ចាន់ ណារ៉ូណាន់ ប្រកាសសម្ពោធស្នាដៃទី៧

0

កាលពីថ្ងៃទី១៩ មីនា ផលិតករវ័យក្មេងលោក ចាន់ ណារ៉ូណាន់ បានប្រកាសបើកសម្ពោធភាពយន្តទី៧របស់ខ្លួនយ៉ាងអឹកអធឹក នៅរោងកុនទំនើបអេដេនបឹងកក់ ដោយមានតារាចាស់ថ្មីចូលរួមកុះករ។ ភាពយន្តរឿង”ឯណាខ្មោច”របស់លោក ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍មិនអន់ជាងស្នាដៃរឿង”កំណត់ហេតុនាងនាថ” និងរឿង”សរសរកន្លោង”ដែលធ្លាប់ផ្ទុះក្នុងស្រទាប់មហាជន។

លោក ចាន់ ណារ៉ូណាន់ បានថ្លែងក្នុងពិធីសម្ពោធស្នាដៃទី៧របស់ខ្លួនថា មកទល់ពេលនេះ លោកមិនទាន់ចំណាយទុនបង្កើតផលិតកម្មរបស់ខ្លួនតាមក្ដីស្រម៉ៃនោះទេ ដោយសារទី១នៅខ្វះដើមទុន និងទី២នៅខ្វះក្រុមការងារផលិតអោយគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយលោកមើលឃើញពីហានិភ័យនៅឡើយ។ លោកថាខ្លួនសព្វថ្ងៃគឺជាផលិតករឯករាជ្យ ដោយបានចាប់ដៃជាមួយគ្រប់ផលិតកម្ម ដែលចង់អោយលោកផលិតភាពយន្តអោយមិនប្រកាន់នោះទេ ពោលគឺអោយតែមានលក្ខណ្ឌសមស្របគឺលោកនឹងធ្វើរឿងអោយ។ ជាក់ស្ដែងសម្រាប់ភាពយន្តរឿង”ឯណាខ្មោច” ដែលលោកប្រកាសបើកសម្ពោធ គឺជាភាពយន្តខ្នាតធំដែលលោកផលិតអោយផលិតកម្ម LD ខណៈដែលភាពយន្តនេះលោកថាចំណាយពេលមិនក្រោម៣សប្ដាហ៍ដើម្បីផលិត និងចំណាយការថតអស់ច្រើនខែ។ ភាពយន្តនេះ លោកថាបង្កប់សំណើច និងឈុតភ័យរន្ធត់ ដោយសាច់រឿងទាំងមូលក៍លោករំពឹងយ៉ាងខ្លាំងថានឹងជោគជ័យខ្លាំង។ ភាពយន្តនេះប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី២១ មីនា នៅគ្រប់រោងភាពយន្តទំនើប ដោយក្រោយប្រកាសបញ្ចាំងរឿងនៅភ្នំពេញ ក៍នឹងឡើងទៅសម្ពោធនៅខេត្តព្រះសីហនុ ព្រមជាមួយនឹងការនាំទៅអោយអ្នកគាំទ្របានថតដោយផ្ទាល់។

លោក ចាន់ ណារ៉ូណាន់ បញ្ជាក់ថាក្នុងចំណោមស្នាដៃដែលលោកផលិតឡើង លោកពេញចិត្តស្នាដៃរឿង”ឯណាខ្មោច”ជាងគេ ដោយសារតែភាពយន្តនេះមានសាច់រឿងភ័យរន្ធត់ កំប្លែង ហើយប្រទាក់ក្រឡា តាំងពីក្នុងពេលនិពន្ធនៅឡើយ។

គួរបញ្ជាក់ថាក្នុងពិធីកាត់ខ្សែបូរសម្ពោធរឿង”ឯណាខ្មោច”នោះ គេឃើញមានវត្តមានតារាល្បីៗចូលរួមជាច្រើន ដោយតំណាងផលិតកម្ម LD ប្រកាសថាលោក ចាន់ ណារ៉ូណាន់ គឺជាផលិតករដែលមានស្នាដៃ ហើយធ្វើអោយផលិតកម្មមានមោទនភាព។ ក្នុងនោះផលិតកម្មក៍ប្រកាសនឹងបោះទុនអោយលោកផលិតស្នាដៃបន្តបន្ទាប់ទៀត ក្រោយដាក់បញ្ចាំងរឿងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here