅក្នុងព្រឹត្តិការណ៍ប្រកួតបុរសនារីឯកវាយនភណ្ឌនៅក្នុងឆ្នាំនេះ គ្រួសារតារាកម្ពុជាប្រមាណជាង៧០រូបដែលទទួលបានឱកាសអញ្ជើញអោយចូលរួមដដែល បានពួតដៃគ្នារំលេចសំលៀកបំពាក់ខ្មែរអមដោយក្រម៉ាវិញដែរ ដែលធ្វើអោយនៅតែមានការចាប់អារម្មណ៍ ពីសំណាក់អ្នករៀបចំ និងភ្ញៀវកិត្តិយសដែលបានចូលរួម។

ការបង្ហាញវត្តមានរបស់តារាសិល្បៈនៅក្នុងការប្រកួតដ៍សំខាន់ប្រចាំឆ្នាំ កាលពីថ្ងៃទី១ ឩសភា ក្នុងទិវារពលកម្មអន្តរជាតិនោះ តារាៗក្នុងគ្រួសារតារាកម្ពុជា មានការចូលរួមទាំងសិល្បករជំនាន់ចាស់ និងជំនាន់ថ្មីចម្រុះគ្នាតែម្ដង ដោយសិល្បករភាគច្រើនត្រូវគេឃើញរំលេចឈុតហូលផាមួង និងអាវករកុតបែបខ្មែរ ហើយលម្អដោយក្រម៉ា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ គឺក្រម៉ា ដែលប្រទេសភាគច្រើនមិនច្រលំនឹងវប្បធម៍នៃប្រទេសជិតខាង។ តារាៗដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន លោក សុះ ម៉ាច តារារៀមច្បង ទ្រង់ស៊ីសុវត្ថិ សិរីវុឌ តារាសម្ដែងល្បីល្បាញ និងអ្នកម្នាង លោក មាស សុខរតនៈ អ្នកដឹកនាំផលិតកម្មថោន លោក នូ សុភេន ផលិតករកម្មវិធី លោក សុខ រ៉ាសុី ពិធីករហង្សមាស អ្នកស្រីរីយ៉ាមីសែលត្រាណេ ភរិយាបណ្ឌិត្យមីសែលត្រាណេ អ្នកនាងភីមតារាកំប្លែង លោក ស៊ិន សុធារិទ្ធ តារាសម្ដែង លោករុន ណាកូ តារាសម្ដែង លោក ម៉ៃ សុគន្ធ តារាចម្រៀង លោក សុគន្ធ ដេវីដ តារាចម្រៀង កញ្ញា ហ៑ុន ម៉ាលីស អតីតបេក្ខនារីក្នុងកម្មវិធីចម្រៀងឯក ក្រុមកំប្លែងឌីជេឆ្លាម អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង អ្នកនាង សាង សុរិយា តារាសម្ដែង ក្រុមតារាRA Group ក្រុមតារាប្រចាំក្លិបលោក ច័ន្ទ ណារ័ត្ន កញ្ញា ចូចូ តារាសម្ដែង និងតារាចាស់ក្មេងជាច្រើនរូបទៀត ដែលរូបសម្រស់របស់តារាម្នាក់ សុទ្ធតែមើលទៅឃើញស្រស់ស្អាត និងលេចធ្លោនៅក្នុងកម្មវិធី នៅពេលគ្រងឈុតហូលផាមួងអាវប៉ាក់ ហើយភាគច្រើនរំលេចដោយក្រម៉ាខ្មែរ។ ក្នុងនោះតារាសម្ដែង កញ្ញា កុសុម៉ា ហៅព្រះអាទិត្យតូច ក៍បានគ្រងមួយឈុតច្នៃពីក្រម៉ាខ្មែរ យ៉ាងស្រស់ស្អាត ធ្វើអោយម្នាក់ៗកោតសរសើរនឹងការតុបតែងកាុរបស់នាងផង។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថាជាលើកទី២ហើយដែលលោកដឹកនាំសិល្បករចាស់ក្មេងយ៉ាងច្រើនកុះករ ចូលរួមលើកកម្ពស់ការប្រកួតបុរសនារីឯកវាយនភណ្ឌ ដោយកាលពីឆ្នាំសិល្បករជាសមាជិកដែលស្ម័គ្រចិត្តចូលរួមទាំថអស់ បានចំណាយធនធានផ្ទាល់ខ្លួនជ្រើសឈុតក្នុងសម័យបុរាណដោយឡែកៗពីគ្នា រួមមានឈុតក្នុងសម័យអង្គរ ឩដុង្គ និង ចតុមុខជាដើម ដើម្បីរំលេចនូវវប្បធម៍ខ្មែរ។ ដោយឡែកនៅក្នុងឆ្នាំនេះ លោក និងក្រុមតារាសិល្បៈ បានសម្រេចជ្រើសយកឈុតបែបប្រពៃណីគឺហូលផាមួង អាវប៉ាក់ និងអាវករត្រង់ ហើយរំលេចដោយក្រម៉ាវិញម្ដង។ លោកថានេះជាការបង្ហាញទម្រង់វប្បធម៍មួយ ដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ហើយក៍ជាលើកកម្ពស់វប្បធម៍ និងផលិតផលខ្មែរ គឺក្រម៉ា ដែលមួយរយៈមុនសិល្បកម្មមួយនេះធ្លាក់ដល់ដង្ហើមចង្រឹតទៅហើយ អោយមានទីផ្សារឡើងវិញ។ លោកថាតារាសិល្បៈគឺជាអ្នកផ្សព្វផ្សាយវប្បធម៍អរិយធម៍ដ៍មានប្រសិទ្ធិភាព ដូច្នេះបើក្នុងកម្មវិធីផ្សេងៗតារាសិល្បៈមិនរួមចំណែកលើកស្ទួយទម្រង់បុរាណ និងប្រពៃណីខ្មែរទេ នោះក្មេងៗជំនាន់ក្រោយ ក៍មិនអោយតម្លៃសំលៀកបំពាក់ខ្មែរទៅតាមនោះដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនៅក្នុងយប់នោះ បេក្ខនារី យ៉ុន កាន់ទីម៉ា កម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺពាក់ស្លាកលេខ២ និងលោក លឿង វិសាល កម្មករកាត់ដេរមកពីខេត្តតាកែវ ពាក់ស្លាកលេខ៨ ទទួលបានចំណាត់ថ្នាក់លេខ១។ បេក្ខនារី សុន ស្រីពៅ មកពីខេត្តស្វាយរៀង និងបេក្ខជន សុខ មនោចិន មកពីខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ២ និងបេក្ខនារី លី ណៃហ៑ាង មកពីភ្នំពេញ និងបេក្ខជន រដ្ឋា ថៃលី មកពីកំពង់ចាម ទទួលចំណាត់ថ្នាក់លេខ៣ ដោយម្នាក់ៗទទួលបានម៉ូតូម្នាក់១គ្រឿង និងប្រាក់រង្វាន់ខុសៗគ្នា៥លាន ៤លាន និង៣លានរៀល។