តារាល្បីៗបង្ហាញខ្លួនសម្ពោធរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»

0

កាលពីល្ងាចថ្ងៃទី១៤ មីនា ឆ្នាំ២០១៩ ទូរទស្សន៍ភីអិនអិនបានប្រារព្ឋកម្មវិធីសម្ពោធរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»យ៉ាងអធឹកអធម ដោយមានវត្តមានតារាសម្ដែងយ៉ាងច្រើនកុះករចូលរួម។ ពិធីនោះក៍ប្រកាសអោយដឹងពីកាលបរិច្ឆេទដែលត្រូវចាក់ផ្សាយភាពយន្តដែលត្រូវបានគេសន្និដ្ឋានថាជាភាពយន្តល្អផ្ដាច់គេផងដែរ។

ផលិតករបញ្ជាក់ថា នេះជាភាពយន្តភាគថ្មីដែលសម្រិតសម្រាំងប្រមាណ១ឆ្នាំមកហើយ ដោយការសម្ដែងរបស់តួអង្គម្នាក់ៗក៍ជួបនូវផលវិបាករាប់មិនអស់។ តាមការអះអាង ភាពយន្តរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»ជាស្នាដៃដែលអាចឆក់អារម្មណ៍ទស្សនិកជនបានច្រើន ព្រោះតែសាច់រឿងក្នុងភាពយន្តនេះ គឺល្អឥតខ្ចោះ។ តួសម្ដែងក៍ត្រូវបានជ្រើសដោយតារាដែលមានឈ្មោះបោះសំលេងតាំងពីតួឯករហូតដល់តួបន្ទាប់បន្សំ។

កញ្ញាទូច បុប្ឋា ប្រធានផ្នែកកម្មវិធីផ្សាយប្រចាំភីអិនអិនបានថ្លែងថានេះជារឿងភាគដំបូងដែលបានចំណាយពេលផលិតតអស់ពេល១ឆ្នាំ ដោយភាពយន្តនេះ ផលិតចេញពីប្រលោមលោកដ៍មានប្រជាប្រិយភាពមួយរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»។ រឿងនេះ គម្រោងចាក់ផ្សាយចាប់ពីថ្ងៃទី១៩ មិនា ឆ្នាំ២០១៩នេះ ម៉ោង៧ និង៥០នាទីយប់ ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ រឿងនេះឆ្លុះបញ្ចាំងពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភ័នច្រឡំដោយអស្មិមានៈ និងឆ្លុះបញ្ចាំងពីគុណធម៍នៅក្នុងសង្គម។

លោក លៀក លីដា ចាងហ្វាងផលិតកម្មអិលឌីបានថ្លែងបញ្ជាក់ថា ស្នាដៃនេះត្រូវបានសហការគ្នាជាក្រុមយ៉ាងសម្រិតសម្រាំង ហើយលំបាកបំផុត ទម្រាំបញ្ចប់ដោយជោគជ័យ។ ភាពយន្តនេះចំណាយដើមទុនច្រើនជាងភាពយន្តមុនៗ ទើបលោករំពឹងយ៉ាងខ្លាំង ថាក្រោយចាក់ផ្សាយនឹងទទួលបានការគាំទ្រខ្ពស់។ ម្យ៉ាងមកពីប្រលោមលោកដែលយកមកច្នៃជាភាពយន្តនេះ គឺជាស្នាដៃល្បីល្បាញផង ទើបរឹតតែធ្វើអោយលោកជឿជាក់។ លោកថាមួយរឿងនេះ មិនត្រឹមតែអាចកម្សាន្តអារម្មណ៍តែមួយមុខនោះទេ ប៉ុន្តែក៍មានខ្លឹមសារប្រកបដោយអត្ថន័យផងដែរ។

លោកសុខសាធិត សាក់រ៉ាយុតនាយកគ្រប់គ្រងទូរទស្សន៍ភីអិនបានមានប្រសាសន៍ថាខាងទូរទស្សន៍មានទស្សនៈវិស័យដ៍វែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ទើបបន្តបោះទុនផលិតភាពយន្តចេញពីប្រលោមលោកល្អឯកមួយនេះ។ លោកស្នើអោយអ្នកគាំទ្របន្តគាំទ្រស្នាដៃភីអិនអិនអោយកាន់តែច្រើន ដើម្បីអោយស្ថាប័នតរបស់លោក កាន់តែមានកម្លាំងចិត្តបោះទុន។
គួរបញ្ជាក់ផងដែរថា តារាប្រុសស្រីដែលចូលរួមសម្តែងក្នុងផ្ទៃរឿងនេះគឺសុទ្ធតែតារាល្បីៗតែម្ដង ដែលក្នុងនោះរួមមាន លោក បឺរី, កញ្ញា ពុធ ស្រីខួច, លោក លឹម ជាឡាយ, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា ចាន់ រាសី, កញ្ញា ឈិន ស៊ាវមុី, លោក រតនៈ វិសិទ្ឋ, លោក នូ ឧសភា, អ្នកនាង ង៉ែត សុវណ្ណលីត, លោក ទេព មនោរម្យ, លោក លឹម តិចម៉ុង, លោក ជា សំណាង, លោក ពិន ណារិន, លោក ហង្ស អច្ឆរិយា, និងតារាច្រើនដួងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here