ដឹងតាផ្ទុះហើយសង្ក្រានស្កាយលេន ឆ្នាំនេះ

0

យោងតាមវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៧ មីនា បានអះអាងថា ទឹកដីស្កាយលេន-7NG ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងវត្តវិហារសួគ៍ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រានជាទ្រង់ទ្រាយធំតែម្ដង ដោយក្រៅពីមានការចូលរួមដោយកំពូលតារាល្បីៗ ក៍មានបែងចែកជាតំបន់លេងកម្សាន្តរហូតដល់៥តំបន់ផ្សេងគ្នា ខណៈដែលការរៀបចំនៅក្នុងឆ្នាំនេះក៍ជាការបង្អួតសួនថ្មីកម្រិតអន្តរជាតិនៅស្កាយលេន ដែលមានការរំពឹងថានឹងមានអ្នកមកកម្សាន្តមិនក្រោម៤០​ម៉ឺននាក់។

លោកឩកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា សង្ក្រានស្កាយលេនក្នុងឆ្នាំទី២នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាងកាលពីឆ្នាំមុនទ្វេរដង ដោយគ្រាន់តែការរៀបចំ ក្រុមហ៑ុនចំណាយមិនក្រោម៣០មុឺនដុល្លារ។ ក្រៅពីរៀបចំជាសួនដាយណូស័រ សួនបន្លែផ្លែឈើ ភ្នំសិប្បនិមិត្ត និងទីលានសម្រាប់លេងទឹក សង្ក្រាននៅក្នុងឆ្នាំនេះ ក៍នឹងរៀបចំជាតំបន់៥ចែកដាច់ពីគ្នា ដើម្បីអោយបងប្អូនដែលមកកម្សាន្តបានទស្សនាដោយរីករាយផងដែរ។ តំបន់ទាំង៥នោះរួមមាន ភូមិប្រជាប្រិយស្កាយលេនដែលជាកន្លែងលែងលាក់កន្សែង ល្បែងពង្រាត់កូនក្រមុំ និងល្បែងដណ្ដើមស្លឹកឈើ។ តំបទី២គឺភូមិប្រជាប្រិយជេត ដែលជាកន្លែងសម្រាប់មហាជនលេងចោលឈូង លេងទាញព្រ័ត្រ លេងបោះអង្គុញ លេងល្បែងស្ដេចចង់ និងលេងដណ្ដើមស្លឹកឈើហ្សូនទី២។ តំបន់ទី៣គឺភូមិគុនខ្មែរ ដែលជាទីតាំងសម្ដែងក្បាច់គុនយុទ្ធក្រមខម ដោយរួមមានការបង្ហាញ និងការប្រកួតជាដើម។ ក្នុងនោះក៍មានការប្រដាល់ ដោយប្រកួតប្រជែងគ្នាយកប្រាក់រង្វាន់ផងដែរ។ តំបន់ទី៤ គឺភូមិជ្រូកនាំសំណាង ដែលជាតំបន់មហាជនគ្រាន់តែផ្សងមួយដុល្លារហើយជ្រើសយកសោរសំណាងដើម្បីឈ្នះទឹកប្រាក់១លានរៀលពីក្រុមហ៑ុនស្កាយលេន។ សម្រាប់តំបន់ទី៥ គឺជាទីតាំងប្រគំតន្ត្រី ដោយការប្រគំតន្ត្រីនេះ គឺក្រុមហ៑ុនរៀបចំប្រគំតន្ត្រីនៅទីលានបាតបឹងតែម្ដង អមដោយស្ដង់ពិព័រណ៍ ដើម្បីអោយមើលពីលើទៅឃើញស្រស់ស្អាត។

លោកឩកញ៉ា ស្រី ចាន់ថន បន្តថា សង្ក្រាននៅក្នុងឆ្នាំនេះ នឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ១៤ ថ្ងៃ១៥ និងថ្ងៃ១៦ មេសា ដោយថ្ងៃ១២ មេសា នឹងមានពិធីក្រុងពាលីធំមួយ។ លោកថាសង្ក្រានស្កាយលេន នឹងទាញអ្នកចូលទស្សនា មិនក្រោម៤០មុឺននាក់នោះទេ ដោយសារតែសួនដែលលោករៀបចំអស់ខ្ទង់លានដុល្លារក៍រៀបចំហើយរួចរាល់ មិនចាញ់សួននៅក្រៅប្រទេស ហើយមានទំហំរាប់សិបហិកតារ។ ក្នុងនោះតារាដែលមកច្រៀងទាំង៣ថ្ងៃក្នុងកម្មវិធីសង្ក្រានក៍រួមមាន កញ្ញា រ៉ាប៑ី លោកខេម លោក ខាន់ជេម កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញា កែវ សុបញ្ញា អ្នកនាងកាតុ កញ្ញា ព្រះកាយច័ន្ទ ដែលសុទ្ធតែជាតារាល្បី។

LEAVE A REPLY

Please enter your comment!
Please enter your name here