ទម្លាយផ្លូវចិត្តតាក់សុី ក្រោយប្រកាសអោយភរិយាយកប្ដីថ្មី

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្ដែង លោក អុឹម ជីវ៉ា បង្ហោះជាសាធារណៈថា តារាកំប្លែងនាយតាក់សុីនឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាងភីម យកគ្រួសារថ្មី ដែលធ្វើអោយម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សារលែងបាន ទើបបណ្ដាលអោយតារាកំប្លែងនាយតាក់សុីបោះពាក្យបែបនោះប្រាប់លោក អុឹម ជីវ៉ា និងសម្រេចចិត្តបួសអោយឆ្ងាយពីប្រពន្ធកូន ដោយគ្មានអាល័យបែបនេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកនាង ភីម ជាភរិយា អ្នកនាងបញ្ជាក់ប្រាប់ពីជំហររបស់នាយតាក់សុី នៅក្នុងពេលនេះ។

អ្នកនាងភីម និយាយថា រវាងអ្នកនាង និង នាយតាក់សុី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៍អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាន់ក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់សុីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុសដែលជាដំណក់ឈាមក៍មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើអោយលោកចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់អោយនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំអោយបន្តពិបាកជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់សុីលួចទៅបួសរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេលតាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករក៍សម្រេចចិត្តសឹកមកវិញ។

អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់សុី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថាត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃហើយត្រូវស្លាប់ក៍លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃកុំអោយលោកគិតខ្លី និងស្មើអោយលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត។ លោកអង្វរអោយអ្នកនាងបើកសិទ្ធិអោយលោកទៅបួស ដោយលោកប្រកាសជំហរថា បើមិនអោយទៅបួសតាមសម្រួលទេ គឺលោកនឹងរត់ទៅបួសមិនអោយដឹង ហើយបើទោះជាស្លាប់រស់ក្រោយពេលសាងផ្នួស ក៍លោកមិនអោយប្រពន្ធកូនដឹង។ អ្នកនាងថា មកទល់ពេលនេះស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើស ទើបអ្នកនាងសុខចិត្តអោយលោកទៅបួស តែសុំអោយលោកបួសនៅវត្តគល់ទទឹងនៅកោះក្របី ដើម្បីអោយកីនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែលោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន។ អ្នកនាងនិយាយថា ខ្លួនពិតជាមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ ដែលប្ដីចង់តែបួស ចង់តែទៅឆ្ងាយប្រពន្ធកូន ហើយដើរប្រាប់គេឯងថាអោយអ្នកនាងយកប្ដីទៀត ឬចិញ្ចឹមកូនបានយ៉ាងមិចក៍ចិញ្ចឹមទៅ ដែលមនុស្សមួយចំនួនស្ដាប់ហើយហាក់ដូចជាអ្នកនាង និងលោកមានបញ្ហាផ្ទៃក្នុង។ នៅក្នុងពេលនេះ អ្នកនាងសម្រេចអោយប្ដីទៅបួសនៅចុងខែ៥នេះ តែអ្វីដែលអ្នកនាងអង្វរប្ដីអោយធ្វើតាមនាង គឺសុំអោយបួសនៅវត្តគល់ទទឹង ដើម្បីអោយអ្នកនាង និងកូនតែម្នាក់វ័យជាង១០ឆ្នាំបានមើលថែ។

LEAVE A REPLY

Please enter your comment!
Please enter your name here