វីវរហើយ! ពេជ្រ អាវីហ្សា និង សេង សូណា មានឈ្មោះក្នុងបញ្ជីខ្មៅ

0

បន្ទាប់ពីតារាសម្ដែងកញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ដាក់បម្រាមមិនអោយមានមុខសម្ដែងអស់មួយឆ្នាំ បានធ្វើអោយតារាស្រីស៊ិចស៊ីនៅក្នុងសិល្បៈមួយចំនួនចាប់ផ្ដើមខ្លាចញញើត។ បើទោះជាបម្រាមមួយនេះ ត្រូវបានប្រកាសផ្ដល់សេរីភាពអោយ កញ្ញា ដេនីក្វាន់ វិញ កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ក៏តារាស្រីនៅមិនទាន់ជម្រុះអស់ភាពស៊ិចស៊ីមួយចំនួន ត្រូវបានគេកត់សម្គាល់។

ប្រភពពីក្រសួងវប្បធម៌ ត្រូវបានទម្លាយថា ក្នុងចំណោមតារាស៊ិចស៊ី ដែលទំនងបន្តបម្រាមស្នងកញ្ញា ដេនីក្វាន់ គឺមានឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា និង សេង សូណា ត្រូវបានក្រសួងប្រកាសឃ្លាំមើលពីភាពស៊ិចស៊ីរបស់ពួកនាងបន្ទាប់។

ប្រភពពីមន្ត្រីក្រសួងវប្បធម៌បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំពីបញ្ហាដកបម្រាម លើតារាសម្ដែង កញ្ញា ដេនី ក្វាន់ កន្លងទៅ មានការលើកឡើងពីឈ្មោះតារាស្រីជាច្រើនផ្សេងទៀត ដែលក្រសួងយល់ថានៅមានការតុបតែងខ្លួនមិនសូវសមរម្យ ដែលក្រសួងយល់ថាបានធ្វើអោយប៉ះពាល់ដល់តម្លៃសិល្បៈ។

ក្នុងចំណោមតារាទាំងនោះ តារាស្រីល្បី២រូប ដែលគេស្គាល់ពេញត្រចៀកជាងគេ គឺកញ្ញា ពេជ្រ អាវីហ្សា និងតារាសម្ដែងដើមទ្រូងហូរហៀរ កញ្ញា សេង សូណា ដែលក្រសួងតែងលើកឈ្មោះយកមកនិយាយច្រើនជាង បើទោះជាមិនទាន់ដឹងថា តើនឹងឈានដល់ការដាក់វិធានការបិទចោលការសម្ដែងបែបនេះ ឬមួយយ៉ាងណា។

ប្រភពពីមន្ត្រីដែលបានចូលប្រជុំនៅក្នុងកិច្ចប្រជុំពីបញ្ហាប៉ះពាល់របស់តារាសិល្បៈបង្ហើបថា«បន្ទាប់ពីក្រសួងសម្រេចដកវិន័យលើតារាសម្ដែងដេនី ក្វាន់ នៅមានតារាស្រីមួយចំនួនផ្សេងទៀត ដែលយើងកំពុងឃ្លាំមើល ហើយយើងមិនទាន់កំណត់ថានឹងចេញលិខិតដូចដេនីក្វាន់ទេ តែយើងរង់ចាំមើលពួកគាត់បន្តិចទៀតសិន!»។ មន្ត្រីដដែលនិយាយថា ក្នុងចំណោមតារាស្រីដែលខាងក្រសួងលើកឈ្មោះមកប្រជុំច្រើនជាងគេ ក៏មានតារាស្រីកញ្ញា ពេជ្រ អាវីហ្សា និង សេង សូណា ផងដែរ ទើបធ្វើអោយគេមានចាប់អារម្មណ៍ថាក្រសួងនឹងអាចដាក់ចេញវិធានការ ចេញបម្រាមមិនអោយផលិតករទទួលយក អោយសម្ដែងក្នុងរយៈពេលជាប់បម្រាម ដូចគ្នានឹង កញ្ញា ដេនី ក្វាន់ កន្លងមកដែរ ក្នុងពេលដែលក្រសួងនៅបន្តវិភាគពីការតែងខ្លួនរបស់តារាស៊ិចស៊ីមួយចំនួន បន្តពីនាងបែបនេះ។ យ៉ាងណាក៏ដោយ គេមើលឃើញថាតារាសម្ដែង កញ្ញា ពេជ្រ អាវីហ្សា ទំនងមិនជាប់បម្រាមក្នុងគម្រោងពិន័យរបស់ក្រសួងនៅថ្ងៃខាងមុខនោះទេ បើទោះជាឈ្មោះរបស់នាងត្រូវបានក្រសួងលើកយកមកបញ្ជាក់ក្នុងចំណោមតារាស៊ិចស៊ី ដែលក្រសួងនឹងពិចារណាចេញពិន័យ។

នោះគឺដោយសារតែនាង បញ្ចេញភាពស៊ិចស៊ីបន្តិចមែន ប៉ុន្តែនៅមានលក្ខណៈជាសិល្បៈ ហើយមើលទៅទទួលយកបានជាងតារាដែលជាប់ក្នុងបញ្ជីខ្មៅផ្សេងទៀត។ ប្រភពពីក្រសួងវប្បធម៌ បន្តថា ពេជ្រ អាវីហ្សា ត្រូវគេលើកឈ្មោះ បន្ទាប់ពីនាងបង្ហាញខ្លួនក្នុងឈុតMV ស៊ិចស៊ីប៉ុន្មានបទចុងក្រោយ។

ក្រៅពីពេជ្រ អាវីហ្សា តារាសម្ដែងកញ្ញា សេង សូណា ត្រូវបានគេទម្លាយថាក្រសួងរិះគន់ជាងគេ រាល់ពេលលើកឈ្មោះតារាស្រីដែលបញ្ចេញស្ទីលស៊ិចស៊ីមិនសមទំនង ហើយនាងក៏មានភាគរយនឹងត្រូវក្រសួងទម្លាក់លិខិតហាមប្រាមមិនអោយបង្ហាញខ្លួនក្នុងសិល្បៈដូចគ្នានឹងដេនី ក្វាន់ នោះដែរ ប្រសិនបើនាងមិនព្រមបញ្ចប់ស្ទីលស៊ិចស៊ីហួសហេតុ ដែលធ្លាប់បង្ហោះជាសាធារណៈ។ ក្នុងនោះតារាស្រីផ្សេងទៀត ដែលមិនញញើតនឹងការបញ្ចេញភាពស៊ីចស៊ី ក៏នឹងត្រូវប្រឈមដូចគ្នា បន្ទាប់ពីបានកត់ត្រាទុកនៅក្នុងបញ្ជីខ្មៅ ដោយរង់ចាំតែកំហុសត្រូវបានបន្ថែមបន្តិចទៀតប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here