ឈុតឆាកសង្គ្រាមដ៏ធំក្នុងសម័យអង្គរ ត្រូវបានបង្ហាញក្នុងបុណ្យភូមិ!

0

កាលពីល្ងាចថ្ងៃទី៨ មិថុនា ផ្សារជេតកុងតឺណឺ នៅជិតកោះពេជ្រ បានរៀបចំបុណ្យភូមិនៅកណ្ដាលផ្សាររបស់ខ្លួន ដោយមានវត្តមានតំណាងជាន់ខ្ពស់មួយចំនួនចូលរួម។ អ្វីដែលគេចាប់អារម្មណ៍ គឺព្រឹត្តិការណ៍នោះបានបង្ហាញនូវឈុតឆាកសម្ដែងស្ដីពីសង្គ្រាមរវាងព្រះបាទជ័យវរ្ម័នទី៧ និងស្ដេចចាម យ៉ាងកក្រើកដែលសូម្បីតែឈរទស្សនាការសម្ដែងក៏ជក់ចិត្តនៅក្នុងថ្ងៃនោះ។

ឈុតឆាកសម្ដែងនោះត្រូវបានប្រកាសថាសម្ដែងដោយកីឡាករកីឡាការិនីក្នុងសហព័ន្ធយុទ្ធក្រមខមចំនួនជាង៥០នាក់ និងមានការបង្ហាញពីទម្រង់សាច់រឿងតែម្ដង ដោយមិនមែនគ្រាន់បង្ហាញពីក្បាច់គុនបុរាណខ្មែរ ដែលត្រូវបានប្រើជាយុទ្ធសង្គ្រាម នៅក្នុងសម័យអង្គរនោះទេ។ ការសម្ដែងនៅក្នុងថ្ងៃនោះ ត្រូវបានគេចាត់ទុកថាជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយសារតែសាច់រឿងនោះ មានការបង្ហាញពីក្បួនទ័ពដែលរូមមានទ័ពដាវ ទ័ពលំពែង និងទ័ពអាវុធផ្សេងទៀត ដោយមុនសម្ដែងជាសាច់រឿងក៏មានការដង្ហែរជាក្បួនទ័ពនៅក្នុងផ្សារជេតកុងតឺណឺ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិអោយបានឃើញពីសក្កានុពលក្នុងសម័យអង្គរកាលពីអតីតកាលផងដែរ។ សាច់រឿងទាំងមូល បានបង្ហាញពីការលុកលុយរបស់កងទ័ពចាម្ប៉ា ដោយក្នុងពេលព្រះជ័យរាជទេវី រាំថ្វាយអាទិទេព ដើម្បីសុំអោយព្រះបាទជ័យវរ្មន័ទី៧ចេញធ្វើសឹកសង្គ្រាមបានជោគជ័យ ក៏ត្រូវកងទ័ពចាមវាយចូល ហើយចាប់បានជាចំណាប់ខ្មាំងនោះផង។ សាច់រឿងកាន់តែមានសភាពជក់ចិត្តខ្លាំង ក្នុងពេលកងទ័ពទាំងពីរនគរធ្វើសង្គ្រាមដាក់គ្នា ដោយសភាពនៃការធ្វើសង្គ្រាម គឺមិនខុសពីទិដ្ឋភាពពិតៗប៉ុន្មានទេ បើទោះជាឈុតឆាកដែលបានបង្ហាញនោះគឺជាការសម្ដែង។ យ៉ាងណាក៏ដោយការសម្ដែងទស្សនីយភាពដ៏អស្ចារ្យនោះ មិនត្រូវបានទាក់ទាញអ្នកទស្សនាច្រើនទេ ដោយសារតែព្រឹត្តិការណ៍បុណ្យភូមិនោះ មិនមានការផ្សព្វផ្សាយអោយទូលំទូលាយជាមុន ហើយស្របគ្នាដែលពេលវេលានោះក៏មានភ្លៀងរលឹមមករំខានផង ទើបការសម្ដែងទាំងមូល កាន់តែខ្សត់អ្នកទស្សនា ជាពិសេសនៅពេលការសម្ដែងពីល្ខោនស្បែកធំ និងការឡើងច្រៀងរបស់តារាតារាចម្រៀងមកដល់។

នៅក្នុងថ្ងៃនោះ គេឃើញវត្តមានពិធីករពិធីការិនី៤រូបឡើងកូរកម្មវិធី ដោយក្នុងចំណោមនោះ ៣រូបគឺ លោក ឆឹម សក្កដា កញ្ញា ដួង ម៉ានិច និងលោក សន សុវណ្ណារ៉ា ត្រូវបានគេស្គាល់ ។

កម្មវិធីនោះត្រូវបានប្រកាសថានឹងបង្ហាញខ្លួន៣ថ្ងៃនៅផ្សារជេតកុងតឺណឺរហូតដល់ថ្ងៃអាទិត្យ តែគេមិនដឹងថានឹងទាក់ទាញអ្នកទស្សនាបានច្រើនឬយ៉ាងណានោះទេ ក្នុងពេលដែលថ្ងៃបើកឆាក ហាក់សោះកក្រោះដល់ម្លឹង។ អ៊ីចឹងហើយទើបការសម្ដែងដែលរួមមានឈុតសង្គ្រាមក្នុងសម័យអង្គរ ឈុតកំប្លែង និងការឡើងច្រៀងរបស់តារាចម្រៀងច្រើននាក់ដែលរួមមានទាំងលោក សាន ផានិត ផងស្រាប់តែស្ទើរតែគ្មានអ្នកទស្សនានៅខាងមុខឆាក គឺជារឿងគួរអោយស្ដាយសម្រាប់ព្រឹត្តិការណ៍បុណ្យភូមិរបស់ផ្សារជេតកុងតឺណឺ ក្នុងថ្ងៃបើកឆាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here