សម្ដែងរាប់ភ្លេច អ៊ុក ចំប៉ារ័ត្ន ថារំភើបជាមួយ ទៀង មុំសុធាវី

0

ប្រឡូកសិល្បៈហើយកាន់តែបានឡើងកូដនៅក្នុងពិភពសិល្បៈ តារាសម្ដែង និងជាតារាម៉ូដែល លោក អ៊ុក ចំប៉ារ័ត្ន ហៅ Da Make បែរជាអះអាងថា លោកមានអារម្មណ៍ខុសប្លែកជាងការសម្ដែងណាៗទាំងអស់ នៅពេលបានសម្ដែងជាមួយតារាចម្រៀងស្រគត់ស្រគំ កញ្ញា ទៀង មុំសុធាវី។ អារម្មណ៍ច្របូកច្របល់នោះ មិនមែនដោយសារតែលោករំភើបព្រោះបានកៀកកិតជាមួយស្រីស្អាតរូបនេះនោះទេ ប៉ុន្តែអ្វីដែលធ្វើអោយសប្បាតយចិត្ត គឺបានសម្ដែងជាមួយនាងក្នុងបទចម្រៀង របស់ព្រះករុណា ដែលលោកប្រាប់ថាមិនដែលស្រម៉ៃសោះ។

លោក អ៊ុក ចំប៉ារ័ត្ន និយាយថា ក្នុងចំណោមការសម្ដែងទាំងអស់ លោកតែងស្រម៉ៃថានឹងបានសម្ដែងក្នុងស្នាដៃណាមួហយដែលមានលក្ខណៈថ្នាក់ជាតិ ដូចជាក្នុងបទចម្រៀងថ្វាយដល់ព្រះករុណាជាដើម ប៉ុន្តែបណ្ដាលមកពីលោកមិនដែលត្រូវបានគេជ្រើសរើសសោះ ទើបបំភ្លេចបំណងប្រាថ្នានោះចោល។ លោកទើបតែមានអារម្មណ៍សប្បាយចិត្ត នៅពេលដឹងដាបទចម្រៀងដែលលោកទទួលថតជាមួយ កញ្ញា ទៀង មុំសុធាវី ជាបទចម្រៀងថ្វាយដល់ព្រះករុណាប៉ុណ្ណោះ ទើបលោកយល់ថាអ្វីដែលខ្លួនធ្លាប់ប៉ងប្រាថ្នាបានលេចរូបរាង។ លោកបដិសេធបង្ហើបអោយដឹងពីចំណងជើងបទចម្រៀង ដោយគ្រាន់តែអះអាងថានេះជាបទរបស់ព្រះករុណា និងជាការសម្ដែងដ៍ផ្លួវការមួយ បើធៀបនឹងការសម្ដែងផ្សេងៗ។ ក្នុងនោះសម្រាប់ការសម្ដែងទាំងស្រុង ក៍ត្រូវប្រិតព្រៀងពីក្រុមផលិតករ ដែលធ្វើអោយលោកប្រយ័ត្នប្រយែងចំពោះការសម្ដែងរបស់ខ្លួនខុសគ្នាដាច់ឆ្ងាតពីមុនផងដែរ។ អ្វីដែលកាន់តែសប្បាយចិត្តទៅទៀត គឺនៅពេលបានសម្ដែងជាមួយកញ្ញា ទៀង មុំសុធាវី ដែលជាតារាចម្រៀងសំនៀងផ្អែម និងស្រទន់ម្នាក់ គឺលោក និងនាងសម្ដែងបានស័ក្តសម និងស៊ីសង្វាក់គ្នា ដល់ថ្នាក់អ្នកដឹកក៍សរសើរមិនដាច់ពីមាត់។

លោក អ៊ុក ចំប៉ារ័ត្ន បានអះអាងថាការសម្ដែងរបស់លោកនាពេលចុងក្រោយ កាន់តែទទួលជោគជ័យ ទើបអាចអោយលោកត្រូវបានក្រុមការងារថតបទថ្វាយដល់ព្រះករុណា ជ្រើសអោយសម្ដែងជាមួយ កញ្ញា ទៀង មុំសុធាវី។ អ៊ីចឹងហើយ ទើបលោកប្រកាន់ជំហរមិនទទួលថតជាតួកំប៉ិកកំប៉ុកដូចមុននោះទេ ដោយអះអាងថា ធ្លាប់បានតំណែងតួឯកក្នុងរឿង”ឋានសួគ៍វណ្ណៈ”ម្ដងទៅហើយ បើមិនបានតួឯកទៀត ក៍គួរតែបានជាតួឆ្អឹងរឿងនោះដែរ។ លោកថាមិនមែនរើសអើងមិនថតជាតួកំប៉ុកកំប៉ុកនោះទេ តែបើអោយថតត្រឹមតួប្លង់ឬ ២ប្លង់ហើយអស់ប្លង់ថតដដែល សុខចិត្តមិនទទួលល្អជាង។ ម្យ៉ាងមកពីលោកកាក់កប និងមមាញឹកនឹងជំនួញលក់ឡាននោះផង ទើបលោកប្រកាសថា បើការសម្ដែងដែលទាក់ទងមកមិនអោយតម្លៃដល់ខ្លួន គឺសុខចិត្តទំនេរគួកជេរឡានល្អជាង។ លោកចំប៉ារ័ត្ន បន្ថែមថា នៅក្នុងភាពយន្តលោកបានសម្ដែងច្រើនរឿងមកហើយ ដូចជារឿង”ឈាមស្នេហ៍ក្បត់បេះដូង” រឿង”ឋានសួគ៍វណ្ណៈ” រឿង”គំនុំស្នេហ៍ភ្លើងអាឃាត” រឿង”លោហិតរនាំងស្នេហ៍” រឿង”ភរិយាឈ្លើយស្នេហ៍” រឿង”បន្តោងខ្សែកពេជ្រ” និងរឿងស្នេហ៍បញ្ច្រាសទិសជាដើម ខណៈដែលការងារបង្ហាញម៉ូដក៍មានទីផ្សារមិនអន់នាពេលចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here